ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងជួសជុលច្រាំងកសិន្ធុជ្រុង​ខាងជើង​ប្រាសាទអង្គរវត្ត សម្រេចបានសរុបជាង ១៨០ម៉ែត្រ គិតមកដល់ឆ្នាំ២០២៦ នេះ

1 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ច្រាំង​ក​សិន្ធុ​ជ្រុង​ខាងជើង​ប្រាសាទអង្គរវត្ត​ចំនួន​២០​ម៉ែត្រ​កំពុង​ទទួល​បានការ​ជួសជុល និង​ពង្រឹង​រចនាសម្ព័ន្ធ​ឡើង​វិញ ស្រប​ទៅ​តាម​គោលការណ៍​បច្ចេកទេស​ត្រឹមត្រូវ​ពី​ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

លោកស្រី ន​ង បូ​រ៉ា​វី បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើក​ឡើង​ថា នេះ​ជា​ដំណាក់កាល​ទី​៩​ហើយ នៃ​គម្រោង​ជួសជុល​ច្រាំង​ក​សិន្ធុ​ជ្រុង​ខាងជើង​ប្រាសាទអង្គរវត្ត ខណៈ​ដែល​គម្រោង​នេះ​បាន​ចាប់ផ្តើម ពី​ឆ្នាំ​២០១៣​មក​។ ជា​ប្រចាំឆ្នាំ អាជ្ញាធរ​ជាតិ​អប្សរា​តាម​រយៈ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា បាន​លើក​គម្រោង​ជួសជុល​ជា​ដំណាក់កាល​ៗ ដែល​ក្នុង​មួយ​ដំណាក់កាល​មាន​ប្រវែង​២០​ម៉ែត្រ ក្នុង​បំណង​ដើម្បី​លើក​តម្លៃ និង​សោភ័ណ​ភាព​ច្រាំង​ក​សិន្ធុ​នេះ​ឡើង​វិញ​។ មក​ដល់​ឆ្នាំ​២០២៦​នេះ គម្រោង​ជួសជុល​សរុប​មាន​ចំនួន ១៨៣​ម៉ែត្រ​ហើយ​។

សម្រាប់​គម្រោង​ជួសជុល​ដំណាក់កាល​ទី​៩​នេះ បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៦ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ លោកស្រី ន​ង បូ​រ៉ា​វី បាន​ពន្យល់​ថា ស្ថានភាព​ការ​ខូចខាត​នៅ​ច្រាំង​ក​សិន្ធុ​នេះ​បណ្តាល​មក​ពី​អាយុកាល ប្រទេស​មាន​សង្គ្រាម​នាំ​ឱ្យ​ខ្វះ​ការ​ថែទាំ​បណ្តាល​ឱ្យ​គ្រឹះ​ខាងក្រោម​ខូចខាត ធ្វើ​ឱ្យ​ថ្ម​នៅ​ប៉ែក​ខាងលើ​រលុះ​ស្រុត​បាត់បង់​រចនាសម្ព័ន្ធ​ដើម​។

កត្តា​រុក្ខជាតិ និង​ដើមឈើ​ធំ​ៗ​ដុះ​តាម​បណ្តោយ​ច្រាំង​ពី​ដើម ក៏​ជា​កត្តា​បង្ក​ហានិភ័យ​រុញ និង​ញែក​ថ្ម​ឱ្យ​ខូច​ទម្រង់​ដើម​ផង​ដែរ​។ ចំពោះ​ការងារ​ជួសជុល​នេះ ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រើ​ថ្ម ជួសជុល​ថ្ម ធ្វើ​ទំនប់ បុក​បង្ហាប់ដី និង​រៀបចំ​ថ្ម​ទៅ​តាម​ទម្រង់​ដើម​វិញ​។

ច្រាំង​ក​សិន្ធុ​នេះ​មាន​កាំ​ថ្មបាយក្រៀម​ខាងក្រោម​៧​កាំ និង​ថ្មភក់​ចំនួន ៣​កាំ​។ លោកស្រី ន​ង បូ​រ៉ា​វី មាន​សុទិដ្ឋិនិយម​ថា ក្រោយ​ពេល​ជួសជុល​រួចរាល់​នឹង​ជួយ​លើក​តម្លៃ​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​ឱ្យ​កាន់តែ​ស្រស់​ស្អាត និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​អង្គុយ​ទស្សនា ផ្តិត​រូបភាព​កាន់តែ​ច្រើន​បន្ថែម​ទៀត​៕