មន្ត្រីជាន់ខ្ពស់នៅក្រសួងសុខាភិបាល បានជំរុញឲ្យក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យយល់ឲ្យច្បាស់នូវប្រព័ន្ធកូដពណ៌ ដែលជាប្រព័ន្ធថ្មី ដែលក្រសួងកំពុងតែកំណត់ចេញ ។

លោកស្រី អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងនៅក្នុងកិច្ចប្រជុំថ្មីៗនេះ នៅមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារកថា ប្រព័ន្ធកូដពណ៌ជាប្រព័ន្ធថ្មី អាចមានការព្រួយបារម្ភ ការស្ទាក់ស្ទើរ ឬទស្សនៈមួយចំនួនដែលយល់ថា វាជាបន្ទុកការងារបន្ថែម ឬមានភាពស្មុគស្មាញ ។
ប្រព័ន្ធកូដពណ៌នេះជាប្រព័ន្ធបញ្ជូនអ្នកជំងឺ ដែលរៀបចំឡើងក្នុងគោលបំណងកំណត់ស្ត្រីមានផ្ទៃពោះ ដែលមានហានិភ័យ និងការប្រើប្រាស់សំណុំឯកសារការថែទាំផ្ទៃពោះ មានហានិភ័យ និងប្រព័ន្ធបញ្ជូន ។

បើតាមការបញ្ជាក់របស់លោកស្រី ការកំណត់កូដពណ៌នេះ គឺជាឧបករណ៍យុទ្ធសាស្ត្រដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើកម្រិតហានិភ័យដូចខាងក្រោម ៖
-ពណ៌ក្រហម (ហានិភ័យខ្ពស់បំផុត) ៖ ត្រូវបញ្ជូនជាបន្ទាន់ទៅមន្ទីរពេទ្យថ្នាក់ជាតិ ឬមន្ទីរពេទ្យខេត្តដោយមិនត្រូវពន្យារពេល
-ពណ៌ទឹកក្រូច (ហានិភ័យមធ្យម)៖ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ឬខេត្តដែលមានជំនាញឯកទេសច្បាស់លាស់
-ពណ៌បៃតង (ហានិភ័យទាប ឬគ្មានហានិភ័យ) ៖ អាចបន្តទទួលសេវាថែទាំ និងសម្រាលកូននៅមណ្ឌលសុខភាព ក្រោមការតាមដានយ៉ាងដិតដល់ ។

លោកស្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការរៀបចំ និងសម្របសម្រួលឱ្យបុគ្គលិកមណ្ឌលសុខភាពទទួលបានការបណ្តុះបណ្តាល លើប្រព័ន្ធកូដពណ៌នេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ ទន្ទឹមនឹងនេះ ក៏សូមធ្វើជាគំរូ ក្នុងការជំរុញការផ្លាស់ប្តូរផ្នត់គំនិត និងការចូលរួមអនុវត្តប្រព័ន្ធថ្មីនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកស្រីបានបញ្ជាក់បន្ថែមទៀតថា ការវិនិយោគពេលវេលា ការយកចិត្តទុកដាក់ និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលជួរមុខ នាពេលបច្ចុប្បន្ន គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់ការការពារអាយុជីវិត និងសុខុមាលភាពរបស់មាតា និងទារកកម្ពុជានាពេលអនាគត ៕


ចែករំលែកព័តមាននេះ