រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ បានធ្វើដំណើរទៅលោតទឹកពីលើស្ពានជ្រោយចង្វារ តែនាងហាក់ដូចជាពុំដាច់ចិត្ត ដោយតោងបង្កាន់ដៃស្ពាន យំសោក ហើយត្រូវបានស្ត្រីអ្នកដំណើរម្នាក់ ឃាត់ និងលួងលោមកុំឲ្យគិតខ្លី ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅលើស្ពានជ្រោយចង្វារក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ នារីមានវិបត្តិរូបនោះ គេពុំស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណជាង២០ឆ្នាំ។
តាមស្ត្រីម្នាក់ បានឲ្យដឹងថា នៅមុនគេកើតហេតុនាងបានធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារ ក៏ប្រទះឃើញនារីមានវិបត្តិរូបនោះបានតោងបង្កាន់ដៃស្ពាន ទម្លាក់ជើងទៅខាងក្រៅ ប្រុងលោត ហើយនាងក៏បានឃាត់។ លុះក្រោយមក ក៏មានអ្នកដំណើររួមទាំងអ្នកសារព័ត៌មាន ក៏បាននាំគ្នាជួយឃាត់នាំនាងទៅគល់ស្ពានជ្រោយចង្វារ ផ្នែកខាងកើត ។
តាមនារី មានវិបត្តិ រូបនោះ បានយំរៀបរាប់ឲ្យដឹងថា មូលហេតុ ដែលនាងប៉ុនប៉ងលោតទឹក ដោយសារតែសង្សារបែកចិត្ត។ នាងបានស្រលាញ់នារីម្នាក់ (ស្រលាញ់ភេទដូចគ្នា) ជាពលករនៅប្រទេសកូរ៉េ ហើយនៅពេលថ្មីនេះ នារីជាសង្សារបានយល់ច្រឡំ បានប្លុកនាងចោល។ នាងយំរៀបរាប់ថា អត់មានអីទៀតទេ អស់ហើយ ។
ទោះបីជាយ៉ាងណា គេពុំដឹងថា នារីមានវិបត្តិរូបនោះ បានលង់ខ្លួនអស់អ្វីខ្លះជាមួយនឹងសង្សារជានារីនោះទេ បានជាគិតខ្លីមកលោតទឹកបែបនេះ។ បន្ទាប់ពីឃាត់ខ្លួន និងនាំនាងទៅគល់ស្ពានជ្រោយចង្វារផ្នែកខាងកើត។ លុះក្រោយមក នារីរូបនោះ ក៏បានធ្វើដំណើរទៅផ្ទះវិញ បាត់ទៅ ៕






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ