ឃុំ-សង្កាត់ចំនួន ១៩ ក្នុងខេត្តមណ្ឌលគិរី ទទួលបានជ័យលាភីលេខ១ ភូមិ-ឃុំមានសុវត្ថិភាព
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ការបើកវេទិកាសាធារណៈដើម្បីដោះស្រាយកង្វល់ផ្ទាល់ និងការចុះផ្សព្វផ្សាយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានចាត់ទុកជាចំណុចគន្លឹះដ៏សំខាន់បំផុត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសន្តិសុខពិតប្រាកដនៅតាមមូលដ្ឋាន។ នេះជាការបញ្ជាក់របស់ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ជ័យលាភីជូនដល់ឃុំ-សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តម គង់ គឹមនី បានសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះលទ្ធផលដ៏ល្អប្រសើរដែលបណ្តាក្រុង-ស្រុក និងឃុំ-សង្កាត់សម្រេចបាន។ ទន្ទឹមនឹងនោះដែរ ដើម្បីកុំឱ្យការអនុវត្តគោលនយោបាយនេះមានភាពធូរលុង ឯកឧត្តមអភិបាលខេត្តបានដាក់បទបញ្ជា និងណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី ត្រូវបន្តពង្រឹងការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការណ៍អសន្តិសុខនានា ដែលកើតមានឡើងនៅតាមបណ្តាក្រុង-ស្រុក ដើម្បីឆ្លើយតបបានទាន់ពេលវេលា។ ជាមួយគ្នានោះ ត្រូវជំរុញចលនាកសាងកម្លាំងប្រជាការពារ និងរៀបចំវេទិកាសាធារណៈដើម្បីស្តាប់កង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យទាន់ពេល។
បន្ថែមលើនេះ ឯកឧត្តមបានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងអាជ្ញាធរដែនដី ត្រូវបន្តសហការពង្រឹងការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យបានទូលំទូលាយដល់មន្ត្រីរាជការស៊ីវិល ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសបង្កើនការចូលរួមក្នុងការអនុវត្តគោលនយោបាយនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នាឆ្នាំបន្តបន្ទាប់៕


















ចែករំលែកព័តមាននេះ