ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាផ្ញើកំណត់ទូតតវ៉ា ៤២លើក ទៅភាគីថៃ ប្រឆាំងការរំលោ.ភបំពានព្រំដែន និងការពារបូរណភាពទឹកដី

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា ក្រោយ​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ទាំង​២​លើក​រួច​មក គណៈកម្មការ JBC របស់​កម្ពុជា បាន​ផ្ញើ​កំណត់​ការទូត​ទៅ​ភាគី​ថៃ ចំនួន​៤២​លើក ។

ក្នុង​សេចក្តី​សង្ខេប​ប្រចាំ​ថ្ងៃ​ស្តី​ពី​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ លោក ប៉ែន បូ​ណា ថ្លែង​ថា គិត​ចាប់ពី​បទ​ឈប់​បាញ់​លើក​ទី​២ ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​២៧ ខែធ្នូ ឆ្នាំ​២០២៥ មក​ដល់​បច្ចុប្បន្ន គ្រាន់តែ​គណៈកម្មការ JBC ភាគី​កម្ពុជា​តែ​មួយ​បាន​ផ្ញើ​កំណត់​ទូត​ចំនួន​៩​លើក​ហើយ​ទៅ​កាន់​ភាគី​ថៃ ដើម្បី​ស្នើ​រៀបចំ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ JBC កម្ពុជា​-​ថៃ និង​ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​(JSTs) ដើម្បី​បន្ត​ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្តែង បន្ត​ពី​ការងារ​ដែល​ភាគី​ទាំង​ពីរ​បាន​អនុវត្ត​កាលពី​ពេល​កន្លង​ទៅ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ក្រៅពី​នោះ​គណៈកម្មការ JBC ភាគី​កម្ពុជា ក៏​បាន​ធ្វើ​កំណត់​ទូត​តវ៉ា​ចំនួន​៣២​លើក ចំពោះ​សកម្មភាព​ខុសច្បាប់​នានា​របស់​កងកម្លាំង​ថៃ នៅ​លើ​ទីតាំង​ដែល​ខ្លួន​កាន់​ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​កម្ពុជា ។

បើ​គិត​ចាប់ពី​បទ​ឈប់​បាញ់​លើក​ទី​១ ដែល​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ រហូត​ដល់​បច្ចុប្បន្ន កំណត់​ទូត​តវ៉ា​របស់​គណៈកម្មការ JBC ភាគី​កម្ពុជា ប្រឆាំង​ការ​រំលោភ​បំពាន​របស់​ភាគី​ថៃ មាន​រហូត​ដល់​៤២​លើក ។

អ្នកនាំពាក្យ​បញ្ជាក់​ថា «​ឆ្លៀតឱកាស​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​បញ្ជាក់​ជូន​ជនរួមជាតិ​ជ្រាប​ម្តងទៀត​ថា ការ​តវ៉ា​ជា​ផ្លូវការ​នេះ មាន​សារៈសំខាន់​ចាំបាច់ ដើម្បី​បញ្ជាក់​ជំហរ​មិន​យល់ព្រម​ជា​ដាច់ខាត​របស់​កម្ពុជា ចំពោះ​ការ​រំលោភ​បំពាន​របស់​ភាគី​ថៃ​មក​លើ​បូរណភាព​ទឹកដី​របស់​ខ្លួន​» ។

ឯកឧត្តម​បាន​បន្ថែម​ថា លិខិតតវ៉ា​ជា​ផ្លូវការ​ទាំងនេះ គឺជា​ឯកសារ​ដែល​មាន តម្លៃ​គតិយុត្តិ មិន​អាច​ខ្វះ​បាន​សម្រាប់​ដំណើរការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​ការ​រក្សា​អាជ្ញា​យុ​កាល​នៃ​វិវាទ​ឱ្យ​ស្ថិត​នៅ​ជា​ធរមាន ។ នេះ​ជា​ហេតុផល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​តវ៉ា​នៅ​គ្រប់​ចំណុច​ទាំងអស់​ដែល​ភាគី​ថៃ បាន​រំលោភ​បំពាន​ដោយ​គ្មាន​រំលង​ចំណុច​ណាមួយ​ឡើយ ពីព្រោះ​ការ​តវ៉ា​នេះ គឺជា​ភស្តុ​តាង​ផ្លូវច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា​បូរណភាព​ទឹកដី​តាម​យន្តការ​ច្បាប់ ។

អ្នកនាំពាក្យ​បញ្ជាក់​បន្ថែម​ទៀត​ថា រីឯ​សំណើរ​របស់​កម្ពុជា ដើម្បី​រៀបចំ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ JBC កម្ពុជា​-​ថៃ និង​ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​(JSTs) ដើម្បី​បន្ត​ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្តែង គឺ​ធ្វើ​ឡើង​ស្រប​តាម​ខ្លឹមសារ​នៃ​កំណត់ហេតុ​កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មការ JBC កម្ពុជា​-​ថៃ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ និង​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ត្រង់​ចំណុច​ទី​៣ ដែល​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ដល់​គណៈកម្មការ JBC នៃ​ភាគី​ទាំង​ពីរ​ក្នុង​ការ​បន្ត​ចុះ​វាស់វែង និង​ខណ្ឌសីមា​លើ​ដី​ជាក់ស្តែង​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ពួក​គាត់​វិញ​ក្នុង​ពេល​ឆាប់​បំផុត​ដោយ​គ្មាន​ការ​រារាំង ប្រកបដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​៕