បើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺដង្កាត់មួយចំនួនដល់សត្វគោក្របី របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវ
- ភ្នំពេញ
ខេត្តតាកែវ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីលោកញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកបូរីជលសារ បានអញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការចំងឺសារទឹក និងជំងឺអុតក្ដាមលើគោក្របៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលចញ្ចឹមគោ ក្របី សូមនាំគោក្របីមកចាក់ការពារជំងឺសារទឹកនិងជំងឺអុតក្ដាម ដែលមន្ត្រីជំនាញបសុពេទ្យបានរៀបចំចាក់ជូនដោយឥតគិតថ្លៃ ហើយរដូវនេះជារដូវវស្សានិងមានទឹកឡើង ដូច្នោះសូមបងប្អូនប្រជាកសិករនាំគោក្របីរបស់ខ្លួន ទៅកន្លែងទីទួលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ដល់គោក្របីដែលយើងចញ្ចឹម។
លោក អ៊ីង សុភិន អនុប្រធានការរិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នេសាទខេត្តតាកែវ បានឱ្យដឹងថា កាលពីឆ្នាំកន្លងទៅមានករណីជំងឺអុតក្ដាម ឬសារទឹកកើតលើគោ ក្របី របស់បងប្អូនប្រជាកសិករយើង ដូច្នោះដើម្បីការពារជំងឺនេះកុំអោយឆ្លងបន្តទៀតដល់គោក្របី សូមបងប្អូនប្រជាកសិករដែលមានចញ្ចឹមគោ ក្របី សូមនាំមកចាក់វា់ក់សាំងការពារជំងឺសារទឹកនិងជំងឺអុតក្ដាម ដោយឥតគិតថ្លៃ។
លោក អ៊ីង សុភិន បានបន្ថែមថា ការបើកយុទ្ធនាការនាព្រឹកថ្ងៃនេះ គឺយើងចាក់ថ្នាំបង្ការជំងឺសារទឹក និងជំងឺអុតក្ដាម ដល់ សត្វគោ ចំនួន ២៣៤ក្បាល និងសត្វក្របី ២១៥ក្បាល របស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកបូរីជលសារ ក៏ដូចជាប្រកាស បើកយុទ្ធនាការ ចាក់ថ្នាំបង្ការនេះផងដែរ ៕






ចែករំលែកព័តមាននេះ