ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ប្រាប់​ឱ្យ​ក្រុម​ហ៊ូទី​ត្រៀម​បិទ​សមុទ្រ​ក្រ​ហម​បើ​អា​មេរិក​ហ៊ាន​វា​.យ​ប្រ.ហារ​រោង​ចក្រ​អគ្គិសនី​របស់​ខ្លួន

1 ថ្ងៃ មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ ​បញ្ហា​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់​រាល​ដាល​កាន់​តែ​ខ្លាំង​។ បន្ទាប់​ពី​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ត្រូ​វ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ស្ថា​ពរ​​ ឥឡូវ​នេះ ដល់​វេន​សមុទ្រ​ក្រហម​វិញ​ម្ដង​។ ថ្ងៃ​នេះ អ៊ីរ៉ង់​​ស្នើ​សុំ​​ឱ្យ​ក្រុម​ឧទ្ទាម​ហ៊ូទី​នៅ​ប្រទេស​យេម៉េន​ត្រៀម​ខ្លួន​បិទ​សមុទ្រ​ក្រហម​ថែម​ទៀត​។ ប្រសិន​បើ​ដូច្នេះ​មែន ការ​ផ្គត់​ផ្គង់​ថាម​ពល​ និង​ទំនិញ​ទូទាំង​សាកល​លោក​ប្រាកដ​ជា​ជួប​វិបត្តិ​ធំ​ជា​មិន​ខាន​។ គម្រោង​បិទ​ច្រក​សមុទ្រ​នេះ​ត្រូវ​បាន​​ពិភាក្សា​គ្នា​យ៉ាង​ផុល​ផុស​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​​អ៊ីរ៉ង់​ ហើយ​បាន​បញ្ជូន​ដំណឹង​នេះ​ទៅ​ក្រុម​ហ៊ូ​ទី​រួច​ហើយ​។ ប្រសិន​បើ​អាមេរិក​ហ៊ាន​តែ​វាយ​ប្រហារ​រោង​ចក្រ​អគ្គិស​នី​អ៊ីរ៉ង់​ពេល​ណា​ ​ក្រុម​ហ៊ូទី​ត្រូវ​បិទ​សមុទ្រ​ក្រហម​​ពេល​នោះ​​។ នេះ​បើ​យោង​តាម​ប្រភព​បី​នាក់​ដែល​បង្ហើប​រឿង​​នេះ​ប្រាប់​​​អ្នក​សារ​ព័ត៌​មាន​។

ប្រភព​ពី​រដ្ឋាភិបាល​អ៊ីរ៉ង់​ដដែល​បង្ហើប​ឱ្យ​ដឹង​ថា​ក្រុម​ហ៊ូទី​បាន​ទទួល​ដំណឹង​នេះ​រួច​ហើយ​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ព្រមាន​ម្ដង​ជា​ពីរ​ដង​ថា​នឹង​វាយ​កម្ទេច​ទី​តាំង​ផលិត​អគ្គិសនី​របស់​អ៊ីរ៉ង់​ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ចូល​តុ​ចរ​ចា​នៅ​សប្ដាហ៍​ក្រោយ​។ ​​ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រុម​ហ៊ូទី​បង្ហើប​ឱ្យ​ដឹង​ថា​ក្រុម​នេះ​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​រួច​ហើយ​ដើម្បី​វាយ​ប្រហារ​កប៉ាល់​ដឹក​ទំនិញ​ដែល​បើក​កាត់​​​សមុទ្រ​ក្រហម​។ ពួក​គេ​ដាក់​ពង្រាយ​គ្រាប់​មីស៊ីល និង​ដ្រូន​នៅ​ក្បែរ​ច្រក​បាប​ អែល​ម៉ាន់​ដេប (Bab el-Mandeb) ដែល​ជា​ច្រក​ទ្វារ​ឆ្ពោះ​ទៅ​រក​សមុទ្រ​ក្រហម​ ហើយ​​ស្ថិត​នៅ​តំបន់​ខ្ពង់​រាប​ទល់​មុខ​ទី​ក្រុង​ហូដេដា​ និង​ឈូង​សមុទ្រ​អេ​ដេន​ (Aden)។ ពួក​គេ​កំពុង​រង់​ចាំ​បញ្ជា​ដើម្បី​ចេញ​ប្រតិ​បត្តិ​ការ​។

ប្រសិន​បើ​មាន​អ្វី​មិន​ស្រួល​កើត​ឡើង​នៅ​សមុទ្រ​ក្រហម​ និង​ច្រក​ទ្វារ​បាប​ អែល​ម៉ាន់​ដេប​ វា​រឹត​តែ​បន្ថែម​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​។ ការ​ដឹក​ជញ្ជូន​ថាម​ពល​ (ប្រេង​ឆៅ និង​ហ្គាស) នឹង​មាន​បញ្ហា​ធំ​​។ ដោយ​សារ​ច្រក​ហ័រ​ម៉ូស​បិទ​ជិត​ឈឹង​ទៅ​ហើយ​ ហើយ​ប្រសិន​បើ​ក្រុម​ហ៊ូទី​វាយ​ប្រហារ​កប៉ាល់​ដឹក​ប្រេង​ ឬ​វាយ​ប្រ​ហារ​កំពង់​ផែ​នានា​នៅ​សមុទ្រ​ក្រហម​ ពេល​នោះ​ច្រក​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ប្រេង​ធំ​ៗ​ទាំង​២​​​នឹង​ត្រូវ​រង​ការ​រំខាន​នៅ​ក្នុង​ពេល​ដំណាល​គ្នា​។ ហេតុ​នេះ វា​ជា​ការ​បើក​សមរ​ភូមិ​ថ្មី​ទាំង​សមរភូមិ​ថាមល​ និង​សមរភូមិ​ប្រដាប់​អាវុធ​រវាង​អ៊ីរ៉ង់ និង​អាមេរិក​។ ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រុម​ហ៊ូទី​ប្រាប់​​ថា​ក្រុម​អ្នក​តំណាង​របស់​ឆ្មាំ​បដិ​វត្ត​ឥស្លាម​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​យេ​ម៉េន​​ជា​អ្នក​សម្រេច​ថា​ក្រុម​ហ៊ូទី​ត្រូវ​បិទ​ច្រក​បាប​ អែល​ម៉ាន់​ដេប​នៅ​ពេល​ណា​។

​ស្ថាន​ការណ៍​នៅ​​​មជ្ឈិម​បូព៌ា​ចាប់​ផ្ដើម​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​នៅ​ពេល​ក្រុម​ហ៊ូទី​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​ដាក់​ប្រទេស​អារ៉ាប៊ី​សា​អូឌីត​បន្ទាប់​ពី​ពួក​គេ​ចោទ​ប្រកាន់​ថា​អារ៉ាប៊ី​សា​អូឌីត​បាន​វាយ​ប្រហារ​​​ព្រលាន​យន្ត​ហោះ​មួយ​កន្លែង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ហ៊ូទី​កាល​ពី​ថ្ងៃ​ចន្ទ​។ ដូច្នេះ​បទ​ឈប់​បាញ់​រវាង​ភាគី​ទាំង​២​រយៈ​ពេល​បួន​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ឈាន​ដល់​ទីបញ្ចប់​ហើយ​។ អ្នក​វិភាគ​យល់​ថា​ជម្លោះ​រវាង​ហ៊ូទី និង​អារ៉ាប៊ី​សា​អូឌីត​កើត​ឡើង​នៅ​ក្នុង​កាលៈ​ទេសៈ​អាក្រក់​។ ប្រសិន​បើ​ការ​ប្រយុទ្ធ​គ្នា​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​ ហើយ​​រាល​ដាល​ទៅដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ស្តុក​ទុក​ទំនិញ​ដឹក​ជញ្ជូន​កាត់​សមុទ្រ​ក្រហម​ ឬ​ក៏រាល​ដល់​ទៅ​ដល់​ការ​ដឹក​ជញ្ជូន​ ពេល​នោះ ច្រក​ផ្លូវ​ដែល​នៅ​សេស​សល់​តែ​មួយ​គត់​សម្រាប់​ការ​ដឹក​ជញ្ជូន​​ (នៅ​ពេល​អត់​ពី​ច្រក​ហ័រម៉ូស​ទៅ​) នឹង​រង​ការ​គំរាម​កំហែង​​យ៉ាង​ខ្លាំង​។

ប្រភព​២​នាក់​​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​អារ៉ាប៊ី​សាអូឌីត​ប្រាប់​ថា​ប្រទេស​នេះ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​គំរាម​កំហែង​ពី​សំណាក់​អ៊ីរ៉ង់​ និង​ក្រុម​ហ៊ូទី​។ អារ៉ាប៊ី​សាអូឌីត​ដឹង​ច្បាស់​ថា​ក្រុម​ហ៊ូទី និង​អ៊ីរ៉ង់​កំពុង​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​នៅ​សមុទ្រ​ក្រហម​ដើម្បី​ធ្វើ​សកម្ម​ភាព​អ្វី​ម៉្យាង​។​ គេ​សង្កេត​ឃើញ​ថា​​ប្រេង​ឆៅ​ដែល​ធ្លាប់​ដឹក​កាត់​ច្រក​ហ័រ​ម៉ូស​ភាគ​ច្រើន​ត្រូវ​បង្វែរ​ទិស​ដៅ​ទៅ​បញ្ជូន​កាត់​​​សមុទ្រ​ក្រហម​វិញ​ម្ដង​នៅ​ពេល​ហ័រ​ម៉ូស​មាន​បញ្ហា​។ ប្រេង​​​ភាគ​ច្រើន​បង្ហូរ​កាត់​តាម​បំពង់​បង្ហូរ​ប្រេង​របស់​អារ៉ាប៊ី​សា​អូឌីត​។ សមុទ្រ​ក្រហម​សព្វ​ថ្ងៃ​នេះ​ដឹក​ជញ្ជូន​ថាម​ពល​៧%​ទៅ​កាន់​ទី​ផ្សារ​ពិភព​លោក​​៕ ប្រភព៖ Reuters​