ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ក្ងោក​​ជាង​២ពាន់​​ដើម ត្រូវ​បាន​ស្ថាប័ន​រដ្ឋ និង​វិស័យ​ឯកជន​រួម​គ្នា​ដាំ​តាម​ដងផ្លូវ​បេតុង «​ភ្នំ​ពេជ្រ​» ក្នុងភូមិ​សាស្ត្រ​សង្កាត់​ជ្រាវ​

2 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​បះ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ ២០២៦ លោក លី សារី អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចូលរួម​ដាំ​កូន​ឈើ​ក្ងោក​ចំនួន ២ ៥០០ ដើម តាម​បណ្ដោយ​ដងផ្លូវ​បេតុង “​ភ្នំ​ពេជ្រ​” ស្ថិត​ក្នុងភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​រៀបចំ និង​ឧបត្ថម្ភ​ពី​ភោជនីយដ្ឋាន​ឡា​ហ្គូ និង មានការ​សហការ​ចូលរួម​ដាំ​ពី​ភោ​ជ នី​យ​ដ្ឋា​នតា​វ៉ឺ​ន សៀមរាប និង​ភោជនីយដ្ឋាន ឈូក មាស ដោយ​មានការ​អញ្ជើញ​ចូលរួម​តំណាង​មន្ទីរ​បរិស្ថាន អាជ្ញាធរ​សង្កាត់​ជ្រាវ រួម​និង​ប្រជា​ការពារ​។

លោក អភិបាលរង​ខេត្ត បាន​លើក​ឡើង​អំពី​តួនាទី និង​អត្ថប្រយោជន៍​នៃ​ដើមឈើ​សម្រាប់​មូលដ្ឋាន វិស័យ​ទេសចរណ៍ និង​ជា​ពិសេស ដើមឈើ​ជួយ​គាំពារ​ផ្នែក​បរិស្ថាន​ដូច​ជា​ការ​ការពារ​ទី​ជម្រាល ទប់ស្កាត់​ការ​ហូរ​ច្រោះ​ដី ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​គុណភាព​ដី កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ​និង​កត្តា​ផ្សេង​ៗ​បន្ថែម​ទៀត​។ ទន្ទឹម​នឹង​នេះ លោក ក៏​បាន​បញ្ជាក់​ថា ការ​ដាំ​កូន​ក្ងោក​នា​ពេល​នេះ ទៅ​ថ្ងៃ​ខាង​មុខ​វា​នឹង​លូតលាស់ និង​មាន​ផ្កា​ទៅ​តាម​រដូវ​កាល ដែល​ធ្វើ​ឱ្យ​ទីក្រុង​ប្រវត្តិ សាស្ត្រ​មួយ​នេះ មាន​សម្រស់​គ្រប់​រដូវ​កាល​។

ក្នុង​ឱកាស​នេះ លោក អភិបាលរង ក៏​សូម​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តា​ក្រុមហ៊ុន​ទាំងអស់ ដែល​នៅ​អម​សងខាង​ផ្លូវ​សូម​ចូលរួម​ថែទាំ ស្រោច​ទឹក ដាក់​ជី ចំពោះ​ដើមឈើ​ដែល​មាននៅ​មុខ​គេហដ្ឋាន ឬ​ក្រុម ហ៊ុន របស់​ខ្លួន ដើម្បី​ឱ្យ​ដើមឈើ​ទាំងនោះ​លូតលាស់​បាន​ល្អ ដើម្បី​បង្កើន​សោភ័ណ​ភាព កាត់​បន្ថយ​ការ​កើនឡើង​កម្ដៅ​ក្នុង​ទីក្រុង ព្រម ទាំង​ធ្វើ​ក្រុង​ប្រែ​ក្លាយជា​ក្រុង​បៃតង​។ បន្ថែម​ពី​នេះ លោក បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ មន្ត្រីរាជការ និង​សិស្ស​និស្សិត ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ចូលរួម​ដាំ​ដើមឈើ​ឱ្យ​បាន​ច្រើន​នៅ​តាម​វត្ត​អារាម ដងផ្លូវ​សាធារណៈ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ខ្លួន ឯង ក៏​ដូច​ជា​មនុស្សជាតិ​ទាំងមូល ស្រប​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ ៕