ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិតមិនអាចលុបបាន! សំឡេងនៃភស្តុតាងឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធរបស់ថៃ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថា ការ​ពិត​មិន​អាច​លុប​បំបាត់​បាន ដោយ​សេចក្តីថ្លែងការណ៍​បដិសេធ​ណាមួយ​ឡើយ ព្រោះ​ភស្តុ​តាង​ជាក់ស្តែង​នៃ​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​យោធា​ថៃ នៅ​លើ​ទឹកដី​កម្ពុជា នៅ​តែ​បន្ត​និយាយ​ដោយ​ខ្លួនឯង ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា រណ្តៅ​គ្រាប់បែក​ដែល​បន្សល់​ទុក ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​ដោយ​យន្តហោះ​ចម្បាំង F-16 និង Gripen, សំណល់​គ្រាប់បែក​ចង្កោម និង​គ្រាប់​យុទ្ធភណ្ឌ​ផ្សេង​ៗ, ស្លាកស្នាម​នៃ​ការ​ខូចខាត​លើ​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ រួម​ទាំង​ប្រាសាទ ព្រះ​វិហារ និង​ប្រាសាទ​តា​ក្របី​, ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​, ក៏​ដូច​ជា ការ​ស្លាប់ និង​របួស​របស់​ជន​ស៊ី​វិល គឺជា​សាក្សី​ស្ងៀមស្ងាត់ ដែល​មិន​អាច​កែប្រែ​ដោយ​វោហារសាស្ត្រ​ណាមួយ​បាន​ឡើយ ។

តាម​សំ​ណេ​រ​រដ្ឋមន្ត្រី​ក៏​លើក​ឡើង​ថា លើស​ពី​នេះ រូបភាព និង​ឯកសារ ដែល​កត់ត្រា​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ការ​ដាក់​តុង​តឺ​ន័​រ ការ​រាយ​លួស​បន្លា ការ​បិទផ្លូវ និង​ការ​បង្កើត​ស្ថានភាព fait accompli នៅ​តំបន់​ដែល​មាន​វិវាទ​បន្ត​បង្ហាញ​ពី​ផលវិបាក ដែល​នៅ​សេសសល់​ក្រោយ​ការ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ ។

ឯកឧត្តម​បញ្ជាក់​ថា​៖​គេ​អាច​បដិសេធ​រឿ​រ៉ាវ​ផ្សេង​ៗ ប៉ុន្តែ​រណ្តៅ​គ្រាប់បែក មិន​អាច​ត្រូវ​បាន​បដិសេធ​បាន​ឡើយ ។ ការ​ឃោសនា អាច​កែប្រែ​រឿងរ៉ាវ ប៉ុន្តែ​មិន​អាច​កែប្រែ​ស្លាកស្នាម​នៃ​ការ​បំផ្លិចបំផ្លាញ​បាន​ទេ ។ សេចក្តីថ្លែងការណ៍​អាច​បង្វែរ​ការ​យកចិត្តទុកដាក់ ប៉ុន្តែ​មិន​អាច​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​រស់​ឡើង​វិញ ឬ​ធ្វើ​ឱ្យ​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ត្រឡប់​មក​ដូច​ដើម​បាន​ឡើយ ។

រដ្ឋមន្ត្រី​បន្ថែម​ថា ភស្តុ​តាង​ទាំងនេះ ត្រូវ​តែ​ត្រូវ​បាន​រក្សា​ទុក កត់ត្រា ផ្ទៀងផ្ទាត់ និង​បង្ហាញ​ទៅ​កាន់​សហគមន៍​អន្តរជាតិ ដើម្បី​ឱ្យ​ការ​ពិត​ត្រូវ​បានការ​ពារ​ការ​ទទួលខុសត្រូវ ត្រូវ​បាន​ធានា និង​ដើម្បី​កុំឱ្យ​ការ​ប្រើ​កម្លាំង​បង្កើត​ការ​ពិត​ថ្មី​នៅ​លើ​ដី ក្លាយជា​មធ្យោបាយ​ជំនួស​ច្បាប់​អន្តរជាតិ ។ ឯកឧត្តម​គូសបញ្ជាក់​ថា​៖ ការ​ពិត​មិន​ត្រូវការ​សំឡេង​ខ្លាំង ដើម្បី​ឈ្នះ​ទេ ។ ភស្តុ​តាង​គ្រប់គ្រាន់ ពិភពលោក​នឹង​វិនិច្ឆ័យ ៕