ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី៤ សីហា វេលាម៉ោង៨ព្រឹក នៅសាលាស្រុករមាសហែកមានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរតំណែងលោកហែន សាគុន អភិបាលរងស្រុករមាសហែកទៅជាអភិបាលនៃគណៈអភិបាលរមាសហែក ជំនួសលោកម៉ៅ វីរៈ អភិបាលស្រុករមាសហែកចូលនិវត្តន៍។
ក្នុងឱកាសនោះលោកម៉ៅ វីរៈ បានរាយការណ៍ថា ការងាររដ្ឋបាលស្រុករមាសហែកមានផ្ទៃដីសរុប៧៦.៤៦០ហិកតា ក្នុងនោះដីស្រែប្រាំង១០ហិកតា ស្រែវស្សា៣១.៩៥៦ហិកតា ប្រជាពលរដ្ឋសរុប២៨.៨៨៨គ្រួសារ ៩៨ភាគរយជាកសិករ ធ្វើស្រែប្រាំងបាន៩០៤ហិកតា ទិន្នផលជាមធ្យម៣.៥០០គីឡូក្រាម ក្នុង១ហិកតា។ ផែនការធ្វើស្រូវវស្សាគឺ៣១.៨០០ហិកតា បច្ចុប្បន្នប្រជាកសិករភ្ជួររាស់ដីបាន២២.៤០៩ហិកតា សាបបាន ២.៣២៥ហិកតា ស្រូវព្រោះនិងស្ទូងបាន៤.៥២៥ហិកតា ដាំដំឡូងមីបានចំនួន១២.២៣៩ហិកតា ដំឡូងវល្លិ៍៦៨ហិកតា ដំឡូងឈើ៦២ហិកតា ត្រាវ៤៦ហិកតា អំពៅ៨៩៧ហិកតា និងបន្លែគ្រប់មុខ២៦៦ហិកតា។
ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរៀបចំវេទិកាសាធារណៈទៅតាមឃុំបាន៣៥លើក ប្រជាពលរដ្ឋចូលរួមបាន១.៦៨៥នាក់ ស្រី៦២៦នាក់ រៀបចំប្រជាការពារបាន១.២៦១ក្រុម ក្នុង១ក្រុម១០នាក់ សង់រោងយាមបាន២០៤រោង។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១១ បទល្មើសព្រហ្មទណ្ឌកើតមាន៥លើក ក្នុងនោះករណីរំលោភសេពសន្ថវៈ១លើក មនុស្សឃាត១លើក ចោរលួច៣លើក។ ចាប់បានជនសង្ស័យ៧នាក់។
គ្រោះថ្នាក់ចរាចរណ៍១៤លើក បណ្តាលឱ្យមនុស្សរបួសធ្ងន់៣០នាក់ ស្រី៩នាក់ ខូចរថយន្ត៣គ្រឿង គោយន្ត១គ្រឿង ម៉ូតូ៩គ្រឿង និងកង់៤គ្រឿង។ មានអគ្គិភ័យនៅកំពង់ត្រាច១លើក ចង.កសម្លាប់ខ្លួនឯង២នាក់។
ការងារអភិវឌ្ឍន៍កសាងផ្លូវក្រាលកៅស៊ូមានប្រវែង១៣.៧០០ម៉ែត្រ ផ្លូវក្រាលខ្សាច់ភ្នំមានប្រវែង១៥.៣៨៨ម៉ែត្រ ផ្លូវក្រាលគ្រួសក្រហមមានប្រវែង២០.៩៣៣ម៉ែត្រ ប្រភេទផ្លូវដីសមានប្រវែង១៨.៩៥១ម៉ែត្រ។ ឆ្នាំ២០១០-២០១១ សង់សាលារៀនបាន១៧ខ្នងស្មើ៦៩បន្ទប់ សង់បង្គន់អនាម័យបាន៤២៩បង្គន់និងអណ្តូងទឹក២០៩ ដាក់លូកាត់ថ្នល់១៧កន្លែងដាក់លូជ្រុង២កន្លែង និងស្ពាន១កន្លែងប្រវែង១២ម៉ែត្រគុណ៦ម៉ែត្រ។
លោកសំ វុឌ្ឍី នាយករដ្ឋបាលសាលាខេត្តបានអានអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៨៥៦អនក្រ.តត ចុះថ្ងៃទី២០ កក្កដា ឆ្នាំ២០១១ សម្រេចតែងតាំងលោកហែន សាគុន ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៧ ជាអភិបាលស្រុករមាសហែកនៃខេត្តស្វាយរៀង។ ក្រោយពីប្រកាសតែងតាំងរួច លោកជៀង អំ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលខេត្តប្រគល់អនុក្រឹត្យតែងតាំងនិងត្រា ជូនលោកហែន សាគុន អភិបាលស្រុករមាសហែក។
លោកហែន សាគុន បានឡើងមានមតិប្តេជ្ញាចិត្តថា លោកសូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកជៀង អំ អភិបាលខេត្តបានផ្តល់ទំនុកចិត្ត តែងតាំងរូបលោកជាអភិបាលស្រុករមាសហែក ដើម្បីបន្តនិរន្តរភាពដឹកនាំការងារលើគ្រប់វិស័យរបស់ស្រុក ជាពិសេសវិស័យសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ លោកបានកោតសរសើរដល់លោកម៉ៅ វីរៈ អភិបាលស្រុក ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យចូលនិវត្តន៍ទៅហើយក្តី តែលោកបានបន្សល់ទុកនូវស្នាដៃល្អៗ ជាច្រើនទុកឱ្យរូបលោករៀនសូត្រតាម និងសម្រាប់ជាអ្នកបន្តវេនជំនាន់ក្រោយៗទៀត ដូច្នេះរូបលោកបានប្តេជ្ញាថា ខិតខំអនុវត្តភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឱ្យបានរីកចម្រើនដើម្បីបម្រើសេវាសាធារណៈឱ្យមានតម្លាភាព គណនេយ្យភាព ឱ្យមានអភិបាលកិច្ចល្អ៕
ចែករំលែកព័តមាននេះ