យោងតាមអាជ្ញាធរមូលដ្ឋានថា ភ្លើងឆេះព្រៃនៅភាគខាងត្បូងប្រទេសបារាំង បានបង្ហាញឲ្យឃើញឃ្លាំងស្តុកគ្រាប់ផ្លោង និងគ្រាប់រំសេវបុរាណចំនួន៤០០គ្រាប់នៅក្នុងភូមិ Le Porge ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC News ។

មេបញ្ជាការពន្លត់អគ្គិភ័យក្នុងតំបន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការផ្ទុះក្នុងអំឡុងពេលមានអគ្គិភ័យ ដែលដំបូងឡើយគេគិតថា ជាការផ្ទុះធុងហ្គាស អាចជាគ្រឿងផ្ទុះសង្គ្រាមលោកលើកទីពីរ ដែលត្រូវបានបំផ្ទុះដោយកំដៅ ។
លោកអភិបាលក្រុង Martial Zaninetti បានប្រាប់សារព័ត៌មានបារាំង France Info ថា ការផ្ទុះជាង១០០ដងត្រូវបានឮនៅយប់ទីពីរនៃអគ្គិភ័យ ដោយប្រៀបធៀបវាទៅនឹង «សំឡេងសង្គ្រាម» ។
ប្រតិបត្តិការដោះមីនឥឡូវនេះ បានធ្វើឲ្យប្រជាពលរដ្ឋភាគច្រើន បានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ប៉ុន្តែអភិបាលក្រុងបាននិយាយថា តំបន់មួយចំនួននៅតែត្រូវបានហាមឃាត់ ។ ផ្ទះជាង180ខ្នងនៅក្នុងតំបន់នោះ ត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃ ។

លោក Zaninetti បានប្រាប់ France Info ថា «មានឃ្លាំងគ្រាប់រំសេវត្រូវបានកប់នៅក្នុងដីក្នុងក្រុងរបស់យើង ប៉ុន្តែយើងមិនបានដឹងទេ ហើយវាបានផ្ទុះ ។ គាត់បានពិពណ៌នាអំពីពួកគេថា ទៅ«ស្តាំ ទៅឆ្វេង» ហើយថាមាន «សូម្បីតែម្នាក់ដែលឆ្លងកាត់ផ្ទះមួយ» ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Instagram កាលពីថ្ងៃចន្ទ អភិបាលក្រុងបានសរសេរថា ការចូលទៅកាន់មហាសមុទ្រ កន្លែងបោះតង់ និងភូមិ La Jenny នៅតែត្រូវបានហាមឃាត់ ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា អាវុធប្រវត្តិសាស្ត្រទាំងនោះ គឺជារបស់អាល្លឺម៉ង់ និងបារាំង រួមទាំងគ្រាប់កាំភ្លើងត្បាល់ និងគ្រាប់កាំភ្លើងប្រឆាំងរថក្រោះ។
ការរកឃើញរបស់ពួកគេ កើតឡើងបន្ទាប់ពីភ្លើងឆេះព្រៃបានបំផ្លិចបំផ្លាញតំបន់ Gironde ដែលឥឡូវនេះ ត្រូវបានគ្រប់គ្រងបន្ទាប់ពីឆេះអស់រយៈពេលប្រហែល10 ថ្ងៃ។

ចែករំលែកព័តមាននេះ