ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ព្រំដែន​និង​កង្វះ​ទីផ្សារ​ ធ្វើ​ឲ្យ​កសិករ​ចិញ្ចឹមសត្វ​កណ្ដូប​នៅ​តាម​បណ្ដា​ស្រុក​ជាប់​ព្រំដែន​មួយ​ចំនួន​ធំ​បោះបង់  

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  ប្រជា​កសិករ​ដែល​មានមុខ​របរ​ចិញ្ចឹមសត្វ​កណ្ដូប​លក់ ចន្លោះ​ពី​៦០​ទៅ​៧០% នៅ​តាម​បណ្ដា​ស្រុក​ភាគ​ខាងលិចនៃ​ខេត្តបាត់ដំបង ជាប់​ព្រំដែន​កម្ពុជា-ថៃ បាន​និង​កំពុង​បោះបង់​មុខរបរ​បន្ទាប់បន្សំ​ប្រចាំ​ថ្ងៃមួយ​នេះ ព្រោះតែ​បញ្ហា​ «​ជម្លោះព្រំដែន​» និង «​កង្វះ​ទីផ្សារ​»​ ។ នេះ​បើ​តាម​ការ​ត្អូញត្អែរ​របស់​កសិករ ​ដែល​មានមុខ​របរ​ចិញ្ចឹមសត្វ​កណ្ដូប​លក់ ​។

កាលពី​ចុង​ស​ប្ដា​ហ៍​មុន គេ​សង្កេត​ឃើញ​នៅ​តាម​កសិដ្ឋាន ឬ​ទ្រុង​ចិញ្ចឹមសត្វ​កណ្ដូប​លក់​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជា​កសិករ​នៅ​តាម​បណ្ដា​មូលដ្ឋាន​នានា ត្រូវ​បាន​រុះរើ​ចោល​ ។   រីឯ​ ​​នៅ​តាម​ទីតាំង​ដែល​ចិញ្ចឹម​កណ្ដូប​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដុំ​ដូច​កសិដ្ឋាន គេ​ឃើញ​មាននៅ​សេសសល់​ត្រឹម​​ចន្លោះ​ពី​៣ ​ទៅ​៤​ទ្រ​ង​ប៉ុណ្ណោះ ខណៈ​រាប់​សិប​ទ្រុង​ទៀត ត្រូវ​បាន​រុះរើ ឬ​បិទ​ចោល​តែ​ម្ដង​ដែល​ខុសស្រឡះ​ពី​ឆ្នាំ​មុន​ៗ ដែល​ប្រជា​កសិករ​របស់​នៅ​តាម​តំបន់​ព្រំដែន ហាក់​មានការ​ប្រ​កួត​ប្រជែង​យ៉ាង​កុះករក្នុង​មុខរបរ​ចិញ្ចឹមសត្វ​កណ្ដូប​នេះ​ ។

​ក្នុង​ស្ថានភាព​យ៉ាង​ស្ងប់ស្ងាត់ កសិដ្ឋាន​ចិញ្ចឹមសត្វ​កណ្ដូប​ដ៏​វែង​អន្លាយ មើល​ភ្ជាប់​ទៅ​កាន់​ជើង​ភ្នំ​ដ៏​ខៀវ​ស្រ​ងាត់​គួរ​​ជាទី​គយ​គន់ ខ​ណ្ឌ​ចែក​ជា​កំណាត់​ៗ បាំង​បិទ​ដោយ​ដំបូល​ប្លា​ស្ទិ​ក​ព​ណ៌.​ស (​ទ្រុង​) ប្រមាណ​២៥​ទ្រុង គ្រប់​គ្រង់​ដោយ​កសិករ​ម្នាក់ ដែល​មាន​ប្រវត្តិ​ជោគជ័យ នៃ​មុខរបរ​ចិញ្ចឹមសត្វ​កណ្ដូប​នេះ ទើបបាន​ប្រមាណ​ពី​២-៣​ឆ្នាំ​មុន​នេះ​សោះ    ក៏​ស្រាប់តែ​មក​ចាប់ផ្ដើម​ដើរ​អូស​ជើង​យ៉ាង​លំបាក​ភ្លាម​រំពេច នៅ​ក្នុងឆ្នាំនេះ​(២០២៦) ដែល​មិន​នឹក​ស្មាន​ដល់ ​។

​ជួប​ជាមួយ​កោះសន្តិភាព កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ លោក រឿ​ន សា​រិ​ន ធ្លាប់តែ​ជោគជ័យ​កាលពី​២-៣​ឆ្នាំ​មុន ក្នុង​មុខរបរ​ចិញ្ចឹមសត្វ​កណ្ដូប បាន​បង្ហាញ​ក្ដី​អស់សង្ឃឹម​នៅ​ចំពោះ​មុខ​កសិដ្ឋាន​ចិញ្ចឹម​កណ្ដូប​ដ៏​វែង​អន្លាយ​របស់​គាត់​ ។ ​«​កន្លែង​ចិញ្ចឹម​កណ្ដូប​ខ្ញុំ​មួយ​ជួរ​ដ៏​វែង​នេះ​មាន​សរុប​ទាំងអស់​ចំនួន​២៥​ទ្រុង ប៉ុន្តែ​ពេល​នេះ ​ខ្ញុំ​ចិញ្ចឹម​សល់​តែ​០៤​ទ្រុង​ទេ គ្រាន់​ធ្វើ​ពូជ ហើយ​វា​ទើបនឹង​ញាស់​​បាន​២-៣​ថ្ងៃ​នេះឯង​»​ ។ នេះ​ជា​ការ​លើក​ឡើង​របស់​កសិករ រឿ​ន សា​រិ​ន ដែល​មាន​ទីតាំង​ចិញ្ចឹម​កណ្ដូប​ធំ​និង​ច្រើន​ជាងគេ​នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ ។

លោក រឿ​ន សា​រិ​ន បាន​និយាយ​ថា លោក​ទើប​ធ្វើ​ទីតាំង​ថ្មី​ចំនួន​២៥​ទ្រុង ខណៈ​ដែល​ទីតាំង​ចាស់​ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា​ដែរ ត្រូវ​រុះរើ​ចោល​ដោយសារ​ចាស់​ទ្រុឌ​ទ្រម ​។ ប៉ុន្តែ​បន្ទា​ប់​ពី​ធ្វើ​ទ្រុង​ថ្មី​មិន​បាន​ប៉ុន្មាន​ខែ​ផង ក៏​ស្រាប់តែ​ទីផ្សារ​កណ្ដូប​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​កណ្ដូប​ស្ទើរ​រ​គ្រប់​ទីកន្លែង​លក់​ចេញ​យ៉ាង​លំបាក ធ្វើ​ឲ្យ​កសិករ​ខ្លះ​បង្ខំចិត្ត​បោះបង់​ការ​ចិញ្ចឹម រហូត​រុះរើ​ទ្រុង​ចោល​តែ​ម្ដង​ ។ ​កោះសន្តិភាព​៖ បើ​តាម​លោក​ដឹង តើ​មូលហេតុ​ចម្បង​អ្វីខ្លះ ដែល​នាំ​ឲ្យ​អ្នក​ចិញ្ចឹម​កណ្ដូប​ត្រូវ​បោះបង់​មុខរបរ​នេះ រហូត​សម្រេចចិត្ត​រុះរើ​ទ្រុង​ចោល​ថែម​ទៀត ?

លោក រឿ​ន ស​រិ​ន​៖ «​ខ្ញុំ​ជា​ឈ្មួញកណ្ដាល​ដើរ​ទិញ​ពី​អ្នក​ចិញ្ចឹម​ផ្ទាល់​ផង  ចិញ្ចឹម​ខ្លួនឯង​យ៉ាងច្រើន​ផង ​។ ដូច្នេះ ​បើ​តាម​ការ​កត់​ស​ម្កាល់​ជាក់ស្ដែង​របស់ខ្ញុំ ដែល​ខ្ញុំ​រកស៊ី​មុខរបរ​នេះ គឺ​មាន​បញ្ហា​០២​សំខាន់ ដែល​ធ្វើ​ឲ្យ​កសិករ​បង្ខំ​ចិ​ត្ត​បោះបង់​មុខរបរ​ចិញ្ចឹម​កណ្ដូប​នេះ​» ​។  ឈ្មួញកណ្ដាល​រូប​នេះ បាន​ពន្យល់​អំពី​បញ្ហា​ទាំង​០២​នោះ​ដូច្នេះ​ថា ទី​១-​«​បញ្ហា​ជម្លោះព្រំដែន​មិន​ទៀត​ទាត់​»​ ទី​២-«​កង្វះ​ទីផ្សារ​»​។ នេះ​ជាដើម​ចម​សំខាន់​បំផុត ដែល​ធ្វើ​ឲ្យ​កសិករ​នានា​នៅ​តាម​តំបន់​ព្រំដែន​បាត់បង់​ទំនុកចិត្ត​ក្នុង​ការ​ចិញ្ចឹម​កណ្ដូប​លក់ ព្រោះ​ខ្លាច​រត់​ចោល​កណ្ដូប​ពេញ​ៗ​ទ្រុង​ដូច​ឆ្នាំទៅ​មិ​ញ​ទៀត ​។

​ចំពោះ​ទីផ្សារ​កណ្ដូប​វិញ បើ​តាម​លោក រឿ​ន សា​រិ​ន បាន​លើក​ឡើង​ថា កាលពី​ឆ្នាំទៅ​មិ​ញ ទីផ្សារ​កណ្ដូប​មាន​តំលៃ​ល្អ​ ។ ឈ្មួញកណ្ដាល​នាំ​ទៅ​កាន់​ភ្នំ​​ពេញ ទៅ​បាត់ដំបង និង​ប៉ោយ​ប៉ែ​ត​ជា​ពិសេស ​។ កាលនោះ​ តម្លៃ​កណ្ដូប​ដែល​ដើរ​ទិញ​ពី​អ្នក​ចិញ្ចឹម​ផ្ទាល់ ក្នុង​០១​គីឡូ ថ្លៃ​ចន្លោះ​ពី​២០,០០០​រៀល ដល់​២៥,០០០​រៀល ឬ​អាច​លើស​ពី​នេះ​ក៏​មាន​ ។ ​ប៉ុន្តែ​សព្វ​ថ្ងៃនេះ ​ទីផ្សារ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​សំខាន់​ជាង​ទីផ្សារ​នានា​«​គ្មាន​ទេ​» រំពឹង​តែ​លើ​ទីផ្សារ​នៅ​បាត់ដំបង និង​នៅ​ភ្នំពេញ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ។

សព្វ​ថ្ងៃនេះ តំលៃ​កណ្ដូប​ទិញ​ពី​អ្នក​ចិញ្ចឹម​ផ្ទាល់​ត្រឹម​​តែ​ចន្លោះ​ពី​១៣,០០០​រៀល  ដល់ ១៥,០០០​រៀល​តែ​ប៉ុណ្ណោះ​ ។ ហើយតម្លៃ​​នេះ​ ថោក​ណាស់​​សម្រាប់​ទាំង​អ្នក​ចិញ្ចឹម និង ទាំង​ឈ្មួញកណ្ដាល ស្ទើរតែ​មិន​អាច​កាត់កង​សោរ​ហ៊ុយ​ដឹក ជញ្ជូន ឬ​ចំណាយ​លើ​ថ្លៃ​ឈ្មួ​ល​អ្នក​ថែម​ទាំ​ ហើយ​បើ​មាន​ផ្ទុះ​ជម្លោះព្រំដែន​ទៀត ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ គឺ​ «​រត់​ចោល​កណ្ដូប​​ពេញ​ៗ​ទ្រុង​»​តែ​ម្ដង ​។

​មិន​ខុស​ពី​ការ​លើក​ឡើង​របស់​កសិករ រឿ​ន សា​រិ​ន ប៉ុន្មាន​ទេ ​។  អ្នក​ចិញ្ចឹម​កណ្ដូប​លក់​ជា​អាជីព​នៅ​ជាប់​តំបន់​ព្រំដែន​ដទៃ​ៗ​ទៀត ក៏​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​ ។  កោ​ល ភុ​ត អៀង ជា​កសិករ​ចិញ្ចឹម​កណ្ដូប​ចាស់វស្សា​ម្នាក់​ដែរ ​នៅ​ស្រុក​សំពៅ​លូន បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា កន្លង​មក ​លោក​ចិញ្ចឹម​កណ្ដូប​ជាង​១០​ទ្រុង​ ។ ហើយ​កាល​ចាប់ផ្ដើម​ចិញ្ចឹម​កាល​ដំបូង​ៗ លក់​បាន​ថ្លៃ​រហូត​ជាង​៣០,០០០​រៀល​ក្នុង​០១​គីឡូ អាច​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួ​សារបាន​គ្រាន់បើ​ដែរ​ ។  ប៉ុន្តែ​សព្វ​ថ្ងៃនេះ លោក​បាន​រុះរើ​ទ្រុង​ចោល​ស្ទើរ​អស់ហើយ ព្រោះ​គ្មាន​ទីផ្សារ ​។

ម្យ៉ាង​រឿង​ជម្លោះព្រំដែន​ខ្មែរ-ថៃ មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃកោ​ មិន​ទៀងទាត់​បែប​នេះ ខ្លាច​រត់​ចោល​កណ្ដូប​ដូច​ឆ្នាំទៅ​មិ​ញ​ ។ ដូច្នេះ​ហើយ​លោក​ទុក​តែ​០២​ទ្រុង​ទេ ចិញ្ចឹម​គ្រាន់​ធ្វើ​ពូជ​ ។ ​ដោយឡែក ​កសិករ រឿ​ន សា​រិ​ន ក៏​ដូច​គ្នា​ដែរ ដោយ​បាន​បញ្ជាក់​ប្រាប់​​ថា កន្លង​ទៅ ​លោក​ចិញ្ចឹម​កណ្ដូប​ចំនួន​២៥​ទ្រុង​ពេញ តែ​ពេល​នេះ​នៅ​សល់​តែង​ត្រិ​ម​០៤​ទ្រុង​ទេ ទុក​គ្រាន់​ធ្វើ​ពូជ​ប្រសិនបើ​ស្ថានភាព​ព្រំដែន​ល្អ​ប្រសើរ  ហើយ​ទីផ្សារ​ល្អ​ឡើង​វិញ ​ដូច​បណ្ដា​ឆ្នាំ​មុន​ៗ ៕