ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ស្ទាក់​ចាប់​បាន​ឈើ​ប្រភេទ​លេខ​១ ចំនួន​២​គោ​យន្ត​កន្ត្រៃ ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់

1 ថ្ងៃ មុន

ខេត្តកំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក ម៉ុ​ក ណា​រិ​ន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ បាន​ដឹកនាំ​សហការី​ទៅ​ពិនិត្យ និង​ប្រគល់​-​ទទួល​ឈើ​ប្រភេទ​លេខ​១ (​គគីរ​) ដែល​កងកម្លាំង នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ស្ទាក់​ចាប់​បាន នៅ​តំបន់​អូរ​ជាំ​ស្វាយ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​បណ្ដាញសម្ងាត់ បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៦ មាន​ក្រុម​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ពី​តំបន់​ព្រំប្រទល់ ខេត្តកំពង់ធំ និង​ខេត្តក្រចេះ មក​កាន់​ភូមិ​ជាំ​ស្វាយ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ដើម្បី​ដឹក​ជញ្ជូន​បន្ត​ធ្វើ​អាជីវកម្ម​នៅ​ទីក្រុង​ភ្នំពេញ​។ នៅ​វេលា​ម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺ កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​ទទួល​បាន​បទបញ្ជា​រួច​ជា​ស្រេច បាន​ស្ទាក់​ចាប់​បាន​គោ​យន្ត​កន្ត្រៃ ដឹកឈើ​ប្រភេទ​លេខ​១ ចំនួន ២​គ្រឿង តែ​ត្រូវ​បាន​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់ ។

នៅ​ក្នុង​ឱកាស​នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជា​ឱ្យ​កងកម្លាំង​ប្រគល់​ឈើ និង​គោ​យន្ត​កន្ត្រៃ ដែល​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ជូន​លោក ម៉ុ​ក ណា​រិ​ន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ជាមួយ​នេះ​ផង​ដែរ លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​សំណូមពរ​ដល់​ស្ថាប័ន​ជំនាញ និង​កងកម្លាំង​ពាក់ព័ន្ធ ត្រូវ​សហការ​ស្រាវជ្រាវ វែក​រកមុខ​សញ្ញា​ជន​ដែល​បាន​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>