ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ ណែនាំ​៥​ចំណុច ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​បាក់​ឌុ​ប ​ទាំង៣៦​មណ្ឌល ទូ​ទាំងរាជធានីភ្នំពេញ

2 ខែ មុន

រាជធានី ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យ​ដឹងថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា ២០២៥-២០២៦ សម័យ​ប្រឡង​ ៖ ១០ សីហា ២០២៦ រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែសីហា ឆ្នាំ​២០២៦​។ ក្នុង​ន័យ​នេះ ដើម្បី​ចូលរួម​ចំណែក​ឱ្យ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​រាជធានី​ភ្នំពេញ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ជោគជ័យ ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និង​របៀបរៀបរយ​សាធារណៈ នៅ​ជុំវិញ​មណ្ឌល​ប្រឡង​ទាំង ៣៦​មណ្ឌល ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង និង​ណែនាំ​ដល់បងប្អូន​អាជីវករ ​ដែល​ប្រកប​អាជីវកម្ម និង​ទីតាំង​អាជីវកម្ម ស្ថិត​នៅ​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង (​ដូច​មាន​ក្នុង​ឯកសារ ឧ​ប​សម្ព័ន្ធ​ភ្ជាប់​មក​ជាមួយ​) ដូច​ខាងក្រោម​ ៖

១- ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​ទីតាំង​អាជីវកម្ម​ថតចម្លង​ឯកសារ អ៊ិ​ន​ធឺ​ណិ​ត និង​អាជីវកម្ម​លក់​សម្ភារៈ​សិក្សា គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃ​ទី​៩-១១ ខែសីហា ឆ្នាំ​២០២៦

២- ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​ទីតាំង​អាជីវកម្ម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន និង​ការដ្ឋាន​សំណង់​នានា ចាប់ពី ថ្ងៃ​ទី​៩-១១ ខែសីហា ឆ្នាំ​២០២៦

៣- ទីតាំង​អាជីវកម្ម​ផ្សេង​ទៀត រួម​ទាំង​ការដ្ឋាន​សំណង់ ដែល​ស្ថិត​នៅ​ជិត​បរិវេណ​មណ្ឌល​ប្រឡង ហាម​បង្ក​សំឡេង​រំខាន ឬ សកម្មភាព​នានា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​របស់​បេក្ខជន ចាប់ពី​ថ្ងៃ​ទី​៩-១១ ខែសីហា ឆ្នាំ​២០២៦

៤- សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ អគារ​ស្នាក់​នៅ​រួម ផ្ទះសំណាក់ ឬ ផ្ទះ​ជួល​បណ្តោះអាសន្ន ដែល​ស្ថិត​នៅ​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ចេញ​-​ចូល​ជា​ធម្មតា

៥- ដោយឡែក​សម្រាប់​ការ​ផ្ញើ​កង់​-​ម៉ូតូ​នៅ​តាម​មណ្ឌល​ប្រឡង ដែល​រៀបចំ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ មិន​ត្រូវ​បាន​បង់ប្រាក់​ឡើយ​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​បងប្អូន​អាជីវករ​ទាំងអស់​មេត្តា​ជ្រាប និង​យោគយល់​ដោយ​សេចក្តី អនុគ្រោះ​។ ក្រោយ​ផុត​រយៈពេល​នៃ​ការ​ប្រឡង បងប្អូន​អាជីវករ និង​ទីតាំង​អាជីវកម្ម​ទាំងអស់ អាច​បើក​ដំណើរការ​អាជីវកម្ម ជា​ធម្មតា​ឡើង​វិញ​។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បងប្អូន​អាជីវករ​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕