ខេត្តកំពង់ឆ្នាំង ៖ កញ្ញា ឆៀវ ស្រីពេជ្រ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ទទួលបានឱកាសការងារភ្លាមៗ បន្ទាប់ពីបានសម្ភាសផ្ទាល់ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលជាដៃគូរសហការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការចូលរួមនៅក្នុងវេទិកាការងារ សនិ្តសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៦នេះ ។

កញ្ញា ស្រីពេជ្រ ជាអ្នកទទួលបានការងារម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងផ្សេងទៀត ដែលបានមកចូលរួមសម្ភាសការងារ និងជាប់ជាស្ថាពរនៅក្រុមហ៊ុន MIZUNO SPORTS (CAMBODIA) Co.,LTD ផ្នែកដេរកូនបាល់។ កញ្ញាបាននិយាយថា៖ «មិនចាំបាច់ធ្វើដំណើរទៅខេត្តផ្សេងៗ ឬមួយក៏ទៅទីក្រុងភ្នំពេញទេ ដោយគ្រាន់តែមកចូលរួមកម្មវិធីវេទិកាការងារ ហើយដាក់ពាក្យសម្ភាសភ្លាមៗ គឺជាប់បានភ្លាម ធ្វើការភ្លាមតែម្ដង» ។

ជំនួសដោយការចំណាកស្រុកទៅក្រៅប្រទេស កញ្ញាបានលើកឡើងថា ការធ្វើការនៅក្នុងស្រុក អាចផ្ដល់អាទិភាពសម្រាប់ខ្លួនឱ្យនៅជិតគ្រួសារ កាត់បន្ថយសេវាថ្លៃធ្វើដំណើរ ទាំងនៅក្នុងកម្រិតប្រាក់ខែ ដែលខ្លួនទទួលយកបាន ដោយមិនខ្ពស់ ឬក៏ទាបជាងអ្នកធ្វើការនៅក្រៅស្រុកឡើយ ។

ក្នុងនោះកញ្ញា ស្រីពេជ្រ បានបញ្ជាក់ថា៖ «ប្រាក់ខែនៅក្នុងស្រុក និងក្រៅស្រុកបើប្រៀបធៀបទៅវាប្រហាក់ប្រហែលគ្នាទេ ប៉ុន្តែបើសិនជាយើងនៅក្នុងស្រុក ទីមួយ គឺអត់ឆ្ងាយ ទីពីរ យើងបានជួបជុំគ្រួសារពេលមានទុក្ខធុរៈ យើងអាចត្រឡប់មកផ្ទះវិញបានលឿន ងាយស្រួលក្នុងការចេញចូល» ។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តអំពាវនាវសាជាថ្មីម្តងទៀតទៅដល់បងប្អូនអតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុក ដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ