សង្គ្រាមអ៊ុយក្រែន ៖ នាយករដ្ឋមន្ត្រីរងអ៊ុយក្រែនលោកអូឡេកស៊ីអ៊ីគូឡឺបា ប្រកាសនាថ្ងៃទី២២ មិថុនា ថា នាវាកាហ្គោ១គ្រឿងបានឆេះក្នុងសមុទ្រខ្មៅ បន្ទាប់ពីការវាយប្រហារដោយដ្រូនរុស្ស៊ីបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ។ ចំណែកកងម៉ារីនអ៊ុយក្រែនវិញរៀបរាប់ពីការបាត់បង់ដ៏ច្រើន ។

តាមតេឡេក្រាមលោកអូឡេកស៊ីអ៊ី គូឡឺបាគូសបញ្ជាក់ថា ការវាយប្រហារដោយដ្រូន បណ្ដាលឲ្យឆេះនាវាកាហ្គោមួយគ្រឿងដោតទង់ជាតិប៉ាណាម៉ា ។ សមាជិកក្រុមនាវិកម្នាក់បានត្រូវស្លាប់ដែលរូបគេជាចុងភៅអាយុ៥៨ឆ្នាំ ជាជនជាតិអេហ្ស៊ីប ។ ចំណែកនាវិក៨នាក់បានត្រូវជួយសង្គ្រោះ ។
កងម៉ារីនអ៊ុយក្រែនមុននេះអះអាងថា ឧប្បត្តិហេតុនោះ បណ្ដាលឲ្យមានការបាត់បង់ច្រើនលើនាវាកហ្គោឈ្មោះVICTRESS ដែលធ្វើដំណើរជាមួយនាវិក៩នាក់មានសញ្ជាតិអេហ្ស៊ីប តួកគីនិងឥណ្ឌា។ ចំណែកនាវា២គ្រឿងទៀត មួយគ្រឿងដោតទង់ជាតិកោះបេលីស និង១គ្រឿងទៀតដោតទង់ជាតិប៉ាឡូវរងការវាយប្រហាររបស់រុស្ស៊ីនាពេលយប់ កាលពីថ្ងៃទី២១ មក២២ មិថុនា តែមិនបណ្ដាលឲ្យមានអ្នករបួសទេ ។
នៅលើដីវិញការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងហ្សាប៉ូរីហ្ស៊ីយ៉ា និងទីក្រុងអូដេសាបណ្ដាលឲ្យមនុស្សស្លាប់២នាក់ ។ នេះបើតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន ។ ការវាយប្រហាររបស់រុស្ស៊ីនោះ ក៏បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសផងដែរ ។ ចំណែកអ៊ុយក្រែនវិញ កាលពីថ្ងៃទី២១ មិថុនា បានវាយប្រហារលើតំបន់គ្រីមេដែលរុស្ស៊ីកាន់កាប់ បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ ហើយមនុស្សទី៥ម្នាក់បានស្លាប់ ដោយសារដ្រូនអ៊ុយក្រែនដែលវាយប្រហារលើសាឡាង១គ្រឿងដែលបម្រើការដឹកជញ្ជូនរវាងតំបន់គ្រីមេនិងរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី អះអាងតាមបណ្ដាញសង្គមXថា កាលពីយប់មុន ការវាយប្រហារដោយដ្រូនរយៈឆ្ងាយរបស់យើង សំដៅទីតាំងភស្ដុភារយោធារបស់រុស្ស៊ី ឧស្សាហកម្មប្រេងនិងទីតាំងការពារអាកាស។ ប្រធានាធិបតីអ៊ុយក្រែនបន្តថា បណ្ដាទីតាំងភស្ដុភារយោធារងការវាយប្រហារដោយជោគជ័យក៏ដូចជាស្ថានីយរ៉ាដា៤ សម្រាប់ប្រព័ន្ធមីស៊ីលការពារអាកាសS-400និងប្រព័ន្ធមីស៊ីល PANTSIR ៕

ចែករំលែកព័តមាននេះ