ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ស​ប្ដា​ហ៍​ដើមខែ​នេះ ​សមត្ថកិច្ចឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធអនឡាញស្គេម ជាង​១​ពាន់​នាក់ និង​ពិន័យ​អ្នក​ល្មើស​អនុក្រឹត្យ​០៣​បាន​ជិត​២០០​លាន​រៀល

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​រយៈពេល​២ ស​ប្ដា​ហ៍ ដើមខែ​មិថុនា ឆ្នាំ​២០២៦​នេះ កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ បាន​បន្ត​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១,៣៣២​នាក់ ស្មើនឹង​១៦​សញ្ជាតិ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​Online Scams នេះ​បើ​តាម​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ ។

បើ​តាម​លោក ទូច សុ​ឃៈ ជន​ទាំងនោះ ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេស​ន៍​១៣៣​នាក់ ស្មើនឹង​២​សញ្ជាតិ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៨៧​នាក់ ស្មើនឹង​៥​សញ្ជាតិ និង​កំពុង​បន្ត​នីតិវិធី​ ១,១១២​នាក់ ស្មើនឹង​១៧​សញ្ជា​តិ ​។

អ្នកនាំពាក្យ​ បាន​បន្ថែម​ទៀត​ថា ប្រតិបត្តិការ​ ២​ស​ប្ដា​ហ៍​នោះ ធ្វើ​ឡើង​តាម​គោលដៅ ​ចំនួន​៧៨​កន្លែង លើ​ភូមិសាស្ត្រ​ចំនួន​១២ រាជធានី​-​ខេត្ត​ ។

ជា​ការ​កត់សម្គាល់ សមត្ថកិច្ច​ចម្រុះ​ក្រសួងមហាផ្ទៃ​ បាន​ស្រាវជ្រាវ និង​បង្ក្រាប​ក្រុម​មួយ ​ដែល​មាន​តួនាទី​ក្នុង​ការ​តាមដាន​សកម្មភាព​របស់​សមត្ថកិច្ច ប្រមូល​យក​ព័ត៌មាន និង​រូបភាព រាយការណ៍​ទៅ​មេខ្លោ​ង​ដែល​ជា​ឧក្រិដ្ឋជន ដើម្បី​រៀបចំ​វិធានការ​ទប់ទល់​នឹង​ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច ​។

លោក ទូច សុ​ឃៈ បាន​អះអាង​ទៀត​ថា «​ក្រោយ​ការ​ស៊ើបអង្កេត សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ឃាត់ខ្លួន​មេ​ខ្លោ​ង និង​បក្ខពួក​សរុប ១៦​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​មេ​ខ្លោ​ង និង​បក្ខពួក​ដែល​នៅ​សេសសល់​ជា​បន្តបន្ទាប់​ទៀត​» ​។

ជាមួយ​គ្នា​នេះ​ដែរ​ក្នុង​រយៈពេល​២ ស​ប្ដា​ហ៍ ដើមខែ​មិថុនា ឆ្នាំ​២០២៦​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ក៏​បាន​បន្ត​ផាកពិន័យ​ម្ចាស់ និង​អ្នកគ្រប់គ្រង​ទីតាំង​ដែល​អនុវត្ត​ផ្ទុយ​នឹង​ខ្លឹមសារ​អនុក្រឹត្យ​លេខ​០៣ ស្ដី​ពី​ការ​គ្រប់គ្រង​សន្ដិសុខ​សុវត្ថិភាព តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ ជា​ទឹកប្រាក់​សរុប ១៩៧.៨៤០.០០០​រៀល​៕