ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការកំពូលអាម៉េរិកជំរុញឱ្យរកផ្លូវបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈការវាយប្រហារអាចបង្កផលវិបាក​

3 អាទិត្យ មុន

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានអគ្គសេនាធិការចម្រុះកងទ័ពអាម៉េរិក ឧត្តមសេនីយ៍ Dan Caineត្រូវបានរាយការណ៍ថា បានប្រាប់ជាសម្ងាត់ទៅកាន់ទីប្រឹក្សាជាន់ខ្ពស់មួយចំនួនរបស់ប្រធានាធិបតី Donald Trump​ ថា សហរដ្ឋអាម៉េរិកគួររកវិធីបន្ធូរបន្ថយ និងឈានទៅរកការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ និង ស៊ី អិន អិន។

បើតាម CNN ដោយដកស្រង់ប្រភពដែលដឹងពីបញ្ហានេះ លោក Caine ព្រួយបារម្ភថា ការបង្កើនប្រតិបត្តិការយោធាអាចវិលត្រឡប់មកបង្កផលវិបាកដល់សហរដ្ឋអាម៉េរិក ហើយការប្រើតែការវាយប្រហារតាមអាកាស អាចមិនគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅរបស់លោក Trump។

លោក Trump កន្លងមកបានបង្ហាញការមិនចង់បញ្ជូនកងទ័ពជើងគោកចូលអ៊ីរ៉ង់ និងសង្ឃឹមថា ការវាយប្រហារតាមអាកាសនឹងអាចជំរុញឱ្យទីក្រុងតេអេរ៉ង់យល់ព្រមចរចាតាមលក្ខខណ្ឌរបស់អាម៉េរិក។ ប៉ុន្តែប្រភពមួយចំនួនក្នុងរដ្ឋបាលអាម៉េរិកយល់ថា លទ្ធផលបែបនេះមិនងាយកើតឡើងទេ។

ស្របពេលជាមួយគ្នា ទិន្នន័យរបស់មន្ទីរបញ្ចកោណបង្ហាញថា ទាហានអាម៉េរិក ១៨នាក់បានស្លាប់ និង ៦៨៧នាក់រងរបួស ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។

ការស្ទង់មតិមួយចំនួនក៏បង្ហាញពីការកើនឡើងនៃការមិនពេញចិត្តរបស់ប្រជាជនអាម៉េរិកចំពោះសង្គ្រាមនេះ។ ការស្ទង់មតិ Washington Post​ មួយបង្ហាញថា ៦៨% នៃប្រជាជនអាម៉េរិកយល់ថា សង្គ្រាមនេះមិនសមនឹងការបន្តប្រយុទ្ធ ខណៈការស្ទង់មតិ Reuters​ បង្ហាញថា មានតែប្រហែល ​១ក្នុងចំណោម ៣នាក់​ ប៉ុណ្ណោះដែលគាំទ្រសង្គ្រាម៕