ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ ៦៤​ទីតាំង រក​ឃើញ​បទល្មើស​អន​ឡាញ​ស្គេ​ម ២​ករណី និងចែកចាយរូបភាព​អាសអាភាស ១​ករណី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ​សមត្ថកិច្ច​ចម្រុះ ​បាន​រក​ទីតាំងឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ចំនួន០២​ករណី ​និង
បាន​រក​ឃើញ​បទល្មើស​ន​រក្សា​ទុក​ទិន្នន័យ​វេ​ប​សាយ​សម្រាប់​ចែកចាយ​រូបភាព និង​វី​ដេ​អូ​អាសអាភាស​ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​ចំនួន ១​ករណី នៅ​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​ឆែកឆេរទីតាំង​អគារ​ខុន​ដូ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។

តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានអោយ​ដឹង​ថា ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​អគារ​ខុន​ដូ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន ក្នុង​គោលដៅ​ប្រតិបត្តិការ​បោសសម្អាត​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) និង​ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ០៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​ការ​គ្រប់គ្រង​សន្ដិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ បាន​ចំនួន​៦៤​ទីតាំង​ ។

ជា​លទ្ធផល​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ៣០៦​នាក់ (​ស្រី ៩០​នាក់​) មាន​លិខិត ឆ្លង​ដែន​ត្រឹមត្រូវ​។ ក្នុង​ចំណោម ៦៤​ទីតាំង​នេះ ក្នុង​នោះ​ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​មាន​ទីតាំង​ករណី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ០២​ករណី រួម​មាន ​៖ ១. នៅ​ខុន​ដូរ​ភ្នំពេញ​កាឡាក់ស៊ី​ហ្គា​ដេ​ន អគារ​B បន្ទប់​លេខ​១៦០៤ ក្នុង ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ២​នាក់ (​ប្រុស​) ព្រមទាំង​ដកហូត​សម្ភារៈ​មួយ​ចំនួន​។ និង២. នៅ​អាគារ​ខុន​ដូរ​ដដែល ក្នុង​បន្ទប់​លេខ​២៤០២ គ្មាន​មនុស្ស​សា្ន​ក់​នៅ និង​ដកហូត​សម្ភារៈ​មួយ​ចំនួន​។

តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ត្រួតពិនិត្យ​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្រោម​រូបភាព​ឆបោក​ក្លែង​កិច្ចសន្យា ឬ​ឆបោក​ប្រាក់​កម្ចី និង​បទល្មើស​រក្សា​ទុក​ឧបករណ៍​បម្រើ​ឱ្យ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS)​។
ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ​ខណ្ឌចំការមន​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង LH Residence ស្ថិត​នៅ​អគារ​លេខ​១៣ ផ្លូវ​លេខ​៩ ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ក្នុង​អគារ​A បន្ទប់​លេខ​៦០៥ ជាន់​ទី​៦ និង​អគារ​B បន្ទប់​លេខ​៨០១ ជាន់​ទី​៨ មិន​មាន​មនុស្ស​ស្នាក់​នៅ ឃើញ​សម្ភារ​អេ​ឡិច​ត្រូ​និ​ច ALL IN ONE ចំនួន ១៦​គ្រឿង បាន​រក​ឃើញ​បទល្មើស​ចំនួន ១​ករណី ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​ទុក​ទិន្នន័យ​វេ​ប​សាយ​សម្រាប់​ចែកចាយ​រូបភាព និង​វី​ដេ​អូ​អាសអាភាស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​។

ជនសង្ស័យ និង​សម្ភារ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ដ​នីតិវិធី​ ៕​