ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិទ្ធិមនុស្ស ឬជម្លោះទឹកដី? អ្នករាយការណ៍ពិសេស អ.ស.ប ឆ្លើយតបនឹងប្រតិកម្មរបស់ថៃ ជុំវិញរបាយការណ៍បេសកកម្មនៅកម្ពុជា

2 អាទិត្យ មុន

លើ​បណ្ដាញ​សង្គម​ផ្លូវការ​នៅ​ថ្ងៃនេះ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​សម្រាយ​ទាំងស្រុង​ជា​ភាសា​ខ្មែរ​នៃ​សេចក្តីថ្លែងការណ៍​ឆ្លើយ​តប​របស់​លោក ថូ​ម៉ាស់ អាន់​ឌ្រូ​ស​(Thomas Andrews) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​របស់រ​ដ្ឋា ភិ​បាល​ថៃ​លើ​របាយការណ៍​បេសកកម្ម​របស់​លោក​នា​ពេល​ថ្មី​ៗ​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា​នេះ​។

សេចក្តីថ្លែងការណ៍​របស់​លោក ថូ​ម៉ាស់ អាន់​ឌ្រូ​ស មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ ៖ ខ្ញុំ​មាន​សេចក្តី​រីករាយ​ចំពោះ​ចំណាប់អារម្មណ៍​លើ​សេចក្តីថ្លែងការណ៍ ដែល​ខ្ញុំ​បាន​ចេញផ្សាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ថ្មី​ៗ​របស់ខ្ញុំ​មក​កាន់​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។ ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​មតិយោបល់ លើ​សេចក្តីថ្លែងការណ៍​របស់ខ្ញុំ រួម​ទាំង​ពី​រដ្ឋាភិបាល​ថៃ​ផង​ដែរ ។

នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ផ្ញើ​សេចក្តី​ព្រាង​ជា​មុន​នូវ​ផ្នែក​មួយ​នៃ​សេចក្តីថ្លែងការណ៍​ទាក់ទង​នឹង​ជម្លោះព្រំដែន​ទៅ​រដ្ឋាភិបាល​ថៃ​ពីរ​ថ្ងៃមុន ពេល​វា​ត្រូវ​បាន​ចេញផ្សាយ រួម​ទាំង​ផ្នែក​ដែល​និយាយ​អំពី​ការ​ផ្លាស់​ទីលំនៅ​របស់​ប្រជាជន កម្ពុជា ។

ខណៈ​ពេល​ដែល​ខ្ញុំ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ចំពោះ​ការ​ទំនាក់ទំនង​នោះ​ខ្ញុំ​នៅ​តែ​បើកចំហ និង​ចង់​ពិភាក្សា​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​ថៃ ។ មន្ត្រី​ថៃ បាន​ជំទាស់​ជា​សាធារណៈ​ចំពោះ​ការ​លើក​ឡើង​របស់ខ្ញុំ ចំពោះ​ប្រជាជន​កម្ពុជា​ប្រមាណ ៦៥០.០០០​នាក់ ដែល​ត្រូវ​បាន​ផ្លាស់​ទី​លំ នៅ​ដោយសារ​ជម្លោះ រួម​ទាំង​ការ​បញ្ជាក់​ថា អ្នកខ្លះ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​បាន​រស់នៅ​លើ​ទឹកដី​ថៃ ។

ខណៈ​ពេល​ដែល​មានការ​កត់សម្គាល់​ពី​ទស្សនៈ​របស់​ប្រទេស​ថៃ តួលេខ​ដែល​ខ្ញុំ​បាន​លើក​ឡើង គឺ​បាន​ដកស្រង់​ចេញពី​របាយការណ៍​របស់​អង្គការសហប្រជាជាតិ ហើយ​ការ​លើក​ឡើង​របស់ខ្ញុំ​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ គឺ​ផ្អែក​លើ​ក្តី​បារម្ភ​អំពី​សិទ្ធិ​មនុស្ស ដោយ​មិន​គិត​ពី​ការ​ទាមទារ​ទឹកដី​ដែល​មាន​ជម្លោះ​នោះ​ឡើយ ។ នៅ​ខែ​ក្រោយ ខ្ញុំ​នឹង​បញ្ចប់​របាយការណ៍​របស់ខ្ញុំ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​ខ្ញុំ​នឹង ទាក់ទង​ទៅ​រដ្ឋាភិបាល​ថៃ​ម្តងទៀត នៅ​ពេល​ដែល​ខ្ញុំ​រៀបចំ​របាយការណ៍​នោះ ។

ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាច​ពិភាក្សា​ជាមួយ​មន្ត្រី​ថៃ ដើម្បី​ឱ្យ​ខ្ញុំ​ដឹង​ពី​ទស្សនៈ​របស់​ពួក​គេ មុន​ពេល​របាយការណ៍​របស់ខ្ញុំ​ត្រូវ​បាន​បោះពុម្ពផ្សាយ ។ ខ្ញុំ​សូម​គូសបញ្ជាក់​ថា ការ​ដោះស្រាយ​ជម្លោះព្រំដែន​ឱ្យ​បាន​ឆាប់រហ័ស និង​ដោយ​សន្តិវិធី គឺ​មាន​សារៈសំខាន់​ណាស់ ដែល​ការ​ធ្វើ​ដូច្នេះ​នឹង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​របស់​ខ្លួន​វិញ រស់នៅ​ក្នុង​បរិយាកាស​ប្រកបដោយ​ស្ថិរភាព និង​សុវត្ថិភាព ព្រមទាំង​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ឱកាស​សេដ្ឋកិច្ច ដែល​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​អាច​ផ្តល់​ជូន ៕