ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាមញញឹម​ថ្មី​! កង់ ៧​គ្រឿង និង​សម្ភារៈ​សិក្សា ត្រូវបានផ្តល់​ជូន​ដល់​ផ្ទះ​កុមារ​ក្រីក្រ​ នៅ​ឃុំ​គូលែន​ត្បូង ដើម្បី​បន្ត​ក្ដី​ស្រមៃ​

2 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ ម្សិលមិញ​នេះ រូបភាព​ដ៏​កក់ក្តៅ​មួយ​បាន​កើតឡើង​នៅក្នុង​ឃុំ​គូលែន​ត្បូង ស្រុក​គូលែន តាម​រយៈ​សកម្មភាព​ចុះ​សួរសុខទុក្ខ និង​ផ្តល់​ជំនួយ​ផ្ទាល់​ៗ​ដល់​ផ្ទះ​របស់​កុមារ​ៗ​ដែល​កំពុង​ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា ដោយសារ​តែ​ជីវភាព​ខ្វះខាត​។

ដើម្បី​កុំឱ្យ​ភាព​ក្រីក្រ​មក​បង្អាក់​ក្ដី​ស្រមៃ​ចង់​រៀនសូត្រ​របស់​កុមារ​នៅ​ក្នុង​មូលដ្ឋាន លោកស្រី ហែម សុ​គុណ​ពិសី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ និង​លោក ស៊ុន កុសល មេឃុំ​គូលែន​ត្បូង បាន​ចាប់ដៃ​គ្នា​ដឹកនាំ​ក្រុមការងារ​ពាំនាំ​យក​កង់ និង​សម្ភារៈ​សិក្សា​ទៅ​ប្រគល់​ជូន​ដល់​ដៃ​ប្អូន​ៗ​ផ្ទាល់​នៅ​តាម​ផ្ទះ​។

អំណោយ​ទាំង​អស់នេះ មិន​ត្រឹមតែ​ជា​កង់​សម្រាប់​ជិះ​ទៅ​រៀន ឬ​ជា​សម្ភារៈ​ប្រើប្រាស់​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា «​កម្លាំងចិត្ត​ដ៏​ធំធេង​» ជួយ​សម្រាល​បន្ទុក​ដ៏​ធ្ងន់​របស់​ឪពុក​ម្តាយ​អាណាព្យាបាល និង​ជួយ​ឱ្យ​កុមារ​ៗ​មាន​ស្មារតី​រឹងប៉ឹង បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត​ដោយ​រលូន និង​មាន​ក្តី​សង្ឃឹម​។

នៅ​ក្នុង​ទឹកចិត្ត​សប្បុរសធម៌​រួម​គ្នា​នេះ រួម​មាន លោកស្រី​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ឧបត្ថម្ភ​កង់ ១​គ្រឿង និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​។ លោក​មេឃុំ​គូលែន​ត្បូង ឧបត្ថម្ភ​កង់​ចំនួន ៦​គ្រឿង​។ លោក សំ លាង​ទ្រី ប្រធានមន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ចូលរួម​ឧបត្ថម្ភ​កា​តាប​ចំនួន ៧ ព្រមទាំង​សម្ភារៈ​សិក្សា និង​របស់​ប្រើប្រាស់​ចាំបាច់​។

លោក ប៉ែន ជឹ​ង អភិបាលស្រុក​គូលែន ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​ម៉ឺន​រៀល​បន្ថែម​ទៀត​ផង​ដែរ។​សរុប​មក កង់​ចំនួន ៧​គ្រឿង រួម​ជាមួយ​សម្លៀក​បំពាក់ និង​សម្ភារៈ​សិក្សា​ជា​ច្រើន ត្រូវ​បាន​បែងចែក​ទៅ​ដល់​ដៃ​កុមារ​ដែល​ត្រូវការ​បំផុត​។ កាយវិការ​ដ៏​មាន​ន័យ​នេះ បាន​បង្កើត​ជា​ស្នាមញញឹម និង​ក្តី​សង្ឃឹម​ជា​ថ្មី​សម្រាប់​ក្រុម​គ្រួសារ​ខ្វះខាត ក្នុង​ការ​រុញច្រាន​កូន​ៗ​ឱ្យ​ទទួល​បានការ​អប់រំ​ដូច​ក្មេង​ដទៃ​ទៀត​នៅ​ក្នុង​សហគមន៍​៕