ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនត្រៀមខ្លួនសម្របតាមវិធីសាស្ត្រសង្គ្រាមសម័យថ្មី តាមរយៈការជំរុញផលិតកម្មដ្រូន និងបញ្ញាសិប្បនិម្មិត (AI)

3 អាទិត្យ មុន

ប្រទេស​ជប៉ុន ៖ រដ្ឋាភិបាល​ជប៉ុន​ថ្លែង​ កាលពី​ថ្ងៃ​ទី​៤ ​សីហា​ ថា ជប៉ុន​ត្រូវ​តែ​សម្រប​ខ្លួន​ចំពោះ​វិធីសាស្ត្រ​​សង្គ្រាម​ថ្មី ដូច​ជា​ការ​ប្រើ​ដ្រូ​ន ​និង​បញ្ញា​សិប្បនិម្មិត​AI ​នៅ​អ៊ុយ​ក្រែ​ន ​និង​នៅ​ម​ជ្ឈឹ​ម​បូព៌ា រួច​ពង្រឹង​ឧស្សាហកម្ម​ការពារ​របស់​ខ្លួន ​។

ជប៉ុន​បាន​ពង្រឹងសមត្ថភាព​យោធា​ និង​បង្កើន​ការ​ចំណាយ​ក្នុង​កិច្ច​ការពារ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ចាប់ផ្ដើម​ដាក់​ពង្រាយ​បណ្ដា​មី​ស៊ី​ល​បណ្ដែត​រយៈ​ឆ្ងាយ ដើម្បី​ទប់ទល់​ចិន​ដែល​បន្ត​ពង្រីក​សមត្ថភាព​យោធា​របស់​ខ្លួន​។ សៀវភៅ​​​ស្ដី​ពី​កិច្ច​ការពារ​មាន​៥៩៨​ទំព័រ ទើបត្រូវ​បាន​អនុម័ត​នា​ថ្ងៃ​ទី​៤ ​សីហា ដោយ​គណៈរដ្ឋមន្ត្រី​ជប៉ុន​អះអាង​ជា​ថ្មី​ថា ចិន​គឺជា​ការ​ប្រឈម​ខាង​យុទ្ធសាស្ត្រ​សំខាន់​របស់​ជប៉ុន​ ។ ជប៉ុន​មានការ​ការ​ព្រួយបារម្ភ​ចំពោះ​វត្តមាន និង​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​នៃ​នាវាចម្បាំង​ចិន​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​។

សៀវភៅ​ស​ចែង​ទៀត​ថា​ ដោយ​ចាប់អារម្មណ៍​ចំពោះ​ការ​ប្រើប្រាស់​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​ប្រឆាំង​រុ​ស្ស៊ី​ជប៉ុន​យល់​ថា ចាំបាច់​ត្រូវ​សម្រប​ខ្លួន​ចំពោះ​រូបភាព​ថ្មី​ៗ​នៃ​សង្គ្រាម​។ ខណៈ​ប្រទេស​ជា​ច្រើន​កំពុង​ប្រណាំងប្រជែង​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ដ្រូ​ន​ប្រយុទ្ធ រដ្ឋាភិ​បាល​ជប៉ុន​ផ្ដល់​អា​ទិ​ភាព​ដល់​ការ​ផលិត​បណ្ដា​ដ្រូ​ន​របស់​ខ្លួន​ផ្ទាល់ សំដៅ​ការពារ​ឆ្នេរសមុទ្រ​ដោយ​រួម​បញ្ចូល​គ្នា​ជាមួយ​មី​ស៊ី​ល​រយៈ​ឆ្ងាយ​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​ជប៉ុន​លោក​ស៊ី​ន​ហ្ស៊ី​រ៉ូ​កូ​អ៊ី​ហ្សូ​មី​ធ្លាប់​គូសបញ្ជាក់​កាលពីដើម​ខែកក្កដា​ ថា ការ​ផលិត​ដ្រូ​ន​ឲ្យ​បាន​រហ័ស ​គឺ​ចាំបាច់​ ។ ទីភ្នាក់ងារ​បច្ចេកវិទ្យា​យោធា​ និង​ភស្ដុ​ភារ​ជប៉ុន នា​ពេល​ថ្មី​ៗ​នេះ​ បាន​ជ្រើសរើស​ក្រុមហ៊ុន​ផលិត​ដ្រូ​ន​៤ ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ដ្រូ​ន​៣៨ សម្រាប់​ជា​ដៃគូ​ក្នុង​កម្មវិធី​អភិវឌ្ឍ​យ៉ាង​លឿន​បណ្ដា​ដ្រូ​ន​ ។ ក្រុមហ៊ុន​ទាំងនោះ​នឹង​ឈាន​ដល់​ដំណាក់កាល​សាកល្បង​ដំបូង​ដោយ​កង​ម៉ា​រី​ន​ជប៉ុន​នា​ដើមខែ​សីហា ដើម្បី​ធ្វើការ​សម្រាំង​ចុង​ក្រោយ​។

សហគ្រាស​ជប៉ុន​ជា​ច្រើន​ បច្ចុប្បន្ន​កំពុង​ផលិត​ដ្រូ​ន​ប្រហាក់ប្រហែល​គ្នា​នោះ​ ។ ក្រុមហ៊ុន​TOSHIBA ប្រកាស​កាលពី​ថ្ងៃ​ទី​៣១​កក្កដា​ ពី​បំណង​របស់​ខ្លួន ផលិត​រួម​គ្នា​ដ្រូ​ន​ប្រយុទ្ធ​ជាមួយ​ក្រុមហ៊ុន​PRO DRONE​ ។ អាវុធ​គ្មាន​មនុស្ស​បើក​អាច​ជួយ​ជប៉ុន​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​កងទ័ព ក្នុង​ប្រទេស​មួយ​ដែល​មាន​បញ្ហា​ប្រជាសាស្ត្រ​ ។ ទោះបី​យ៉ាងណា​ បណ្ដា​អ្នកជំនាញ​ការ​យល់​ថា ការ​ផលិត​​ដ្រូ​ន​ដោយ​ជប៉ុន​ខ្លួនឯង​ផ្ទាល់ ពេល​ដែល​ទីផ្សារ​ដ្រូ​ន​ពាណិជ្ជកម្ម​ជប៉ុន​ពឹង​លើ​ការ​នាំ​ចូល​ពី​ចិន គឺជា​ការ​ប្រឈម​ដោយ​ពិតប្រាកដ​មួយ​ ៕