រាជធានីភ្នំពេញ ៖ ជនសង្ស័យ២៤នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកំរិតស្រាល នៃស្នងការនគរបាលរាធានីភ្នំពេញ សហការជាមួយនគរបាលនៅតាមបណ្តាលខណ្ឌនានា បង្ក្រាបបានជាបន្តបន្ទាប់ ហើយបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងបញ្ជាផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងរទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ នៅក្នុងរយៈពេល២ថ្ងៃនៅថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៣នាក់ ពាក់ព័ន្ធនឹងបទល្មើសចំនួន៣ករណី ។
លោកវរសេនីយ៍ឯក ម៉ម សាវន បានអោយដឹងទៀតថា ករណីទី០១ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រឆាំងនឹងមន្ត្រីរាជ ការសាធារណៈ មានស្ថានទម្ងន់ទោស ដោយព្រួតគ្នាយកជើងធាក់ម៉ូតូជនរងគ្រោះជាសមត្ថកិច្ច ប្រព្រឹត្តនៅចំណុចភ្លើងស្តុបវត្តឬស្សីសាញ់ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៣និង៥០នាទីទៀបភ្លឺ ។ ដោយឃាត់ខ្លួនបានចំនួន៤នាក់ និងដកហូតបានវត្ថុតាង ដែកដងឆ័ត្រ ពណ៌ស ចំនួន០១ដើម ។
ករណីទី០២ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវជាតិលេខ៣ ភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រ ជាក្រុមក្មេងទំនើងឈ្មោះ ស្រែញី (SR) ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ និងដកហូត វត្ថុតាងចាប់យកដុំថ្ម ចំនួន០១ដុំ ។
ករណីទី០៣ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយយកដុំថ្មតប់ត្រូវចិញ្ចើមចេញឈាម ផុងលលាដ៏ក្បាលរងរបួសជាទម្ងន់ និងកាប់រងរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចហាងស៊ុបខ្យង ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៣និង៣៩នាទីយប់រំលងអធ្រាត្រ និងនៅចំណុចផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៤និង៥២នាទីទៀបភ្លឺ (ក្រុមក្មេងទំនើងឈ្មោះ បឹងឈូក BCT) ។ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១១នាក់ ។
ដោយឡែក ករណីទី៤ ជនសង្ស័យជាជនជាតិចិន១នាក់ ត្រូវបានលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ និងបង្ក្រាបបាន ពាក់ព័ន្ធករណី(រក្សាទុកអាវុធខុសច្បាប់) ស្ថិតនៅចំណុចផ្ទះលេខ៦២A ផ្លូវR០២នៅ ក្នុងបុរីប៉េងហួតភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យរូបនោះ ឈ្មោះ CHENG FUMING (ចាំង ហ្វូមីង) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ អ្នកមើលថែ សត្វឆ្កែ ។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានអោយដឹងថា ជនសង្ស័យរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៣និង៤០នាទីរសៀល ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ឆាយ ហុង សាលាដំបូងរាជធានីភ្នំពេញ ។ នៅក្នុងប្រតិបត្តិការនោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់មកសាកសួរព្រមទាំងដកហូត អាវុធខ្លី មួយដើមម៉ាក CZ P-07 លេខ D134083 បង់មួយ មានគ្រាប់ចំនួន១០គ្រាប់ (ជារបស់ជនសង្ស័យ),ទូរស័ព្ទម៉ាក iPhone ចំនួន០២គ្រឿង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យជនសង្ស័យឈ្មោះ CHENG FUMING (ចាំង ហ្វូមីង) ថា អាវុធខ្លី មួយដើមខាងលើ បានមកពីឈ្មោះ អាតាំង (ATAN) ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ជនជាតិចិន ដែលជាអ្នករាប់អានគ្នា បានយកអាវុធខ្លីមកផ្ញើទុកនៅខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយឈ្មោះ អាតាំង (ATAN) ក៏បានប្រាប់ថា ខ្លួនត្រូវទៅប្រទេសម៉ាឡេស៊ី ។ បន្ទាប់ពីសាកសួរ និងស្រាវជ្រាវជនសង្ស័យ៤នាក់ ពុំពាក់ព័ន្ធសមត្ថកិច្ចបានធ្វើការអប់រំណែនាំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ គឺជាប់ពាក់ព័ន្ធតែ១នាក់ ហើយយកមកបង្ហាញមុខរួមគ្នានៅពេលនេះ។ បន្ទាប់ពីបង្ហាងមុខរួច ជនសង្ស័យទាំង២៤នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌបញ្ជូនទៅកាន់សាលាដំបូងរាធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕











ចែករំលែកព័តមាននេះ