រាជធានីភ្នំពេញ ៖ លោកឧកញ៉ា តុង ហុកសេង ដែលត្រូវជាឪពុករបស់នារី សាម ម៉ីជូ ដែលបង្កគ្រោះថ្នាក់ធ្វើឱ្យមន្ត្រីនៃក្រសួងសាធារណការ កាលពីពេលថ្មីៗនេះបានប្រគល់សំណងរដ្ឋប្បវេណីចំនួន៦០,០០០ ដុល្លារអាមេរិកដល់ប្រពន្ធជនរងគ្រោះ ។
ការសម្របសម្រួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីសាលាឃុំ និងមេធាវីផងដែរ ។ ការឯកភាពលើសំណងរដ្ឋប្បវេណី មិនប៉ះពាល់ដល់ដំណើរការនៃការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ។ ដូច្នេះ សំណុំរឿងព្រហ្មទណ្ឌនៅតែបន្តអនុវត្តតាមនីតិវិធីច្បាប់ជាធរមានដដែល ។

ជាក់ស្តេងលោក ឯម ច័ន្ទ មករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រកាសនាព្រឹកថ្ងៃទី៧ ខែសីហានេះថា ៖ ការព្រមព្រៀង ឬការទូទាត់សំណងរដ្ឋប្បវេណីជូនជនរងគ្រោះ គឺជាការរលត់ត្រឹមតែ បណ្ដឹងរដ្ឋប្បវេណីប៉ុណ្ណោះ។ ប៉ុន្តែ មិនធ្វើឱ្យរលត់បណ្ដឹងអាជ្ញា ឬរលត់ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឡើយ ។ ដូច្នេះ ដំណើរការក្តីផ្នែកព្រហ្មទណ្ឌ នៅតែបន្តអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន ។

ការសម្រេចទោស ការអនុវត្តទោស ឬការពិចារណាលើស្ថានសម្រាលទោសផ្សេងៗ គឺជា សមត្ថកិច្ចផ្តាច់មុខរបស់ស្ថាប័នតុលាការឯករាជ្យ ក្នុងការពិនិត្យ និងវិនិច្ឆ័យទៅតាមអង្គហេតុ អង្គច្បាប់ និងភស្តុតាងនៃសំណុំរឿងនីមួយៗ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការរាល់សំណុំរឿង ដើម្បីធានាថាគ្រប់នីតិវិធីទាំងអស់ត្រូវបានអនុវត្តទៅប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ។

សូមបញ្ជាក់ថា នេះគ្រាន់តែជាសំណងរដ្ឋប្បវេណីជូនក្រុមគ្រួសារជនរងគ្រោះតែប៉ុណ្ណោះ ។ ដោយឡែកឈ្មោះ សាម ម៉ីជូ ជនបង្កដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគាររាជធានី (PJ) នៅតែបន្តផ្ដន្ទាទោសតាមច្បាប់ដដែល ។
សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ស្ត្រីឈ្មោះ សាម ម៉ីជូ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លា.ប់ និងបទរត់គេចខ្លួន» កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅលើផ្លូវលេខ ១០០៣ ក្បែរផ្សារទំនើបអ៊ីអន សែនសុខ (អ៊ីអន២) ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនបង្កឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ បានបើកបររថយន្តស៊េរីទំនើបម៉ាក AVATR 11 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា V.C.8989 ក្នុងល្បឿនលឿន រួចជ្រុលទៅបុកម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង ។ បណ្តាលឱ្យអ្នកបើកបរម៉ូតូ ដែលជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដួលបោកស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយកើតហេតុ ជនបង្កបានបើករថយន្តរត់គេចខ្លួនបាត់ ៕



ចែករំលែកព័តមាននេះ