ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើស​នាយករដ្ឋមន្រ្តី​ថៃ​ អ្នក​វិភាគ ៖ បរិយា​កាស​ក្រេប​ទឹក​ឃ្មុំកន្លង​ផុត​លោក​ស្រី​យីងឡាក់​ត្រៀម​ឆ្លងកាត់​ឧបសគ្គ

13 ឆ្នាំ មុន

លោកម៉ាទីន ផេតទី ឆ្លើយ​ឆ្លង​ព័ត៌​មាន​​របស់​​ទី​ភ្នាក់​ងារ​​រ៉យទ័រ បាន​​ធ្វើ​ការ​​វិភាគ​លើ​នយោ​បាយ​​ថៃ​ ដោយ​បាន​សរសរ​​​ជាចំណង​​ជើង​ថា​«​​​ការ​​ក្រេបទឹក​ឃ្មុំ​​បាន​កន្លង​ផុត​​​ លោកស្រី​យីង ឡាក់ ​ចាប់​ផ្តើម​​​​ឆ្លង​​កាត់​ឧបសគ្គ​​។ ការ​​វិភាគ​​នេះ​ដោយ​សារ​​ថា​ នៅ​ថ្ងៃនេះ​ (៥ សីហា)​ សភា​​ថៃ​នឹង​បោះ​ឆ្នោត​​ជ្រើសរើស​​​នាយក​រដ្ឋ​មន្ត្រី​​ដើម្បី​​បង្កើត​​​​ គណៈ​​​រដ្ឋមន្ត្រី​ថ្មី ។​

លោកម៉ាទីន ផេតទី ឆ្លើយ​ឆ្លង​ព័ត៌​មាន​​របស់​​ទី​ភ្នាក់​ងារ​​រ៉យទ័រ បាន​​ធ្វើ​ការ​​វិភាគ​លើ​នយោ​បាយ​​ថៃ​ ដោយ​បាន​សរសរ​​​ជាចំណង​​ជើង​ថា​«​​​ការ​​ក្រេបទឹក​ឃ្មុំ​​បាន​កន្លង​ផុត​​​ លោកស្រី​យីង ឡាក់ ​ចាប់​ផ្តើម​​​​ឆ្លង​​កាត់​ឧបសគ្គ​​។ ការ​​វិភាគ​​នេះ​ដោយ​សារ​​ថា​ នៅ​ថ្ងៃនេះ​ (៥ សីហា)​ សភា​​ថៃ​នឹង​បោះ​ឆ្នោត​​ជ្រើសរើស​​​នាយក​រដ្ឋ​មន្ត្រី​​ដើម្បី​​បង្កើត​​​​គណៈ​​​រដ្ឋមន្ត្រី​ថ្មី ។

លោក​ផេតទី បាន​ធ្វើ​ការវិភាគ​​ជាដំបូង​ថា លោក​​ស្រី​​យីង ឡាក់​ ស៊ីណាវ៉ាត្រា ដែល​ធ្លាប់​​​​គ្រប់​គ្រង​​ក្រុម​ហ៊ុន​អចលនទ្រព្យ​​ កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​​​​កាន់​តែ​​ច្រើន​​នៅ​ក្នុង​អំឡុង​​​​ពេល​ដែល​​លោក​ស្រី​​​ទទួល​​តួនាទី​ជាអ្នក​ដឹកនាំ​​ប្រទេស​ដែល​មាន​​បញ្ហា​​ស្មុគស្មាញ​​ដោយ​វិបត្តិ​​នយោ​បាយ​​​និង​ហេតុ​ការណ៍​​បង្ហូរ​ឈាម ។

អ្នក​​សារព័ត៌​មាន​បរទេស​ខាង​លើ​​យល់​ឃើញ​​ថា  ក្នុង​អំឡុង​​ពេល​នៃ​ការ​​ក្រេបទឹក​ឃ្មុំ​​របស់​អ្នក​នយោ​បាយ​​ថ្មី​អាយុ​៤៤ឆ្នាំ គឺ​លោក​ស្រី​​យីង ឡាក់ ​​កំពុង​រសាត់​​បាត់​​នៅពេល​​ដែល​លោក​ស្រី​​​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​​​ស្ត្រី​ដំបូង​ក្នុង​ប្រទេស​ថៃ ហើយ​​ជន​ក្រីក្រ​ជាច្រើន​លាន​នាក់​ដែល​គាំទ្រ​គណបក្ស​ភឿ​ថៃ​ មាន​ក្តី​សង្ឃឹម​​ថា​នឹងទទួល​​បាន​ផល​ប្រយោជន៍​​​ពី​​លោក​ស្រី​យីង ឡាក់ ។

ដោយឡែក​​​ ប្រទេស​​ថៃ​ក៏ត្រូវ​ការ​ឱ្យ​មានការ​បញ្ចប់​​វិបត្តិ​​នយោ​បាយ​ដែល​កើត​​ឡើង​​​​ចាប់​តាំងពី​​មាន​​​រដ្ឋ​​ប្រហារ​​​ថ្ងៃទី​១៩ កញ្ញា ២០០៦​មក។ ​ទោះ​បី​ជា​​តំណាង​រាស្ត្រ​ខាង​គណបក្ស​​ភឿថៃ​មាន​ចំនួន​២៦៥​នាក់ ពីចំនួន​សរុប​​៥០០​នាក់ ​នៅក្នុង​សភា​​អាចជួយ​បន្ធូរ​បន្ថយ​វិបត្តិ​​ទាក់ទិន​​នឹង​ការ​ជ្រៀត​ជ្រែក​​​នយោ​បាយ​បាន​​ដែល​​អាចឆ្លុះ​បញ្ចាំង​​តាម​រយៈ​​តួ​លេខ​នៃ​ការ​វិនិយោគ​ទុន​កើន​ខ្ពស់​ ក្នុងទីផផ្សារ​ភាគ​ហ៊ុន​​​របស់​ថៃ​​ក្តី​ ក៏​បញ្ហា​​​ជា​ច្រើន​​ហាក់​​កំពុង​​រង់​ចាំ​​​​លោក​ស្រី​​យីង ឡាក់។​ ទោះជាយ៉ាងណាក៏​ដោយ​ ក្នុង​អំឡុង​​ពេល​​ដែល​លោក​ស្រី​​​យីង ឡាក់ ​​ដើរ​​​ចូល​​ក្នុងឆាក​​នយោ​បាយ​តាម​គន្លង​របស់​លោក​​ថាក់​ស៊ីន ស៊ីណាវា៉ត្រា ​​ជា​បងប្រុស​ ជាការ​ពិត​លោក​​​ថាក់​ស៊ីន ​ដែល​ត្រូវ​បានគេ​សម្លឹង​ឃើញ​​ថា​ ​នឹងមាន​ឥទ្ធិពល​​​ដល់​​រដ្ឋា​ភិបាល​​ថ្មី​ក៏អាច​​ឈាន​ចូល​​​ក្នុង​​ប្រព័ន្ធ​​នយោបាយ​​ដ៏​​រដិបរដុប​​របស់​​​រដ្ឋាភិបាល​​​គណបក្ស​ភឿ​ថៃ​បាន។

លោក​ដេវីដ ស្ត្រេក​ហ្វាស់​ អ្នក​ជំនាញ​​ជន​ជាតិ​​​អាមេរិក​ប្រចាំ​​​មហា​​វិទ្យា​​ល័យ​​ខន​គែន របស់​​ថៃ បាន​​​ប្រាប់​​រ៉យទ័រ​ថា «កម្រិត​​​នៃភាព​​ឯករាជ្យ​​​​របស់​លោក​ថាក់​ស៊ីន​ អាចនឹង​​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​កម្រិតនៃ​​ការ​ទទួល​ស្គាល់​​ដែល​​មនុស្ស​​ទូទៅ​​មាន​ចំពោះ​​លោកស្រី​​យីង ឡាក់» ។  អ្នក​វិភាគ​​ជាច្រើន​នាក់ មាន​​ជំនឿ​​ថា ​ភាគី​ប្រឆាំង​​នឹង​លោក​ថាក់ស៊ីន​ ​កំពុង​​ឃ្លាំ​មើល​​​​​ចាំឱ្យ​តែ​រដ្ឋាភិបាល​​ថ្មីមានកំហុស​​ឆ្គង​អ្វី​មួយគេ​នឹង​​​ដាក់​​បញ្ចូល​បញ្ហា​​​ទៅ​​ក្នុង​​លក្ខខណ្ឌ​​​ជ្រៀត​ជ្រែក​​ នយោ​​បាយ​​ភ្លាម ​​​ហើយ​​គេក៏​​មិនទាន់​​​អាច​​​ទាយ​ត្រូវ​​​ទេ​ថា​តើ​​​នឹង​មាន​​បាតុភាព​​​នយោ​បាយ​​បែប​ណា​ទៀត ។

លោក​ស៊ុមឆាយ ផាកាផាសវីវ៉ាត់ ​អ្នក​ជំនាញ​​​​នៅ​​មហាវិទ្យាល័យ​​ថាម៉ាសាស្ត្រ​ បានបញ្ជាក់​​​ថា «​ជ័យជម្នះ​របស់​​លោកស្រី​​យីង ឡាក់ ​ចាត់​ទុក​ថា ជាជ័យជម្នះ​​​ដ៏​​លើស​លប់​មួយនៅ​​ក្នុង​ប្រវត្តិ​សាស្ត្រ​​នៃការ​បោះ​​ឆ្នោត​របស់​ថៃ ។  ដូច្នេះ​ ការ​រារាំង​លោកស្រី​ភ្លាមៗ​គឺជារឿង​​​មួយ​​មិនអាច​​ធ្វើ​ទៅ​បាន​ទេ »  ។ លោក​សាស្ត្រាចារ្យ​​មហាវិទ្យា​ល័យ​​ខាងលើ​​បាន​បន្ត​ថា «សកម្មភាព​ណាមួយ​ដែល​បង្កើត​​​ឡើង​​ដើម្បី​​ប្រឆាំង​​នឹង​​រដ្ឋា​ភិបាល​​​លោកស្រី​​ឡាក់ យីង ​ត្រូវគិតគូរ​និងរិះគន់​​ឱ្យ​បាន​ល្អិត​ល្អន់​ ។ ពួកគេ​តម្រូវ​រង់​ចាំ​​ឱ្យ​រដ្ឋាភិបាល​​ថ្មី​ប្រតិបត្តិ​ដោយ​មាន​កំហុសឆ្គង និងត្រូវ​​មាន​ហេតុ​ផល​ស្រប​ច្បាប់​​ទាក់​ទងនឹង​សកម្មភាព​​របស់​ខ្លួន។ បើ​មិន​ដូ​ច្នេះទេ​​លទ្ធផល​​ដែល​​កើត​ឡើង​នឹង​ក្លាយ​ជា​ស្ថានភាព​ចលាចលជាថ្មី »។

បេក្ខ​ភាព​លោក​ចាទុផន ព្រំ​ផាន់លោក​ Apichart Sukhaggenond ប្រធាន​គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​សភា​និយាយ​ថា តាម​ការ​យល់​ឃើញ​របស់​​លោក​​ គឺ​លោក Jatuporn Promphan សមា​ជិក​សភា​ជ្រើស​តាំង​​មក​ពី​គណ​បក្ស​ភឿ​ថៃ​គួរ​តែ​ត្រូវ​ដក​ចេញ​ពី​សមា​ជិក​បក្ស​របស់​គាត់​ព្រោះ​គាត់​ទទួល​បរា​ជ័យ​ក្នុង​​ការ​រក​សម្លេង​ឆ្នោត​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា​។

អ្នក​ប្រឆាំង​លោក​ចាទុផន​នេះ​និយាយ​ថា អ្នក​មិន​គួរ​ទទួល​មនុស្ស​ដែល​ខ្វះ​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ចូល​ធ្វើ​ការ​ទេ​ ដូចជា​ពេល​ចូល​ធ្វើ​ការ​ងារ​​គេ​ត្រូវ​ការ​មនុស្ស​បញ្ចប់​បរិញ្ញា​បត្រ​ដែរ​។ តែ​ទោះ​ជា​យ៉ាង​ណា​សមា​ជិក​គណៈ​កម្មា​ធិការ​បួន​រូប​បាន​បោះ​ឆ្នោត​សម្រេច​គាំ​ទ្រ​លោក​ Jatuporn ដោយ​សំអាង​ហេតុ​ផល​ថា គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​សភា​គ្មាន​អំណាច​ក្នុង​ការ​ដក​សិទ្ធិ​ទេ​។ លោក Jatuporn ជា​មេដឹក​នាំ​សំខាន់​ម្នាក់​របស់​ក្រុម​អាវ​ក្រហម​ដែល​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធ​នា​គារ​ Bangkok Remand កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​ថៃ​យល់​ព្រម​ទទួ​ល​គាត់​ក្នុង​បញ្ជី​ឈ្មោះ​របស់​គណ​បក្ស​ភឿ​ថៃ។

លោក​ Wisuth Pothitaen និយាយ​ថា គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដោយ​ចេញ​ការ​បំភ្លឺ​ជា​សាធារណៈ​ទៅ​លើ​សេចក្តី​សម្រេច​របស់​គណៈ​កម្មា​ធិការ​ចំពោះ​ករណី​លោក Jatuporn និង​​សេចក្តី​សម្រេច​ផ្សេងៗ​ដែល​ធ្វើ​ឡើង​ដោយ​គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​សភា​(EC)ដើម្បី​ឱ្យ​សាធារណ​ជន​យល់​កាន់​តែ​ច្បាស់​។ EC​សើុប​អង្កេត​ទៅ​លើ​ការ​ដក​សិទ្ធិ​របស់​លោក Jatuporn នាពេល​ឆាប់ៗ ប៉ុន្តែ​វា​នឹង​ត្រូវ​បញ្ចប់​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក Suthiphon Thavechaiyagarn អគ្គ​លេខា​ធិការ EC កាល​ពី​ម្សិល​មិញបាន​និយាយ​ថា ក្រុម​ស្វែង​រក​ការ​ពិត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ EC នឹង​ចាប់​ផ្តើម​បើក​ការ​ស៊ើប​អង្កេត​ថា មន្ត្រី​ជាន់​ខ្ពស់​របស់​EC កំពុង​​លេង​ហ្គោល​ជាមួយ​អ្នក​នយោ​បាយ​។ គាត់​ថា ភស្តុតាង​នៃ​បទ​ឧក្រិដ្ឋ​ នឹង​ត្រូវ​ការ​ចំណាយ​ពេល​វេលា​ខ្លះ​ក្នុង​ការ​ប្រមូល​ព័ត៌​មាន​ និង​បញ្ចប់​កិច្ច​ការ​របស់​ខ្លួន​។

ប្រតិ​កម្ម​របស់​លោក​ចាទុ​ផនលោក​​ចាទុផន ​និយាយ​ថា ក្រុម​អាវ​ក្រហម​ និង​លោក​មិន​ដែល​ស្វែង​រក​កៅ​អី​អង្គុយ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​ទេ ។ លោក​​ចង់​នៅ​ក្នុង​​គណ​បក្ស​របស់​​លោក​ដដែល​។

លោក​និយាយ​ថា កុំ​សំអាង​លើ​សកម្ម​ភាព​របស់​គេ​ជា​ហេតុ​ផល​ដើម្បី​កុំ​ឱ្យ​ពួក​គេ​ដើរ​ចេញ​ពី​គណៈ​រដ្ឋ​មន្ត្រី​។ លោក​​បាន​ច្រាន​ចោល​ព័ត៌​មាន​ដែល​ថា លោក​អតីត​នាយ​ក​រដ្ឋ​មន្ត្រី​ថៃ​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា​ បាន​ទូរ​ស័ព្ទ​ទៅ​កាន់​លោក​មេ​បញ្ជា​ការ​កង​ទ័ព​​ប្រាយុទ្ធ​ ចាន់​អូចា​ ដើម្បី​ដោះ​ស្រាយ​រឿង​អ្នក​ណា​គួរ​ក្លាយ​ជា​រដ្ឋ​​មន្ត្រី​ការ​ពារ​ជាតិ​។

គណៈ​រដ្ឋ​មន្ត្រី​ថៃ​រៀប​ចំ​រួច​រាល់​ហើយ​សមា​ជិក​គណៈ​រដ្ឋ​មន្ត្រី​ថ្មីគេ​កំពុងចាប់​ផ្តើម​សម្រេច​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ការ​ចូល​រួម​ពីបង​ប្រុស​​លោក​ស្រី​យីង​ឡាក់​ អនា​គត​នាយ​ក​រដ្ឋ​មន្ត្រី​ស្រី​ថ្មី​ដំបូង​ គឺ​លោក​ថាក់​ស៊ីន ស៊ីណា​វ៉ា​ត្រា​ទេ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី​ប្រាប់​អ្នក​​សារ​ព័ត៌​មាន​។ លោក​ស្រី​យីង​ឡាក់​បាន​ច្រាន​ចោល​ព័ត៌​មាន​ដែល​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ថា សមា​ជិក​គណៈ​រដ្ឋ​មន្ត្រី​៩០​ភាគ​រយ​ត្រូវ​បាន​ជ្រើស​រើស​រួច​ជា​ស្រេច​។

ពេល​សួរ​លោក​ស្រី​ថា តើ​សមា​ជិក​ដែល​មក​ពី​គណ​បក្ស​រណសិរ្ស​រួប​រួម​ដើម្បី​ប្រជា​ធិប​តេយ្យ​ប្រឆាំង​អំណាច​ផ្តាច់​ការ​(UDD) នឹង​អាច​ចូល​រួម​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​ទេ?​លោក​ស្រី​ឆ្លើយ​ថា «ខ្ញុំ​មិន​អាច​និយាយ​អ្វី​ទាំង​អស់​នា​ពេល​នេះ​។ វា​ដូច​ជា​លឿន​ក្នុង​ការ​បូក​សរុប»​។

លោក​ស្រី​បន្ត​ថា លោក​ស្រី​បាន​សម្រេច​ចិត្ត​រួច​រាល់​ហើយ​ចំពោះ​មនុស្ស​ដែលលោកស្រី​​ត្រូវ​ការ​សម្រាប់​តំណែង​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​ និង​សន្តិ​សុខ​ជាតិ​ ប៉ុន្តែ​លោ​កស្រី​នឹង​ប្រាប់​​បន្ថែម​​លំអិត​ដារាបណា​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ត្រូវ​បាន​រៀប​ចំ​ចប់​សព្វ​គ្រប់​។

លោកស្រី​បាន​ច្រាន​ចោល​ព័ត៌​មាន​ដែល​ថា នាយក​ប្រតិ​បត្តិ​​នៃ​ធនា​គារ​ Siam Commercial Bank លោក Vicgit Syrapongchai បាន​លា​លែង​ពី​តំណែង​ពីការ​ងារ​របស់​គាត់​ដើម្បី​រៀប​ចំ​ទទួល​តំណែង​រដ្ឋ​មន្ត្រី ហិរញ្ញ​វត្ថុ​។

លោក​ស្រី​​និយាយ​ថា មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើស​រើស​​មនុស្ស​មក​កាន់​តំណែង​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ទេ។ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ដែល​នៅ​ក្រៅ​ស្រុក​លោក​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ត្រៀម​ចេញ​ពី​តំណែង​អាប់​ភី​ស៊ីត​ វេ​ចា​ជីវ៉ា មិន​ធ្វើ​សេចក្តី​អធិប្បាយ​អ្វី​ទាំង​អស់​ចំពោះ​ការ​ជ្រើ​សរើស​សមា​ជិក​គណៈ​រដ្ឋ​មន្ត្រី​ដោយ​គ្រាន់​តែ​និយាយ​ថា វា​ជាការ​សំរេច​កំពូល​របស់​គណ​បក្ស​ភឿ​ថៃ​។

លោក​អាប់​ភីស៊ីត​ វេចាជីវ៉ា និយាយ​ថា គាត់​សង្ឃឹម​ថា គណបក្ស​ភឿ​ថៃ​ នឹង​ដឹក​នាំ​រដ្ឋា​ភិ​បាល​ថ្មី​អាច​ដោះ​ស្រាយ​បញ្ហា​ការ​ចំណាយ​ខ្ពស់​សម្រាប់​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន​ដែល​​ចេះ​តែ​កើន​ឡើង​ និង​ប្រើ​ប្រាស់​ប្រព័ន្ធ​សភា​និយម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​ និង​ទំនាស់​។
លោក​​បន្ត​ថា ប្រសិន​បើ​រដ្ឋា​ភិ​បាល​របស់​​លោក​ស្រី​យីង​ ឡាក់ គ្រប់​គ្រង​បាន​ល្អ​ លទិ្ធ​ប្រជា​ធិប​តេយ្យ​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋា​ភិ​បាល​នោះ​បន្ត​ធ្វើ​ការ​។ ប្រសិន​បើ​ពុំ​នោះ​ទេ​វានឹង​គ្មាន​ឱកាស​ជា​ថ្មី​ម្តង​ទៀត​ឡើយ​ ៕