ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមានប្រាក់រៀលចាស់ ទក់ រហែក និងខូចខាត កុំភ័យព្រោះធនាគារជាតិបន្តប្តូរជូនដោយឥតគិតថ្លៃ

2 ខែ មុន

ធនាគារជាតិនៃកម្ពុជា បានបន្តផ្តល់សេវាប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ឬខូចខាត យកក្រដាសប្រាក់រៀលថ្មីជូនសាធារណជនដោយមិនគិតថ្លៃ ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តទូទាំងប្រទេស រៀងរាល់ម៉ោងធ្វើការ និងតាមរយៈយុទ្ធនាការប្តូរក្រដាសប្រាក់រៀលនៅតាមទីកន្លែងផ្សេងៗ ។

ក្រៅពីការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងការខូចខាតក្រដាសប្រាក់រៀលដោយសារកត្តាហានិភ័យផ្សេងៗដូចជា ភ្លើងឆេះ កណ្តៀរកោរ និងកណ្តុរកាត់ជាដើម ។

ជាក់ស្តែងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ សាខាធនាគារជាតិនៃកម្ពុជា ខេត្តតាកែវ បានធ្វើការប្តូរក្រដាសប្រាក់រៀលដែលរងការខូចខាតដោយសារកណ្តៀរកោរ និងកណ្តុរកាត់ ជូនប្រជាពលរដ្ឋម្នាក់រស់នៅភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយប្តូរជូនជាក្រដាសប្រាក់រៀលថ្មី និងមិនគិតកម្រៃសេវាអ្វីឡើយ ។

ការប្តូរនេះ ត្រូវបានអនុវត្តដោយអនុលោមតាមលក្ខខណ្ឌរបស់ធនាគារជាតិនៃកម្ពុជា ពោល គឺក្រដាសប្រាក់រៀលត្រូវតែជាក្រដាសប្រាក់ពិតប្រាកដ មិនមែនជាប្រាក់ក្លែងក្លាយ និងត្រូវរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់បានលើសពី៧០ភាគរយ ។

សកម្មភាពនេះ មិនត្រឹមតែជួយសម្រាលការខាតបង់របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកបង្កើនទំនុកចិត្តរបស់សាធារណជនលើប្រាក់រៀល និងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក ឬរងការខូចខាត សូមយកទៅប្តូរនៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តទូទាំងប្រទេស ក្នុងម៉ោងធ្វើការ ដោយមិនគិតកម្រៃសេវា ៕