រាជធានីភ្នំពេញ ៖ តំណាងកម្ពុជា នៅអង្កសហប្រជាជាតិ ដែលជាប្រទេសមួយធ្លាប់ឆ្លងកាត់សោកនាដកម្ម នៃសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ កម្ពុជាបានប្រើប្រាស់បទពិសោធន៍ដ៏ជូរចត់នេះ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់ នៃច្បាប់ អន្តរជាតិ ក្នុងជំនួបជាមួយបេក្ខភាពចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ។
យោងតាមបណ្តាញសង្គមរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយ ឯកឧត្តម Erastus Ekitela Lokaale ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍កេនយ៉ាប្រចាំ អ.ស.ប. និងលោកស្រី Njoki Ndungu បេក្ខភាពចៅក្រម ICC សម្រាប់អាណត្តិឆ្នាំ ២០២៧-២០៣៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា កម្ពុជាយល់ច្បាស់ជាងអ្នកណាៗទាំងអស់អំពីតម្លៃ នៃសន្តិភាព ។
ឯកឧត្តម បានបញ្ជាក់ថា ដោយសារជាប្រទេសតូច កម្ពុជាតែងប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវនីតិរដ្ឋ និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈយន្តការអន្តរជាតិនានា រួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជាដើម ។
ជាការឆ្លើយតប ឯកឧត្តម Erastus Ekitela Lokaale បានឯកភាពទាំងស្រុង ដោយសង្កត់ធ្ងន់ថា មានតែប្រទេសដែលធ្លាប់ឆ្លងកាត់ស្ថានភាពលំបាកដូចគ្នាប៉ុណ្ណោះ ទើបអាចយល់ស៊ីជម្រៅពីផលប៉ះពាល់ និងទុក្ខវេទនាដែលបង្កឡើងដោយជម្លោះ ។
នៅក្នុងជំនួបភាគីទាំងពីរ បានសន្និដ្ឋានរួមគ្នាថា ប្រព័ន្ធពហុភាគី និងច្បាប់ អន្តរជាតិ គឺជា «ខែលការពារ» ដ៏សំខាន់បំផុតសម្រាប់ដោះស្រាយជម្លោះ និងការពារផលប្រយោជន៍របស់ប្រទេសដែលមានទំហំតូចនៅលើឆាកអន្តរជាតិ។ ជំនួបនេះមិនត្រឹមតែបង្ហាញពីការគាំទ្រដល់ដំណើរការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកពីសារៈសំខាន់នៃការគោរពច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់ពិភពលោកប្រកប ដោយសមធម៌ ៕


ចែករំលែកព័តមាននេះ