ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះព្រៃរាលដាលយ៉ាងសន្ធោសន្ធៅនៅរដ្ឋវ៉ាស៊ីនតោន៖ អាជ្ញាធរបើកការស៊ើបអង្កេតលើករណីលួចដុតដោយចេតនា

3 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​មួយ​កើត​មាននៅ​ភាគ​ពាយ័ព្យ​អា​មេ​រិ​ក ​នា​ថ្ងៃ​ទី​៤ ​សីហា​ នៅ​បន្ត​ឆេះ​នៅ​ទីក្រុង​ SPOKANE ដែល​នៅ​ទីនោះ ប្រជាជន​កំពុង​តែ​មាន​កំហឹង ដោយសារ​ផ្ទះ​ច្រើន​រយ​ខ្នង​ត្រូវ​ក្លាយជា​ផេះ​ ។ មនុស្ស​ម្នាក់​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​អ្នក​លួច​ដុត​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​ចេញពី​មុខព្រួញ​មួយ​ ។

បណ្ដា​សង្កាត់​នៃ​ទីក្រុង​នោះ​ទាំងមូល ត្រូវ​បំផ្លាញ​ដោយ​អណ្ដាតភ្លើង ដែល​ភ្លើង​ឆេះ​ព្រៃ​នោះ​កើត​មាន​ចាប់តាំងពី​ថ្ងៃ​ទី​១ ​សីហា​មក​នៅ​រដ្ឋ​វ៉ា​ស៊ីន​​តោន​ ។ មនុស្ស​ប្រមាណ​ជាង​៦៥.០០០​នាក់​ ត្រូវ​ជម្លៀស​ចេញ ប្រឈម​មុខ​នឹង​ភ្លើង​ឆេះ​រាល​ដាន​ដល់​៣​មុខ​ព្រួញ ក្នុង​ទីក្រុង​មាន​ប្រជាជន​ប្រមាណ​ជា​២៣០.០០០​នាក់​នោះ​ ។ អាជ្ញាធរ​សម្រាប់​ពេល​នេះ​ នៅ​មិន​ទាន់​អាច​កំណត់​ដឹង​ពី​ចំនួន​អ្នក​ស្លាប់​នៅឡើយ​ ។

ក្នុង​ចំណោម​ភ្លើង​ឆេះ​ទាំង​៣​មុខព្រួញ​នោះ មុខព្រួញ​មួយ​ត្រូវ​បាន​សង្ស័យ​មនុស្ស​ម្នាក់​ថា​ លួច​ដុត​ ។ ជន​នោះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣​ សីហា ដោយ​រូបគេ​មាន​ឈើគូស​មួយ​ប្រអប់​ និង​ដែកកេស​មួយ​។ ជន​នោះ​ ត្រូវ​បាន​សាក្សី​ម្នាក់​ប្រទះ​ឃើញ​នៅ​ជិត​កន្លែង​ភ្លើង​ចាប់​ឆេះ​ដំបូង​ ។ បុរស​នោះ​ជា​ជនជាតិ​អា​មេ​រិ​ក​មាន​អាយុ​៣៧​ឆ្នាំ ឈ្មោះ​AARON FARINACCI ជា​មនុស្ស​ធ្លាប់​ជាប់គុក​ជិត​១០​ឆ្នាំ​ពី​បទ​សម្លាប់​ឪពុក​គេ មុន​ពេល​ទទួល​បានការ​ដោះ​លែង​កាលពី​ឆ្នាំ​២០២០​។ រូបគេ​ពេល​នេះ ​ត្រូវ​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ដោយ​ចៅក្រម​ម្នាក់ ជាមួយ​ការ​បង់ប្រាក់​ធានា​១​លាន​ដុល្លារ​ ។

នៅ​ក្រុង​ SPOKANE អគារ​យ៉ាងតិច​៧០០ ត្រូវ​ភ្លើង​ឆេះ​បំ​ផ្លា្អ​ញ ដោយ​ប្រជាជន​មិន​អាច​វិល​មក​រស់នៅ​វិញ​បាន​។ នា​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​មាន​ខ្យល់​បោកបក់​ខ្លាំង សីតុណ្ហភាព​ក្ដៅហែង​ និង​ភាពរាំងស្ងួត​ខ្លាំង ក្នុង​រដ្ឋ​វ៉ា​ស៊ីន​​តោន​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៤​ឆ្នាំ​មក​ហើយ ពិតជា​អំណោយផល​ខ្លាំង​ដល់​ការ​ឆេះ​រាលដាល​យ៉ាង​លឿន​នៃ​ភ្លើង​ឆេះ​ព្រៃ​។ ភ្លើង​ឆេះ​ខ្លាំង​បំផុត​ដល់​អាច​រំលង​ស្ទឹង​មក​ឆេះ​រាលដាល​ពី​សង្កាត់​មួយ​ទៅ​សង្កាត់​មួយទៀត​ ។

គេ​បាន​ប្រៀបធៀប​សភាពការណ៍​នៃ​ភ្លើង​ឆេះ​នៅ​ក្រុង​ SPOKANE ​ទៅ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​អេ​ស្ប៉ា​ញ បារាំង​ឬ​នៅ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​កាលពី​ឆ្នាំទៅ​មិ​ញ​និង​នៅ​កោះ​ហា​វ៉ៃ​កាលពី​ឆ្នាំ​២០២៣ ​។ ភ្លើង​ឆេះ​នៅ​មុខព្រួញ​មួយ​ក្នុង​ចំណោម​មុខព្រួញ​ទាំង​៣​នោះ មក​ទាល់​ពេល​នេះ​នៅ​មិន​ទាន់​គ្រប់គ្រង​បាន​នៅឡើយ​ ៕