ខេត្តសៀមរាប ៖ ប្រាសាទក្រវ៉ាន់ គឺជាត្បូងពេជ្រដ៏មានតម្លៃមួយ នៃសិល្បៈខ្មែរនាសតវត្សរ៍ទី១០ ។ ប្រាសាទនេះ មានទីតាំងស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។ នេះបើយោងតាមផេកអាជ្ញាធរជាតិអប្សរាបានប្រកាសនាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ ។

ផ្អែកតាមសិលាចារឹកលេខ K-269 ប្រាសាទនេះ ត្រូវបានកសាងឡើង នៅក្នុងឆ្នាំ៩២១ នៃគ.ស ក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ (គ.ស ៩១០-៩២៣) ដោយមន្ត្រីជាន់ខ្ពស់មួយក្រុមដឹកនាំដោយស្តែងអញស្រីវីរេន្ទ្រាធិបតីវម៌្ម, ស្តែងអញមហីធរវម៌្ម និងស្តែងអញជ័យវីរវម៌្ម ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា ក្រោមព្រះនាមជាទីគោរពថា «ស្រីត្រីភូវនេស្វាមិ» និង«ស្រីត្រៃលោក្យនាថ»។

ក្រៅពីប្រវត្តិសាស្ត្រដ៏យូរលង់ ប្រាសាទក្រវ៉ាន់ លេចធ្លោដាច់គេដោយសារតម្លៃពិសេសៗចំនួន ៣យ៉ាង ៖ ទី១ គឺតម្លៃស្ថាបត្យកម្មឥដ្ឋនៃក្តីទាំង៥ លើខឿនជួរតែមួយ ដែលខុសប្លែកពីប្រាសាទភ្នំ ឬប្រាសាទដែលមានការរៀបចំជាទម្រង់ប្រាំទិស (បែបផ្កាឈូក) ប្រាសាទក្រវ៉ាន់បង្ហាញពីដួងព្រលឹងស្ថាបត្យកម្មដ៏ប្លែកភ្នែក ។ ទី២ គឺស្ថាបត្យកម្មនៃការរៀបជួរក្តីលើបន្តាត់តែមួយ ដែលក្តីឥដ្ឋទាំង៥ ត្រូវបានសាងសង់តម្រៀបគ្នាជាជួរត្រង់ បែរមុខទៅទិសខាងកើត ។ ទី៣ គឺក្តីតាំង ៥ឈរលើខឿនតែមួយ ដែលសាងខ្ពស់ធ្វើពីថ្មបាយក្រៀម ដែលជានិមិត្តរូបនៃភាពឯកភាព និងតុល្យភាពយ៉ាងល្អឥតខ្ចោះ ។ ក្តីកណ្តាលមានទំហំធំជាងគេ រីឯក្តីអមសងខាងមានទំហំតូចទៅៗតាមលំដាប់លំដោយ ។

ទន្ទឹមនឹងនេះ ចម្លាក់ក្រទ្បោតទាបល្អឯកលើជញ្ជាំងឥដ្ឋខាងក្នុងក្តី ដែលជាទូទៅស្ថាបត្យករខ្មែរបុរាណច្រើនឆ្លាក់ចម្លាក់របៀបនេះនៅលើថ្មភក់ ។ ប៉ុន្តែនៅប្រាសាទក្រវ៉ាន់ ភាពអស្ចារ្យបានស្តែងឡើងតាមរយៈការដាប់ឆ្លាក់ដោយផ្ទាល់ នៅលើផ្ទៃឥដ្ឋនៅខាងក្នុងតួក្តី ដែលនេះជាបច្ចេកទេសដ៏កម្រ និងធ្វើឡើងដោយភាពផ្ចិតផ្ចង់បំផុត ។
នៅក្នុងក្តីកណ្តាល មានចម្លាក់ធំៗចំនួន៣ផ្ទាំង រៀបរាប់ពីមហិទ្ធិឫទ្ធិរបស់ព្រះវិស្ណុ រួមមាន ៖ ព្រះវិស្ណុមានដៃ៤ (ទ្រង់ស័ង្ខ ថាស កង ចក្រ និងដំបង) ព្រះវិស្ណុឈានជើងកាត់ភពទាំងបី (ត្រីវិក្រម) និងព្រះវិស្ណុគង់លើគ្រុឌ ។ នៅក្នុងក្តីខាងជើង មានចម្លាក់ដ៏វិសេសវិសាលរបស់ព្រះនាងលក្ស្មី (មហេសីព្រះវិស្ណុ) ដែលបង្ហាញពីភាពទន់ភ្លន់ ល្វតល្វន់ ប៉ុន្តែពោរពេញដោយអំណាចចេស្តា ។

លើសពីនេះទៅទៀត ប្រាសាទក្រវ៉ាន់មានអាថ៌កំបាំង នៃគំនូរពណ៌បុរាណលើឥដ្ឋ ដែលមានអាយុកាលជាង១០០០ពាន់ឆ្នាំ ។ នោះ គឺជាអ្វីដែលជាដានប្រវត្តិសាស្ត្រដ៏រំភើប និងកម្ររកបាននៃភស្តុតាងនៃគំនូរពណ៌បុរាណ ។ នៅលើផ្ទៃចម្លាក់ឥដ្ឋទាំងនោះ អ្នកស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃជ័រឈើ និងល័ក្ខពណ៌ (ដូចជាពណ៌ក្រហម) ដែលបុព្វបុរសបានលាបលម្អពីលើចម្លាក់ឥដ្ឋ ។ នេះបញ្ជាក់ថា កាលពីដើមឡើយ ផ្ទៃខាងក្នុងនៃតួក្តីមិនមែនមានត្រឹមតែពណ៌ដីដុតនៃឥដ្ឋនោះទេ ប៉ុន្តែបានតុបតែងដោយពណ៌ស្រស់ឆើតឆាយ បង្កើតបានជាផ្ទាំងទស្សនីយភាពសិល្បៈដ៏រស់រវើក គួរឱ្យស្ងើចសរសើរខ្លាំងណាស់ ។

ប្រាសាទក្រវ៉ាន់ មិនគ្រាន់តែជាកន្លែងសក្ការបូជាធម្មតានោះទេ ប៉ុន្តែវាជាវិចិត្រសាលសិល្បៈដ៏មហិមាដែលបង្ហាញពីកំពូលជើងកាត់នៃបច្ចេកវិទ្យាដុត និងឆ្លាក់ឥដ្ឋរបស់ខ្មែរ ដែលគ្មានពីរនៅក្នុងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍ ។ ប្រាសាទក្រវ៉ាន់ ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរក៏ត្រូវបានអភិរក្សដោយអាជ្ញាធរជាតិអប្សរា បន្ទាប់ពីអង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ៕









ចែករំលែកព័តមាននេះ