ខេត្តប៉ៃលិន ៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលការសម្អាតបរិស្សាន និងបន្តដាំដុះដើមផ្កាក្ងោកបន្ថែម នៅអមតាមដងផ្លូវជាតិ និងផ្លូវលំនានាក្នុងខេត្ត នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា នៅថ្ងៃអនាគតខាងមុខ កូនឈើ និងដើមផ្ការាប់ពាន់ដើម នឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវនានាទូទាំងខេត្ត។ ដូច្នេះលោកជំទាវ សូមអំពាវនាវឱ្យមានការចូលរួមពីសំណាក់ បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវរួមដៃគ្នាដាំដុះ និងថែទាំដើឈើ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជា គម្របបរិស្ថានបៃតងក្នុងខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតង ក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលមកលេងកំសាន្តនៅក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើងៗ ដែលជាកត្តាមួយ ក្នុងការចូលរួមចំណែកការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃនេះ លោកជំទាវ បានដឹកនាំក្រុមការងារចុះពិនិត្យមើល ការដាំដុះបន្ថែមនូវដើមផ្កាក្ងោករាប់ពាន់ដើម នៅអមតាមដងផ្លូវនានាក្នុងខេត្ត ហើយបច្ចុប្បន្នដើមផ្កាក្ងោកមួយចំនួន ដែលដាំដុះកាលពីពេលកន្លងមក គឺកំពុងតែបញ្ចេញសម្រស់ផ្កា និងសោភ័ណ្ឌភាពជាបណ្តើរៗ ហើយសង្ឃឹមថា នៅឆ្នាំបន្តបន្ទាប់ទៀត ដើមផ្កាក្ងោកទាំងនេះ កាន់តែបញ្ចេញសម្រស់ ស្រស់ស្អាតពាសពេញទីរួមខេត្តប៉ៃលិន ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះក្រុមការងារ មន្ត្រីជំនាញ និងពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជួយថែរក្សាបរិស្ថានល្អ ជាពិសេស ផ្នែកអនាម័យសំរាម បានយ៉ាងល្អស្អាត សក្តិសមជាទីក្រុងស្អាតគំរូ ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៍ល្អប្រពៃផូរផង់នេះ ជារៀងរហូត ដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពមាំមួន និងអាយុយឺនយូរថែមទៀត៕








ចែករំលែកព័តមាននេះ