ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់​ចុះ​ជាង ២% បន្ទាប់​ពី​ការ​ចរចា «​អា​មេ​រិ​ក​-​អ៊ី​រ៉​ង់​» ជុំ​ទី​១​បាន​បញ្ចប់

2 ថ្ងៃ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ Brent ដែល​ជា​ស្តង់ដា​ពិភពលោក បាន​ធ្លាក់​ចុះ​ជាង ២% នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ បន្ទាប់​ពី​កិច្ចចរចា​រវាង​សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ បញ្ចប់​នៅ​ក្នុង​ប្រទេស​ស្វី​ស ដោយ​ភាគី​អ៊ី​រ៉​ង់​បាន​អះអាង​ថា ខ្លួន​ទទួល​បានការ​លើកលែង​សម្រាប់​ការ​នាំ​ចេញ​ប្រេង និង​គីមី​ឥន្ធនៈ ដែល​ជួយ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​អំពី​កង្វះ​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ទីផ្សារ​សកលលោក​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

ប្រេង​ឆៅ Brent បាន​ធ្លាក់​ចុះ ១,៦៣ ដុល្លារ​អា​មេ​រិ​ក ឬ ២,០២% មក​នៅ​ត្រឹម ៧៨,៩៤ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ១ និង ៣០ នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​)​។ តម្លៃ​ប្រេង Brent បាន​ហក់​ឡើង​ដល់ ៨២,៣០ ដុល្លារ នៅ​ពេល​ចាប់ផ្តើម​ការ​ជួញដូរ​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ ដោយសារ​តែ​ការ​ចាប់ផ្តើម​ដ៏​រអាក់រអួល​នៃ​កិច្ចចរចា រួម​ជាមួយ​ការ​គំរាមកំហែង​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ក្នុង​ការ​ចាប់ផ្តើម​សង្គ្រាម​ឡើង​វិញ​ជាមួយ​អ៊ី​រ៉​ង់ និង​ការ​ប្រកាស​របស់​អ៊ី​រ៉​ង់​ថា​បាន​បិទ​ច្រក​សមុទ្រ ហ័​រ​មូស (Hormuz) ម្តងទៀត​។ រីឯ​តម្លៃ​ប្រេង​ឆៅ West Texas Intermediate (WTI) របស់​សហរដ្ឋអាមេរិក​ឯណោះ​វិញ ស្ថិត​នៅ​តម្លៃ ៧៥,២២ ដុល្លារ​ក្នុង​១​បារ៉ែល ពោល​ធ្លាក់​ចុះ ៦៣ សេន​។

លោកស្រី Sugandha Sachdeva ស្ថាបនិក​ក្រុមហ៊ុន SS WealthStreet ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​ដេ​លី ប្រទេស​ឥណ្ឌា បាន​លើក​ឡើង​ថា ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ឆៅ ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយសារ​ភាព​ប្រសើរ​ឡើង​នៃ​លទ្ធភាព​ទទួល​បានការ​វិវឌ្ឍន៍​ផ្នែក​ការទូត​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ដែល​ជួយ​បង្កើន​ក្តី​សង្ឃឹម​ឡើង​វិញ​ថា នៅ​ទីបំផុត​! ទណ្ឌកម្ម​លើ​អ៊ី​រ៉​ង់​អាច​នឹង​ត្រូវ​បាន​បន្ធូរបន្ថយ​»​។

ងាក់​ទៅ​អ្នកសម្របសម្រួល​កិច្ចចរចា​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់ បានឱ្យ​ដឹង​ថា បណ្តា​មន្ត្រីជាន់ខ្ពស់​របស់​ភាគី​ទាំង​ពីរ បាន​បញ្ចប់​កិច្ចចរចា​ជុំ​ទី​១ ក្នុង​ប្រទេស​ស្វី​ស នៅ​ថ្ងៃ​ទី​២២ ខែមិថុនា​។ កិច្ចចរចា​នេះ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ក្រោម​លក្ខខណ្ឌ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដែល​ព្រមព្រៀង​គ្នា​កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​ពន្យារ​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​តាំងពី​ខែមេសា​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​៦០​ថ្ងៃ​ទៀត​។ បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​កា​តា បានឱ្យ​ដឹង​ថា កិច្ចចរចា​បច្ចេកទេស​នឹង​បន្ត​ធ្វើ​ឡើង​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នៃ​ស​ប្តា​ហ៍​នេះ ក្រោម​ការ​សម្របសម្រួល​ពី​ប្រទេស​កា​តា និង​ប៉ា​គី​ស្ថាន នៅ​ទីតាំង​ដដែល ពោល​គឺ​រមណីយដ្ឋាន​ភ្នំ Bürgenstock នៅ​ក្នុង​ប្រទេស​ស្វី​ស​។

ជាមួយ​គ្នា​នោះ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ លោក Abbas Araqchi ថ្លែង​ថា ប្រទេស​អ៊ី​រ៉​ង់​ទទួល​បានការ​លើកលែង​សម្រាប់​ការ​នាំ​ចេញ​ប្រេង និង​គីមី​ឥន្ធនៈ ការ​ផ្តល់​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​បង្កក​មួយ​ចំនួន​ត្រឡប់​មក​វិញ និង​ការ​ចាប់ផ្តើម​ផែនការ​ស្តារ​ឡើង​វិញ ក៏​ដូច​ជា​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​អ៊ី​រ៉​ង់​។

លោកស្រី Sachdeva បាន​បន្ថែម​ថា កា​រវិ​វត្ត​ថ្មី​នេះ នឹង​អនុញ្ញាត​ឱ្យ​ប្រេង​ឆៅ​អ៊ី​រ៉​ង់​ជិត ១,៥ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ត្រឡប់​ចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​វិញ ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ផ្គត់ផ្គង់​សកលលោក​យ៉ាងច្រើន​»៕