ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​ម៉ា​ឡេ​ស៊ី​ស្ទុះ​ឡើង​ខ្លាំង នាំមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ជាមួយ​វត្តមាន​ភ្ញៀវ​អន្តរជាតិ​ជាង​២០​លាន​នាក់

2 ខែ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ ម៉ា​ឡេ​ស៊ី​បាន​រក្សា​តំណែង​របស់​ខ្លួន​ជា​ប្រទេស​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ទទួល​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ចំនួន ២១,១២ លាន​នាក់ នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៦ ដែល​កើនឡើង ២,៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៦​។

យោង​តាម​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បានឱ្យ​ដឹង​ថា ចំនួន​សរុប​ចាប់ពី​ខែមករា ដល់​ខែ មិថុនា ឆ្នាំ​២០២៦ ក៏​មាន​កម្រិត​ខ្ពស់​ជាង ១៧,៧% ផង​ដែរ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៩ ពោល​គឺ​នៅ​មុន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ការ​ស្តារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​របស់​ម៉ា​ឡេ​ស៊ី នៅ​តែ​បន្ត​ដំណើរការ​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ​។

តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក The Star បានឱ្យ​ដឹង​ថា កំណើន​នេះ ត្រូវ​បាន​ជំរុញ​ដោយ​យុទ្ធនាការ «​ទស្សនា​ម៉ា​ឡេ​ស៊ី ឆ្នាំ​២០២៦» (Visit Malaysia 2026) គួប​ផ្សំ​នឹង​កា​រត​ភ្ជាប់​ក្នុង​តំបន់​កាន់តែ​រឹង​មាំ គំនិត​ផ្តួចផ្តើម​ទេសចរណ៍​ក្នុងស្រុក ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ និង​ការ​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​យ៉ាង​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស​។ កំណើន​នេះ ភាគច្រើន​ជំរុញ​ដោយ​តម្រូវការ​កើន​ឡើ​ខ្លាំង​ពី​ទីផ្សារ​អាស៊ាន ដែល​ស្មើនឹង ៧២,៨% នៃ​ចំនួន​ភ្ញៀវ​មក​ដល់​សរុប​។ ប្រទេស​សិង្ហ​បុរី​នៅ​តែ​ជាទី​ផ្សារ​ប្រភព​ធំ​ជាងគេ ដោយ​បាន​កើនឡើង ៤,៤% ខណៈ​ពេល​ដែល​ភ្ញៀវ​ពី​ទីផ្សារ​ដែល​កំពុង​លេចធ្លោ​បាន​ហក់​ឡើង​ខ្លាំង រួម​មាន កម្ពុជា ៥២.៣% ឡាវ ២៥.៤% និង​មី​យ៉ា​ន់​ម៉ា (៤៥,៩%)​។

តំបន់​អាស៊ី​បូព៌ា (​អាស៊ី​ខាងកើត​) បាន​កត់ត្រា​ការ​ងើបឡើង​វិញ ១២,៧% ចំណែក​អាស៊ី​កណ្តាល​កើនឡើង ២៣,៣% ហើយ​អូ​សេ​អា​នី ៧,៤% និង​ទ្វីបអាមេរិក ៤,៩% ខណៈ​ដែល​ដ្បិត​ទីផ្សារ​ប្រភព​ទេសចរណ៍​ជា​ប្រពៃណី រួម​មាន​សិង្ហ​បុរី ឥណ្ឌូ​ណេ​ស៊ី និង​ចិន នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​រួមចំណែក​ធំ​បំផុត​។

នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ ២០២៦ ប្រទេស​ថៃ បាន​កត់ត្រា​ភ្ញៀវ​អន្តរជាតិ​ចំនួន ១៦,៧ លាន​នាក់ ចន្លោះ​ពី​ខែមករា​ដល់​ខែមិថុនា ដែល​ជា​ការ​ធ្លាក់​ចុះ ៣,០៩% ធៀប​នឹង​រយៈពេល​ដូច គ្នា​កាលពី​ឆ្នាំ​មុន​។ ប្រទេស​វៀតណាម​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន ១២,៣ លាន​នាក់ កើនឡើង ១៤,៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ បន្ទាប់​មក​គឺ​ប្រទេស​សិង្ហ​បុរី​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ចំនួន ៨,១២ លាន​នាក់ ធ្លាក់​ចុះ ១,៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ដោយសារ​តែ​ការ​ថមថយ​ពី​ទីផ្សារ​សំខាន់​ៗ ដូច​ជា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ឥណ្ឌា​៕