រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានរងរបួសធ្ងន់ធ្ងរដោយសារឌុបម៉ូយប៉ះចំចោរប្លន់ ពីនាក់អន្ទងហៅជិះទៅកាន់កន្លែងស្ងាត់ រួចហើយដកពូថៅកាប់ជាច្រើនពូថៅ ប្លន់យកម៉ូតូមួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព ចំណែកជនរងគ្រោះបានស្រែកឱ្យគេជួយបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ភ្លាមៗដែរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ទី៤ សីហា ២០១១ នៅចំណុចផ្លូវលំ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះស៊ីវ ហ៊ីហ៊ុនម៉ុណ្ឌា លីឌ័រ អាយុ២៨ឆ្នាំ ជាគ្រូបង្រៀន និងឆ្លៀតពេលវិស្សមកាលរត់ម៉ូតូឌុប រកប្រាក់ចំណូលខាងក្រៅមានលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រងរបួសចំត្រង់ថ្ពាល់ឆ្វេង ១ពូថៅ កដៃ ឆ្វេង១ពូថៅ គល់ដោះឆ្វេង១ពូថៅ និងទ្រូង១ពូថៅ សរុប៧៧ថ្នេរ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះ បន្ទាន់។ ចំណែកឯម៉ូតូដែលត្រូវចោរប្លន់យកទៅ បាត់នោះម៉ាកឌ្រីម C125 ស៊េរី២០០៨ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ កណ្តាល ៧២៨៤ ដោយឡែកក្រុមចោរប្លន់មានគ្នាពីរនាក់ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយពូថៅដៃ១ ហើយក្រោយពេលប្លន់បានសម្រេច ពួកគេបានជិះគេចខ្លួនទៅបាត់ស្រមោល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅរង់ចាំឌុបម៉ូយ ហើយក៏ត្រូវជនសង្ស័យទាំងពីរនាក់នោះចេញពីម្តុំផ្សារកាណាស៊ីធី សង្កាត់ចោមចៅ ប្រាប់ថា ទៅកាន់រោងចក្រកញ្ចក់ ស្ថិតនៅសង្កាត់ព្រៃស ក្នុងតម្លៃ៨.០០០រៀល ។ លុះពេលធ្វើដំណើរទៅដល់ត្រង់ចំណុចកើតហេតុកន្លែងស្ងាត់ ជនសង្ស័យជាចោរប្លន់បានប្រើល្បិចឱ្យជនរងគ្រោះឈប់រួចដកពូថៅកាប់ប្រហារជាច្រើនពូថៅ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ៕
ចែករំលែកព័តមាននេះ