ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​​តវ៉ា​ឱ្យ​​​តម្លៃ​​ភ្លើង​អគ្គិសនី​​​ចុះថោក

13 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​​ប្រជាពលរដ្ឋ​​​​ប្រមាណ​៣០០​​នាក់មក​ពី​៥ឃុំ​​ក្នុង​ស្រុក​​ត្រាំកក់ បាន​​​នាំគ្នាទៅ​កាន់វត្ត​មង្គល​មា​ន​លក្ខណ៍​ស្ថិត​នៅ​ឃុំ​​ត្រពាំង​​ធំ​ខាង ​ជើង ដើម្បីតវ៉ា​​អំពីតម្លៃ​​​​ចរន្ត​អគ្គិសនី​​ដែល​ចេះ​​តែឡើង​ឥត​ឈប់ឈរ​ និង​​ស្តាប់​ការ​បក​ស្រាយ​​​របស់អាជ្ញាធរ​​អគ្គិសនី​កម្ពុជា ​កាលពីថ្ងៃ​ទី៤ ​សីហា ដោយមាន​

ខេត្ត​តាកែវ ៖ ​​ប្រជាពលរដ្ឋ​​​​ប្រមាណ​៣០០​​នាក់មក​ពី​៥ឃុំ​​ក្នុង​ស្រុក​​ត្រាំកក់ បាន​​​នាំគ្នាទៅ​កាន់វត្ត​មង្គល​មា​ន​លក្ខណ៍​ស្ថិត​នៅ​ឃុំ​​ត្រពាំង​​ធំ​ខាង​ជើង ដើម្បីតវ៉ា​​អំពីតម្លៃ​​​​ចរន្ត​អគ្គិសនី​​ដែល​ចេះ​​តែឡើង​ឥត​ឈប់ឈរ​ និង​​ស្តាប់​ការ​បក​ស្រាយ​​​របស់អាជ្ញាធរ​​អគ្គិសនី​កម្ពុជា ​កាលពីថ្ងៃ​ទី៤ ​សីហា ដោយមាន​ការ​អញ្ជើញ​​​ជា​អធិបតី​ពី​​​លោកទី ថានី ​នាយក​​ប្រតិបត្តិ​​​ អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា ​និងមានការចូល​រួម​ពី​លោកយឹម ​វិសិដ្ឋ ​​នាយកបញ្ញតិ្តកម្មសេវា​កម្មផ្គត់​ផ្គង់​​ លោកស្រី​​គា សុភូ ​អភិបាល​ស្រុក​ត្រាំ​កក់ ​លោក​ជិត ​ប៉ុណ្ណារ៉ា ​​​ប្រធាន​ក្រុមហ៊ុនអគ្គិសនី​​អង្គ​រកា ព្រម​ទាំង​លោកមេ​ឃុំ ​មេភូមិ ។

លោក​មេឃុំ​ជាង​​ទង​​ប្រាប់​កោះសន្តិភាព​​​ឱ្យ​ដឹង​​ថា ប្រជាពលរដ្ឋ​ដែលប្រើ​​ចរន្តអគ្គិសនី ​​អង្គ​រកាលើកគ្នាមកនេះមកពីចំនួន​៥ឃុំ​​មាន​ឃុំ​ជាង​ទង ​ឃុំអូរ​​សារាយ ​ឃុំត្រពាំង​ធំខាងត្បូង ឃុំ​ត្រពាំង​ធំ​ខាង​ជើង និងឃុំ​តា​ភេម ​ប្រមាណ​ជា ៣០០នាក់ ដើម្បី​ស្តាប់ការ​ពន្យល់​​របស់អាជ្ញា​ធរ​អគ្គិសនី​​កម្ពុជា​​ពីរឿង​​ភ្លើង​​ដែលបន្ត​ឡើង​ថ្លៃ​​​មិន​ឈប់ឈរ ។

ស្ត្រីឈ្មោះ​សែម បូងា ហៅប៉ុច​ អាយុ​៤៣​ឆ្នាំ ​រស់នៅ​ភូមិព្រៃ​​រំដួល ឃុំ​​ត្រពាំង​​ធំខាង​ត្បូង​ឱ្យ​ដឹង​ថា ​អ្នកប្រើប្រាស់​​ចរន្តអគ្គិសនី​​អង្គ​រ​កា​នេះកាលពី​ខែធ្នូ ឆ្នាំ២០១០ ​បាន​តវ៉ា​​នៅសាលា​​ស្រុកត្រាំ​កក់​ម្តង​មក​ហើយ​​សុំឱ្យ​ថ្លៃភ្លើង​ចុះថោក​​ តែ​ត្រូវ​​​អាជ្ញា​ធរ​ស្រុក ​និងក្រុមហ៊ុន​សន្យា​​ថា នៅដើម​ឆ្នាំ​២០១១ នឹងមាន​​បណ្តាញ​អគ្គិសនី​ថ្មី​ប្រើប្រាស់​​​ និង​តម្លៃចុះ​ថោកវិញហើយ ​។ ទោះ​​ជា​យ៉ាង​ណាក្តី មក​​ដល់​ខែសីហាទៅ​ហើយ​អត់​មាន​បណ្តាញ​​អគ្គិសនី​ថ្មីប្រើ ហើយ​នៅ​តែបន្ត​ឡើង​ថ្លៃ​១​គីឡូ​វ៉ាត់ម៉ោង​៣២០០​​​រៀល​​ទៀត​ ដូច្នេះ​​​សូម​​អាជ្ញា​ធរ​អគ្គិសនី​​ជួយ​ធ្វើយ៉ាង​ណា​ឱ្យ​បញ្ហា​​​​ប្រើ​ប្រាស់​​អគ្គិសនី​​​បានគ្រប់គ្រាន់ ហើយ​មាន​តម្លៃ​ថោក​សមរម្យ​​​អាចទទួល​យក​បានផង ។

លោក​ជិត ប៉ុណ្ណារ៉ា ​​ប្រធាន​សេវាកម្មអគ្គិសនី អង្គរ​កា​​បាន​លើកឡើង​ថា កាលពីមាន​ការ​តវ៉ា​នៅ​​សាលា​ស្រុក​លោក​សន្យា​ថា បើ​​មាន​ប្រាក់កម្ចី​​ពី​​ប្រទេស​អាល្លឺម៉ង់​នោះនឹង​មានបណ្តាញ​​​ថ្មី ពី​​អង្គ​តាសោម​​មកដល់ទីនេះ តែប្រាក់​កម្ចីនោះ​អត់​ទាន់​បាន​​​ ទើប​​នៅជួបការ​លំបាក​ ។ ដោយ​សារ​បែប​នេះ​លោក​សំណូមពរ​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​យោគ​យល់​ ។ តម្លៃ​​ភ្លើង គឺ​​ខាង​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា​ជា​អ្នក​ដាក់​ឱ្យ​មិន​ែមនខាង​លោក​ជា​អ្នក​ដំឡើង​ថ្លៃខ្លួន​ឯងទេ។

លោក​ទី ថានី នាយកប្រតិបត្តិ​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា​ឱ្យ​ដឹង​ថា បណ្តាញ​​អគ្គិសនី​​ដែល​តមកពី​ប្រទេស​វៀតណាម​​ប្រើ​អត់​គ្រប់​ទេ ទើប​នៅ​មាន​កន្លែង​ខ្លះ​មាន​ភ្លើង​ឯក​ជន​ប្រើ​ និង​​មាន​តម្លៃ​​ខ្ពស់បែបនេះ​ព្រោះ​​​គេ​បញ្ឆេះ​ម៉ា​ស៊ីន​ភ្លើង ​ឯ​ប្រេង​ឡើង​​ថ្លៃ​ជា​លំដាប់​ ដូច្នេះ​ទាំង​អ្នក​ប្រើ​ប្រាស់​​​ និងក្រុម​​ហ៊ុន​ត្រូវ​មាន​ការយោគយល់​គ្នា។ លោក​បញ្ជាក់ថា ​ខាង​អាជ្ញាធរ​​អគ្គិសនី​​កម្ពុជា​​​ពុំ​មានលទ្ធភាព​អូសបណ្តាញពីអង្គ​តា​សោមមក​ដល់ទីនេះ​ទេ ​តែ​សង្ឃឹមថា ​ដំណាច់ឆ្នាំ​២០១១​នេះ វារីអគ្គិសនី​​​ភ្នំកំចាយ​​សាង​សង់​​រួចរាល់​អាចភ្ជាប់​​​បណ្តាញ​មកដល់​ ដូច្នេះ​ការ​ប្រើប្រាស់​​​គ្រប់គ្រាន់​​លែង​ខ្វះ​ទៀត​​ហើយ ។ ​
ទោះ​បី​ជាបែបណាក្តី រហូតដល់ម៉ោង​១២​ថ្ងៃត្រង់​​​ទោះបី​ខាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ពន្យល់​បែបណា​​ក៏​​ប្រជាពលរដ្ឋ​​មិនទទួល​យក​ដែរ គឺ​​នៅ​តែ​​ទាមទារឱ្យ​តម្លៃភ្លើង​ចុះ​ថោក​​ និង​​មាន​ប្រើ​ប្រាស់​​​គ្រប់គ្រាន់ ៕