ទីក្រុងម៉ូស្គូ៖ អ៊ុយក្រែនបានបញ្ជូនដ្រូនរយៈចម្ងាយឆ្ងាយជាច្រើនគ្រឿងទៅវាយប្រហារឃ្លាំងស្តុកទុកទំនិញមួយកន្លែងសម្រាប់ផ្គត់ផ្គង់ផ្សារទំនើបដ៏ធំបំផតុរបស់រុស្ស៊ីនៅជួរភ្នំអ៊ូរ៉ាល់ដែលមានចម្ងាយរហូតដល់ជាង២ពាន់គីឡូម៉ែត្រពីព្រំដែនប្រទេសទាំង២។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីថ្នាក់មូលដ្ឋាន និងក្រុមហ៊ុនលក់ទំនិញ។ នៅឆ្នាំនេះ អ៊ុយក្រែនបន្តវាយប្រហារពីចម្ងាយជាញឹកញាប់ទៅលើទីតាំងនានានៅជួរភ្នំអ៊ូរ៉ាល់ ហើយជួនកាលវាយប្រហាររោងចក្រចម្រាញ់ប្រេងឆៅនៅតំបន់ស៊ីបេរីខាងលិចដែលមានចម្ងាយជិត២៥០០គីឡូម៉ែត្រពីព្រំដែន។

ការវាយប្រហារទាំងនេះជាឧទាហរណ៍ជាក់ស្ដែងដែលបង្ហាញថាអ៊ុយក្រែនមានសមត្ថភាពប្រើប្រាស់ដ្រូនជាអាវុធដ៏មានប្រសិទ្ធភាពរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងអំពើឈ្លានពានរបស់រុស្ស៊ីដែលមានកម្លាំងខ្លាំងក្លាជាងខ្លួនឆ្ងាយណាស់។ នៅពេលអ៊ុយក្រែនវាយប្រហាររុស្ស៊ី និងទទួលបានជោគជ័យជាបន្តបន្ទាប់បែបនេះធ្វើឱ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍។ ឥឡូវនេះអ៊ុយក្រែនបានចុះកិច្ចព្រមពៀងលើកិច្ចសហការផលិតដ្រូនរួមគ្នាជាមួយប្រទេសចំនួន៩។ ប្រទេសចំនួន១៥ក៏កំពុងចរចាគ្នាជាមួយអ៊ុយក្រែនផងដែរដើម្បីបង្កើតកិច្ចសហការ។ ឃ្លាំងទំនិញនៅទីក្រុងធំលំដាប់ទីបួនរបស់រុស្ស៊ីត្រូវឆេះនៅក្នុងភ្លើងយ៉ាងសន្ធោសន្ធៅ។

ប៉ុន្តែក្រុមហ៊ុនអះអាងថាទំនិញនៅក្នុងឃ្លាំងភាគច្រើនមិនបានខូចខាតទេ។ អភិបាលតំបន់កើតហេតុ លោកដេនីស ផាស់ស្លឺ (Denis Pasler) ប្រាប់ថាដ្រូនបីគ្រឿងវាយប្រហារចំដំបូលឃ្លាំងដាក់ទំនិញ។ លោកអាតយ៉ូម ហ្សូហ្កា (Artyom Zhoga) ជាអ្នកតំណាងវិមានក្រឹមឡាំងប្រចាំតំបន់កើតហេតុថ្លែងថាមនុស្ស៨០០នាក់ត្រូវបានជម្លៀសចេញពីឃ្លាំងទំនិញ ហើយមិនមាននរណាម្នាក់រងរបួស ឬស្លាប់ទេ។ លោកពូទីនបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រដើម្បីពង្រឹងការការពារហេដ្ឋារចនាសម្ព័ន្ធនានា។ លោកហ្សេឡិនស្គីកំពុងខិតខំអភិវឌ្ឍបច្ចេកវិទ្យាដើម្បីដើរឱ្យទាន់សភាពការណ៍ ជាពិសេសអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដើម្បីទប់ទល់នឹងគ្រាប់មីស៊ីលរបស់រុស្ស៊ី ខណៈដែលរុស្ស៊ីឆ្លៀតពេលអ៊ុយក្រែនកំពុងខ្វះខាតប្រព័ន្ធការពារដែនអាកាសក៏សម្រុកវាយប្រហារអ៊ុយក្រែនកាន់តែខ្លាំង។

លោកហ្សេឡិនស្គីថ្លែងថាអ៊ុយក្រែនកំពុងសហការជាមួយពួកអឺរ៉ុបដើម្បីអភិវឌ្ឍកម្មវិធីប្រឆាំងមីស៊ីលរបស់រុស្ស៊ី ។ ប្រទេសចំនួនដប់ប្រកាសចូលរួមនៅក្នុងកម្មវិធីនេះ។ អឺរ៉ុបកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីមហិច្ឆតារបស់រុស្ស៊ីដែលឈ្លានពានអ៊ុយក្រែនមិនទាន់អស់ចិត្តទេ ហើយចង់វាយប្រហារប្រទេសដទៃទៀតនៅអឺរ៉ុប។ លោកថ្លែងបន្តទៀតថាអ៊ុយក្រែនមានសមត្ថភាពផលិតមីស៊ីលប្រឆាំងមីស៊ីល និងជើងទម្ររបស់វា។ ចំណែកក្រុមប្រទេសជាដៃគូរបស់យើងផ្ដល់ធាតុផ្សំដែលចាំបាច់សម្រាប់ផលិតមីស៊ីលប្រភេទនេះ ឧទាហរណ៍ដូចជាប្រព័ន្ធរ៉ាដា ប្រព័ន្ធសឹនសឺ និងអ្វីៗគ្រប់យ៉ាង។ កម្មវិធីប្រឆាំងមីស៊ីលផ្លោងរបស់រុស្ស៊ីដែលមានទ្រង់ទ្រាយធំអាចបានជាប្រយោជន៍ធំណាស់សម្រាប់ប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប។ ទន្ទឹមនឹងនោះ អ៊ុយក្រែនបន្តផលិតគ្រាប់មីស៊ីលផ្លោងដើម្បីតទល់ជាមួយរុស្ស៊ី។ លោកហ្សេឡិនស្គីថ្លែងបន្តទៀតថាលទ្ធផលធ្វើតេស្តមីស៊ីលនេះបង្ហាញថាវាមានប្រសិទ្ធភាពខ្ពស់ណាស់។ យើងត្រូវតែបម្លែងវាឱ្យទៅជាអាវុធដ៏ពិតប្រាកដមួយ៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ