សង្គ្រាមអ៉ីរ៉ង់ ៖ អ៉ីរ៉ង់ដែលចរចាជាមួយអូម៉ង់អះអាងថា ច្រកសមុទ្រហ័រមូសនឹងបើកវិញ ទាល់តែសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពឈ្លានពាននិងគំរាមកំហែងរបស់ខ្លួន ។ អ៉ីរ៉ង់គូសបញ្ជាក់ នៅថ្ងៃទី៥ សីហា ថា ខ្លួនបានព្រមព្រៀងជាមួយអូម៉ង់ ស្ដីពីផ្លូវថ្មីនៃការឆ្លងកាត់ច្រកសមុទ្រហ័រមូសរបស់បណ្ដានាវា ដោយប្រទេសទាំង២ ស្ថិតនៅជាប់ច្រកសមុទ្រនោះ ដែលជាចំណុចស្នូលនៃភាពតានតឹងជាមួយសហរដ្ឋអាមេរិក ។

ទោះបីយ៉ាងណា អ៉ីរ៉ង់លើកឡើងថា ការបើកឡើងវិញនៃច្រកសមុទ្រនេះ ពឹងផ្អែកលើសកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន ដែលបានដាក់ការហ៊ុមព័ទ្ធបណ្ដាកំពង់ផែអ៉ីរ៉ង់ ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ក្នុងសារមួយតាមបណ្ដាញសង្កម TRUTH SOCIAL របស់លោក បានគំរាមថា ការហ៊ុមព័ទ្ធផ្លូវទឹកប្រឆាំងអ៉ីរ៉ង់នឹងលុបចោលតែក្នុងករណីមានកិច្ចព្រមព្រៀងមួយ ឬការសុំចុះចាញ់ទាំងស្រុងរបស់ប្រទេសនេះ ។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោកអេស្មាអ៊ីលបាក់ហៃគូសបញ្ជាក់ថា អ៉ីរ៉ង់ និងអូម៉ង់ គ្រោងចេញសេចក្ដីថ្លែងការណ៍រួមមួយខណៈគ្មានភាគីទី៣ធ្វើឲ្យស្ទះដល់ដំណើរការនេះ ។ អ្នកនាំពាក្យរូបនេះធ្លាប់ឲ្យដឹង កាលពីថ្ងៃទី៣ សីហា ថា អ៉ីរ៉ង់មិនចរចាជាមួយអាមេរិកឡើយនាពេលនេះ តែកំពុងចរចាជាមួយអូម៉ង់ ដើម្បីការពារសន្តិសុខការធ្វើនាវាចរណ៍កាត់ច្រកសមុទ្រហ័រមូស។ អ៉ីរ៉ង់ចូលចិត្តព្រមព្រៀងជាមួយអូម៉ង់ជាជាងជាមួយអាមេរិកលើការបើកឡើងវិញច្រកសមុទ្រហ័រមូស ៕

ចែករំលែកព័តមាននេះ