សមត្ថកិច្ចបង្ក្រាបបទល្មើសរត់ពន្ធបារីឆ្លងដែន០២ករណី រឹបអូសបានជិត៧០ប៊ិក និងឡាន០១គ្រឿង តែមនុស្សរត់បាត់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ បារីប្រហែលជិត៧០ប៊ិក ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងរឹបអូសបានចំនួន០២ករណីផ្សេងគ្នាកើតឡើងស្ទើរក្នុងពេលតែមួយ ដែលបារីទាំងនោះបម្រុងហោះឆ្លងអូរព្រំដែនចេញពីកម្ពុជាចូលទៅថៃ នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២២ មិថុនា ត្រង់ចំណុចភូមិចម្ការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ប៉ុន្តែក្រុមអ្នកដឹកជញ្ជូនបារីបានរត់ចោលរថយន្តនិងបារី មុនពេលសមត្ថកិច្ចព័ទ្ធចាប់ ។

ព័ត៌មានបឋមដែលកោះសន្តិភាពទទួលបាននៅថ្ងៃដដែលនេះ គឺកម្លាំងអធិការស្រុកភ្នំព្រឹក បង្ក្រាបបានមួយករណី រីឯកម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៧ បង្ក្រាបបានមួយករណី ដែលធ្វើឡើងជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខាងលើនេះ ។ គេពុំទាន់មានរបាយការណ៍លម្អិតអំពីកិច្ចប្រតិបត្តិការបង្ក្រាបក្រុមពួកឈ្មួញទុច្ចរិតរត់ពន្ធបារីនេះនៅឡើយទេ ។
របាយការណ៍បឋមដែលកោះសន្តិភាពទទួលបាន គឺកម្លាំងអធិការស្រុកភ្នំព្រឹកស្ទាក់ចាប់បានរថយន្តប្រភេទ«ទួរីស»មួយគ្រឿង ពណ៌ទឹកប្រាក់ បាក់ស្លាកលេខភ្នំពេញ 2AD-4463 ដឹកបារីជាង៤០ប៊ិក ត្រូវបានរឹបអូសយក រីឯអ្នកបើកបរចាក់សោទ្វាររថយន្ត ហើយរត់បាត់ មុនពេលត្រូវសមត្ថកិច្ចស្ទាក់ចាប់ ។

ដោយឡែក កម្លាំងវរនគរបាលការពារព្រំដែនគោកលេខ៨១៧ឯណោះវិញ បើតាមប្រភពដដែលបានឲ្យដឹងថា ស្ទើរដំណាលគ្នា គេបង្ក្រាបអំពើរត់ពន្ធបារីនេះបានមួយលើកដែរ នៅក្នុងភូមិសាស្ត្រខាងលើ ។
ប្រភពបានឲ្យដឹងទៀតថា កម្លាំងការពារព្រំដែននេះ រឹបអូសបានតែបារីចំនួនជាង២០ប៊ិក តែគេមិននិយាយពីម្ចាស់បារី ឬអ្នកដឹកជញ្ជូនបារី តើរត់រួច ឬត្រូវចាប់ខ្លួននោះទេ ។ លោក ម៉ង់ ស៊ី មេព្ជាការនៃវរនគរបាលការពារព្រំដែនលេខ៨១៧ នេះមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញកិច្ចប្រតិបត្តិការបង្ក្រាបទំនិញឆ្លងដែនខុសច្បាប់នេះ ។

ដោយឡែក លោក សំ វីរៈ អធិការស្រុកភ្នំព្រឹកបានប្រាប់ថា បារីជាង៤០ប៊ិក ដឹកតាមរថយន្តមួយគ្រឿង ដែលកម្លាំងរបស់លោកបង្ក្រាប និងរឹបអូសបាននោះ យើងមិនទាន់ដឹងពីប្រភពដើម ដែលឈ្មួញព្យាយាមនាំចេញទៅប្រទេសថៃនៅឡើយទេ ។
លោកបានប្រាប់ថា កម្លាំងល្បាតពេលយប់បានប្រទះឃើញ ហើយតាមប្រមាញ់ ខណៈដែលរថយន្តនេះព្យាយាមបើកទៅកាន់ព្រំដែនក្នុងចេតនាលួចនាំបារីនេះឆ្លងចេញពីប្រទេសថៃ ។ ក្រោយពីដឹងថា មានកម្លាំងសមត្ថកិច្ចដេញតាមអ្នកបើកបរបានឈប់ចាក់សោរទ្វារទុករថយន្តនិងបារីចោល រួចរត់គេចខ្លួនបាត់ មុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ។ ដូច្នេះយើងរឹបអូសបានតែរថយន្តនិងបារីដែលជាវត្ថុតាង ។ ប៉ុន្តែពេលនេះ មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីកំណត់អត្តសញ្ញាណម្ចាស់រថយន្ត និងថៅកែបារី ។

ពាក់ព័ន្ធនឹងឈ្មួញទុច្ចរិតដែលតែងតែលួចរត់ពន្ធបារីឆ្លងដែនខុសច្បាប់ជាញឹកញាប់ សមត្ថកិច្ចរកមុខមិនដែលឃើញនេះ ។ បើតាមប្រភពព័ត៌មាននានានៅតំបន់ព្រំដែនបានបង្ហើបឲ្យដឹងថា ថៅកែធំនៃបទល្មើសរត់ពន្ធបារីឆ្លងដែនខុសច្បាប់នេះ អាចជាអ្នករស់នៅស្រុកសំពៅលូន មានចំនួនយ៉ាងតិច០២នាក់ ដែលមានលុយ ហើយមានអំណាចក្នុងជួររាជការទៀតផង ។

មេឈ្មួញទុច្ចរិតទាំងនោះត្រូវគេថា មានប្រវត្តិរកស៊ីមិនស្របច្បាប់រាប់សិបឆ្នាំហើយ តាំងតែពីជំនាន់ច្រកទ្វារព្រំដែនកម្ពុជា-ថៃបើកចេញ-ចូលទូលំទូលាយ ។ ក្រុមមេឈ្មួញទុច្ចរិតទាំងនោះ មិនត្រឹមតែលួចរត់ពន្ធបារីទេ ថែមទាំងលួចរត់ពន្ធស្រា ឬទំនិញផ្សេងៗទៀដែលខុសច្បាប់ចេញពីកម្ពុជាចូលទៅថៃ ។ កាលនោះ ច្រករបៀងដែលក្រុមឈ្មួញទុច្ចរិតតែងលួចនាំឆ្លងដែនដីមមារញឹកបំផុត គឺច្រកតូចមួយនៅប៉ែងខាងជើងច្រកទ្វារអន្តរជាតិ«ភ្នំដី» និង ច្រករបៀងលួចលាក់មួយទៀតនៅប៉ែកខាងត្បូងនៃច្រកទ្វារអន្តរជាតិ «ភ្នំដី» ក្នុងស្រុកសំពៅលូន ព្រោះមេខ្លោងរត់បន្ធបទល្មើសជាអ្នកស្រុកសំពៅលូននេះស្រាប់ ។
បើតាមព័ត៌មាន លោកធំៗមួយចំនួន ឬប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន ជាពិសេស អ្នកស្រុកសំពៅលូនតែម្ដងធ្លាប់ស្គាល់មុខ ហើយថែមទាំងស្គាល់ឈ្មោះមេខ្លោងរត់ពន្ធទំនិញខុសច្បាប់ទាំងនោះទៀតផង តែគេមិនហ៊ានទម្លាយ ព្រោះខ្លាចអំណាច….. ៕

ចែករំលែកព័តមាននេះ