ឃាត់ខ្លួនជនសង្ស័យម្នាក់ លួច COMPRESSOR ម៉ាស៊ីនត្រជាក់និងប្រើកាំបិតប៉័ងតោកា.ប់មកលើសន្តិសុខ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌទួលគោកសហការជាមួយនគរបាលប៉ុស្តិ៍ទឹកល្អទី១ ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនិងលួច COMPRESSOR ម៉ាស៊ីនត្រជាក់ហើយសន្តិសុខទាន់ប្រើកាំបិតប៉័ងតោកាប់មកលើសន្តិសុខតែសំណាងល្អពុំបណ្តាល ឲ្យរងរបួស។
ជនសង្ស័យរូបនោះឈ្មោះ ភាព ភ័ក្រ ហៅ ត្រឡាច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០១និង១០នាទីយប់រំលងអាធ្រាត កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់
នៅចំណុច ផ្លូវរថភ្លើង ភូមិ២២ ក្រុម១០៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សាដោយ ប្រើកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះលួចយកខ្សែរភ្លើង និងCOMPRESSOR ម៉ាសុីនត្រជាក់ នៅចំណុច ផ្ទះលេខ៩២ ផ្លូវលេខ១១០ ក្រុម៥៤ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមនគរបាលបានឲ្យដឹងទៀតថា នៅមុនពេលចាប់ខ្លួននៅវេលា០និង១៥នាទីចូលថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៦ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនិងលួច COMPRESSOR ម៉ាសុីនត្រជាក់បានសម្រេច ខណៈនោះសន្តិសុខបានប្រទះឃើញត្រូវបានជនសង្ស័យប្រើកាំបិតប៉័ងតោកាប់មកលើសន្តិសុខតែសំណាងល្អពុំបណ្ដាឲ្យរងរបួស។បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់។លុះប្រមាណជិត១ ម៉ោងក្រោយមកត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានសហការជាមួយនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ ធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនជនសង្ស័យ។បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដករហូតវត្ថុតាងចាប់យករួមមានៈខ្សែរភ្លើងមួយចំនួន និងCOMPRESSOR ម៉ាសុីនត្រជាក់ចំនួន០២ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយក និងកន្ត្រៃយ៍ចំនួន០១របស់ជនសង្ស័យធ្វើសកម្មភាព។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕




ចែករំលែកព័តមាននេះ