រាជធានីភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា សង្គមក្លែងក្លាយ សង្គមមួយគ្រោះថ្នាក់បំផុត មិនមែនត្រឹមតែពេលមានភាពក្រីក្រ អវិជ្ជា ឬអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែពេល«ភាពក្លែងក្លាយ» បានក្លាយទៅជារឿងធម្មតា ។

លោកបណ្ឌិត បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦យ៉ាងដូច្នេះថា ភាពក្លែងក្លាយមិនមែនគ្រាន់តែជាការកុហកតូចតាចទេ ប៉ុន្តែជាជំងឺសង្គម ដែលធ្វើឱ្យសម្បកធំជាងខ្លឹមសារ រូបភាពសិប្បនិម្មិត ធំជាងសេចក្តីពិត ការសម្តែងធំជាងមនសិការ និងការបោកប្រាស់ធំជាងសុចរិតភាព ។
លោកបណ្ឌិតបានបញ្ជាក់ថា៖សង្គមក្លែងក្លាយ គឺជាសង្គមដែលមនុស្សមិនខំធ្វើឱ្យពិតទេ ប៉ុន្តែខំធ្វើឱ្យគេជឿថា ពិត ។ នៅពេលភាពក្លែងក្លាយក្លាយជាទៅជារឿងធម្មតាក្នុងសង្គម អ្នកប្រកាន់ជំហរដាច់ខាតលើការពិតត្រូវបានគេចម្អកថា ជាមនុស្សឆោតល្ងង់ ហើយអ្នកបោកប្រាស់ត្រូវបានគេចាត់ទុកថា ជាមនុស្សឆ្លាត ។

លោកបណ្ឌិត បានលើកឡើងថា ភាពក្លែងក្លាយក្នុងសង្គមយើងថ្ងៃនេះ មិនមែនជាលទ្ធផលនៃថ្ងៃម្សិលមិញនោះទេ ប៉ុន្តែជាការភាពព្រងើយកន្តើយរបស់សង្គមយើង ចំពោះភាពក្លែងក្លាយរាប់ទសវត្សរ៍មកហើយ ។ យើងហាក់ដូចជា កំពុងភ្ញាក់ពីដំណេកចំពោះភាពក្លែងក្លាយនេះ ។ លោកបន្ថែមថា ភាពក្លែងក្លាយដែលប៉ះពាល់ជីវិតប្រជាពលរដ្ឋផ្ទាល់បំផុត គឺភាពក្លែងក្លាយក្នុងទីផ្សារ ។ ទំនិញក្លែងក្លាយ អាហារក្លែងក្លាយ ឱសថក្លែងក្លាយ ផលិតផលសុខភាពក្លែងក្លាយ គ្រឿង សម្អាងក្លែងក្លាយ និងសេវាកម្មក្លែងក្លាយកំពុងបំផ្លាញទាំងសុខភាព ទាំងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ។ ចាប់ពីទុរេន ត្រីសាលម៉ុង ឡេលាបខ្លួន រហូត ដល់ថ្នាំព្យាបាលជំងឺ ភាពក្លែងក្លាយកំពុងលូតលាស់ដូចជា មេរោគក្នុងទីផ្សារ ។ អ្នកលក់ទំនិញក្លែងក្លាយ មិនមែនគ្រាន់តែបោកអតិថិជនទេ ប៉ុន្តែកំពុងលេងសើចលើជីវិតមនុស្ស ។ អ្វីដែលកាន់តែគ្រោះថ្នាក់ថែមទៀតនោះ គឺការផ្សព្វផ្សាយក្លែងក្លាយដែលបំភាន់ឱ្យមនុស្សជឿថា របស់ក្លែងក្លាយទាំងនោះជារបស់ពិត។

ជាមួយគ្នានោះដែរ លោកបណ្ឌិតក៏បានលើកឡើងថា ភាពក្លែងក្លាយក្នុងវិស័យអប់រំ គឺគ្រោះថ្នាក់ជាងនេះទៅទៀត ព្រោះវាបំផ្លាញអនាគតជាតិ ។ សញ្ញាបត្រក្លែងក្លាយ អ្នករៀនក្លែងក្លាយ អ្នកមានឈ្មោះរៀន ប៉ុន្តែមិនរៀនពិត អ្នកមានងារខ្ពស់ ប៉ុន្តែខ្វះសមត្ថភាពពិត និងស្ថាប័នអប់រំខ្លះ ដែលលក់សញ្ញាបត្រជាងបណ្តុះចំណេះដឹងកំពុងធ្វើឱ្យសង្គមសម្បូរមនុស្សមានក្រដាសសញ្ញាបត្រ តែខ្វះសមត្ថភាពពិត ។ អ្នកខ្លះទៅទិញសញ្ញាបត្រក្លែងក្លាយពីជនបរទេសមកសម្ញែង ។
ការអប់រំក្លែងក្លាយមិនបានបង្កើតធនធានមនុស្សទេ ប៉ុន្តែបង្កើតមនុស្សខ្វះខ្លឹមសារ ដែលអាចបំផ្លាញស្ថាប័ននៅថ្ងៃក្រោយ ។ ពេលមនុស្សរៀនក្លែងក្លាយក្លាយជាមន្ត្រី គេបង្កើតរដ្ឋបាលក្លែងក្លាយ ។ ពេលក្លាយជាអ្នកជំនាញ គេបង្កើតគ្រោះថ្នាក់ក្នុងជំនាញ ។ ពេលក្លាយជាអ្នកដឹកនាំ គេបង្កើតការដឹកនាំគ្មានខ្លឹមសារ។ លើបណ្ឌិតក៏បានលើកឡើងករណីពាក់ព័ន្ធនឹងសញ្ញាបត្រក្លែងក្លាយ អ្វីដែលគួរឱ្យសោកស្តាយ និងតក់ស្លុតទៀតនោះមានអ្នកមានយសសក្ដិ និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមខ្លះ បង្ហាញការគាំទ្រ និងការអាណិតអាសូរអ្នកក្លែងសញ្ញាបត្រ និងប្រើសញ្ញាបត្រក្លែងទៀតផង ។

លោកបណ្ដិតបន្ថែមថា ភាពក្លែងក្លាយក៏កំពុងពាក់អាវសប្បុរ សធម៌ និងបង់ស្បង់ចីវរសាសនាផងដែរ ។ សប្បុរសធម៌ក្លែងក្លាយ គឺការយកទុក្ខវេទនារបស់អ្នកក្រជំងឺរបស់អ្នកដទៃ គ្រោះមហន្តរាយ និងទឹកភ្នែកប្រជាពលរដ្ឋ មកធ្វើអាជីកម្ម ធ្វើជាដើមទុនប្រជាប្រិយភាព លាងសម្អាតរូបភាពអាក្រក់ និងជំនួញទុច្ចរិតរបស់ខ្លួន ឬកេងចំណេញនយោបាយ ។ មនុស្សខ្លះមិនមែនជួយ ដើម្បីជួយទេ ប៉ុន្តែជួយដើម្បីឱ្យគេឃើញថាជួយ ។ រីឯគ្រូបារមីក្លែងក្លាយ និងបព្វជិតក្លែងក្លាយមួយចំនួន ក៏ប្រើជំនឿ ស្បង់ចីវរ វត្តអារាម និងឱវាទសាសនា ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ កើបយកប្រយោជន៍ និងគ្រប់គ្រងចិត្តមនុស្សខ្សោយ ។
នៅពេលសប្បុរសធម៌ក្លាយជាការសម្តែង និងសាសនាក្លាយជា អាជីវកម្ម សង្គមនឹងបាត់បង់មូលដ្ឋានសីលធម៌ដ៏សំខាន់បំផុតរបស់ខ្លួន ។
លោកបណ្ឌិតលើកឡើងទៀតថា ក្នុងវិស័យនយោបាយ និងរដ្ឋបាល ភាពក្លែងក្លាយរឹតតែគ្រោះថ្នាក់ ព្រោះវាប៉ះពាល់ដល់ប្រយោជន៍ជាតិទាំងមូល ។ អ្នកនយោបាយខ្លះប្រើវោហារសព្ទស្នេហាជាតិក្លែងក្លាយ ដើម្បីរកសន្លឹកឆ្នោត ខណៈសកម្មភាពពិតបែរជាបំបែកបំបាក់សង្គមយកបញ្ហាជាតិធ្វើជាដើមទុននយោបាយ និងលក់សេចក្តីសង្ឃឹមក្លែងក្លាយដល់ប្រជាពលរដ្ឋ ។
មន្ត្រីខ្លះនិយាយថា បម្រើរាស្ត្រ ប៉ុន្តែបង្កើតឧបសគ្គដើម្បីរកប្រាក់ក្រៅផ្លូវការ ។ ខ្លះនិយាយពីកំណែទម្រង់ ប៉ុន្តែរស់នៅលើប្រព័ន្ធចាស់ ។ ខ្លះនិយាយពីនីតិរដ្ឋ ប៉ុន្តែអាងខ្នង គេចច្បាប់ ។ ភាពក្លែងក្លាយបែបនេះ ធ្វើឱ្យវោហាសព្ទដ៏សែនពីរោះ ដូចជា ជាតិ ទឹកដី ប្រជារាស្ត្រ កំណែ ទម្រង់ និងនីតិរដ្ឋ ក្លាយជាសំបកនយោបាយដែលគ្មានខ្លឹមសារបន្តិចណាសោះ ។
ភាពក្លែងក្លាយក៏ចូលជ្រៀតក្នុងប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម និងទំនាក់ទំនងមនុស្សប្រចាំថ្ងៃផងដែរ។ មានព័ត៌មានក្លែងក្លាយ ជីវិតក្លែងក្លាយ ភាពល្បីល្បាញក្លែងក្លាយ មិត្តភាពក្លែងក្លាយ សេចក្តីស្រឡាញ់ក្លែងក្លាយ និងភាពជោគជ័យក្លែងក្លាយ ។ មនុស្សមួយចំនួនរស់ ដើម្បីឱ្យគេមើល មិនមែនរស់ ដើម្បីមានន័យទេ ។ អ្នកខ្លះបង្ហាញភាពសុខស្រួលលើបណ្តាញសង្គម ប៉ុន្តែខាងក្នុងពោរពេញដោយវិបត្តិ ។ អ្នកខ្លះសរសេរពាក្យធម៌ ប៉ុន្តែរស់ដោយចិត្តអាក្រក់ ។ អ្នកខ្លះនិយាយពីសេចក្តីស្មោះត្រង់ ប៉ុន្តែប្រើល្បិចកិច្ចកលជាប្រចាំ ។ អ្នកខ្លះមាត់និយាយស្អាតស្អំស្នេហាជាតិ តែដៃវេចខ្ចប់កេងប្រវញ្ចធនធានជាតិដោយឥតកោតក្រែង និងអៀនខ្មាស ។ នៅពេលចិត្តមនុស្សក្លែងក្លាយ សង្គមមិនត្រឹមតែបាត់បង់ទំនុកចិត្តគ្នាទេ ប៉ុន្តែបាត់បង់ភាពជាមនុស្សពិតប្រាកដផងដែរ ។
ជាមួយគ្នានោះដែរ លោកបណ្ឌិត បានលើកឡើងដែរថា ដំណោះស្រាយសម្រាប់សង្គមក្លែងក្លាយ ត្រូវតែម៉ឺងម៉ាត់ មុតស្រួច និងអនុវត្តដោយគ្មានការលើកលែង ។ សង្គមមិនអាចបន្តអត់ឱនឱ្យបុគ្គល ឬបណ្តាញណាមួយបង្កើតភាពក្លែងក្លាយ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ បំផ្លាញសុខភាព បំផ្លាញគុណភាពអប់រំ បំពុលជំនឿសាសនា បំផ្លាញអនាគតយុវជន ឬបំផ្លាញទំនុកចិត្តសង្គមបានទៀតឡើយ ។ អ្នកផលិត អ្នកនាំចូល អ្នកចែកចាយ អ្នកផ្សព្វផ្សាយ អ្នកការពារ និងអ្នកទទួលផលពីភាពក្លែងក្លាយ ត្រូវតែទទួលខុសត្រូវទាំងអស់ ។
ប្រសិនបើអំពើក្លែងក្លាយនោះបង្កព្យសនកម្មដល់សង្គម ប៉ះពាល់ដល់ជីវិត សុខភាព ទ្រព្យសម្បត្តិ សីលធម៌សាធារណៈ ឬអនាគតជាតិ ត្រូវតែផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដាក់ពន្ធនាគារ និងរឹបអូសទ្រព្យសម្បត្តិដែលបានមកពីអំពើខុសនោះ ដោយគ្មានការយោ គយល់ គ្មានការសម្របសម្រួល និងគ្មានការលើកលែង ។ ការដាក់ទណ្ឌកម្មបែប នេះមិនមែនជាការសងសឹកទេ ប៉ុន្តែជាការការពារសង្គម ការការពារសេចក្តីពិត និងការកាត់ផ្តាច់ឫសគល់នៃភាពក្លែងក្លាយ ។
ជាចុងក្រោយ លោកបណ្ឌិតថា សង្គមក្លែងក្លាយមិនអាចព្យាបាលដោយពាក្យអប់រំ សេចក្តីអំពាវនាវ ឬការណែនាំទន់ជ្រាយបានទេ ។ វាត្រូវការការប្រឈមមុខនឹងការពិត ការអនុវត្តច្បាប់ពិតប្រាកដ និងឆន្ទៈដ៏រឹងមាំក្នុងការបោសសម្អាតអ្នកដែលរស់នៅលើការបោកប្រាស់អ្នកដទៃ ។ អ្នកណាបង្កើតទំនិញក្លែងក្លាយ អ្នកណាលក់ ឬប្រើសញ្ញាបត្រក្លែងក្លាយ អ្នកណាប្រើសាសនាក្លែងក្លាយ អ្នកណាយកសប្បុរសធម៌ក្លែងក្លាយធ្វើជាខែល និងអ្នកណាប្រើវោហារសព្ទស្នេហាជាតិក្លែងក្លាយ ដើម្បីបំភាន់មហាជន អ្នកនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ និងចំពោះមុខប្រវត្តិសាស្ត្រ ។ ព្រោះរាល់ភាពក្លែងក្លាយដែលមិនត្រូវបានផ្តន្ទាទោសនឹងបង្កើតភាពក្លែងក្លាយថ្មីៗបន្តទៀត ហើយរាល់ភាពក្លែងក្លាយដែលត្រូវបានអបអរសាទរ នឹងសម្លាប់សេចក្តីពិតបន្តិចម្តងៗ រហូតដល់សង្គមលែងអាចបែងចែករវាងរបស់ពិត និងរបស់ក្លែងក្លាយបានទៀត ។
លោកបណ្ឌិតក៏បានដាក់សំណួរថា តើសង្គមយើងនៅបន្តភាពក្លែងក្លាយបែបនេះដល់ណាទៀត0x017d7 បើយើងនៅតែគ្មានវិធានការជាក់ស្តែងនៅថ្ងៃនេះ ថ្ងៃស្អែកភាពក្លែងក្លាយនឹងរីករាលដាលរាប់រយរាប់ពាន់ដង ហើយសង្គមយើងនឹងត្រូវបានហ៊ុំព័ទ្ធដោយភាពក្លែងក្លាយគ្រប់ទីកន្លែង គ្រប់វិស័យ និងគ្រប់ស្រទាប់ជាក់ជាមិនខាន ៕
ចែករំលែកព័តមាននេះ