ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីប្រាប់មណ្ឌលសុខភាព អោយពង្រឹងទំនុកចិត្តពីអ្នកជំងឺ

3 អាទិត្យ មុន

នៅ​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​មណ្ឌល​សុខភាព​មួយ​កន្លែង នៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ នា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៦ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ថា ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ គឺ​មាន​តម្លៃ​បំផុត​ចំពោះ​មណ្ឌល​សុខភាព ។

លោក​បាន​អះអាង​ថា ប្រជាពលរដ្ឋ​នឹង​ជ្រើសរើស​មក​ទទួល​សេវា នៅ​ពេល​ដែល​ពួក​គាត់​ទទួល​បានការ​ស្វាគមន៍​ដោយ​ភាពរួស​រាយ​រាក់ទាក់ ការ​គោរព ការ​យកចិត្តទុកដាក់ និង​សេវា​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ។

លោក​រដ្ឋមន្ត្រី​ជឿជាក់​ថា ប្រសិនបើ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ការ​ដឹកនាំ​ល្អ និង​សាមគ្គីភាព​ផ្ទៃក្នុង​មណ្ឌល​សុខភាព​នេះ អាច​ផ្លាស់​ប្តូរ​ទៅ​ជា​មណ្ឌល​សុខភាព ដែល​មានគុណ​ភាព មាន​ប្រសិទ្ធភាព និង​ទទួល​បានការ​គាំទ្រ​ពី​សហគមន៍ កាន់តែ​ច្រើន​នា​ពេល​ខាង​មុខ ។

នា​ឱកាស​នោះ​លោក​ក៏​បាន​គូស​រំលេច និង​សង្កត់ធ្ងន់​លើ​អាទិភាព​នៃ​ការ​ដែល​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ជាប់​ជា​ប្រចាំ ដល់​បុគ្គលិក​មណ្ឌល​សុខភាព​ក្បាល​ត្រាច អំពី​ការ​បម្រើសេវា​សុខាភិបាល ជូន​ដល់​គ្រប់​ប្រជាពលរដ្ឋ ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ សំដៅ​សុវត្ថិភាព គុណភាព ប្រសិទ្ធិ​ភាព និង​សមធម៌ ឈរ​លើ​ឥរិយាបថ​ទន់ភ្លន់ គោរព​ពេលវេលា​បំពេញការងារ និង​វេន​ការងារ​ប្រចាំការ ២៤​ម៉ោង ។

បន្ថែម​ពី​នេះ លោក​បាន​ជំរុញ​ឱ្យ​បុគ្គលិក​សុខាភិបាល បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ អនាម័យ បរិស្ថាន ការ​កត់ត្រា​ព័ត៌មាន​អ្នកជំងឺ​ឱ្យ​បាន​គត់មត់ ដែល​ជា​ព័ត៌មាន និង​ស្ថានភាព​អ្នកជំងឺ ដើម្បី​ទទួល​បាន និង​បន្ត​រក្សារ​ទំនុកចិត្ត និង​ភាព​កក់ក្តៅ​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​មក​ទទួល​សេវា ។

លោក​ក៏​បាន​រំលឹក​បន្ថែម ដល់​មណ្ឌល​សុខភាព ត្រូវ​ពិនិត្យ​និង​ជំរុញ​ការ​ផ្តល់​វ៉ាក់សាំង​ដល់​កុមារ និង​ទារក ដែល​ជា​ការ​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍ ដើម្បី​ធានា​បាន​នូវ​ការ​លើកកម្ពស់​សុខុមាល​សុខភាព​ប្រជាពលរដ្ឋ និង​បង្កើត​វប្បធម៌​ការងារ​ដែល​ផ្តោត​លើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ស្នូល ៕