រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានពីអ្នកដំណើរបានឱ្យដឹងថា បុរស២នាក់បន្ទាប់ពីផឹកស៊ីស្រវឹងចាក់ច្រាសបានដកកាំភ្លើងបាញ់បង្អើលបំភ័យគេឯងចំនួន២គ្រាប់ តាមបណ្តោយផ្លូវ៥លេខ៥១ កែងនឹងផ្លូវលេខ១៧៨ និង១៧៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ សីហា ២០១១ ហើយគេចខ្លួនបាត់ បើទោះជាប៉េអឹមចេញស្ទាក់ចាប់យ៉ាងប្រកៀកប្រកិតក៏ដោយ។
អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺបន្ទាប់ពីមានស្នូរកាំភ្លើងផ្ទុះឡើងរួចមក កម្លាំងកងរាជអាវុធខណ្ឌដូនពេញបានរាយអន្ទាក់ដេញតាមប្រមាញ់យ៉ាងប៉ផាប់ពភីងរឹតតែធ្វើឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង ទូទាំងរាជធានីភ្នំពេញថែមទៀត។ យោងតាមមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញបានឱ្យដឹងថា វេលាម៉ោងកើតហេតុ មានបុរសអន់ចរិត២នាក់ជិះម៉ូតូស្មាស់មួយគ្រឿង មានសភាពស្រវឹងត្រេងត្រាងដកកាំភ្លើងបាញ់លេងបង្អើលគេឯងចំនួន២គ្រាប់ តាមផ្លូវលេខ៥១ កែងនឹងផ្លូវលេខ១៧៨ និងផ្លូវលេខ១៧៤ បង្កឱ្យប្រជាពលរដ្ឋភ័យខ្លាចហើយបានជិះគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៥ ទៅបាត់។ ប៉ុន្តែបន្តិចក្រោយមកនោះ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បាននាំគ្នាដេញប្រមាញ់ដោយប្រកាសតាមវិទ្យុទាក់ទង ប៉ុន្តែគ្មានកម្លាំងសមត្ថកិច្ចមូលដ្ឋានណាមួយចេញជួយស្ទាក់នោះឡើយ ទើបធ្វើឱ្យជនល្មើសជិះគេចខ្លួនរហូតទៅដល់ស្រុកពញាឮ ហើយបាត់តែម្តងទៅ ។ សូមបញ្ជាក់ថា មុននេះមួយថ្ងៃ នៅមុខក្លឹបខារ៉ាអូខេស៊ីវីល័យមួយឈ្មោះ X2 ក៏ មានខ្មាន់កាំភ្លើងបានបាញ់បង្អើលគំរាមឱ្យមានការភ័យខ្លាងផងដែរ ហើយរត់គេចខ្លួនបាត់ អាជ្ញាធរ និងមន្ត្រីមូលដ្ឋានចាប់មិនបានដដែល។
រយៈពេលថ្មីៗនេះ សកម្មភាពបាញ់បោះរបស់ជនអន់ចរិតនៅក្នុងរាជធានីភ្នំពេញបានកើតឡើងញឹកញាប់ណាស់ ហើយមិនត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នោះឡើយ ព្រោះខ្មាន់កាំភ្លើងខ្លះជាកូនអ្នកធំ អ្នកមានអំណាច សមត្ថកិច្ចមិនហ៊ាន…។ ជនបង្កខ្លះទៀត ត្រូវបានឃាត់ខ្លួនតែមួយដង្ហើមចរិតប៉ុណ្ណោះ រួចកូ៏ត្រូវដោះលែងវិញ តាមរយៈលាភសក្ការៈ និងអំណាចបុណ្យស័ក្តិរបស់ខ្សែទុយោ ៕
ចែករំលែកព័តមាននេះ