ប្រទេសស្រីលង្កា៖ អាជ្ញាធរសុខាភិបាលស្រីលង្កាបានប្រកាសប្ដេជ្ញាចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះសាលារៀន ស្ថាប័នរដ្ឋ និងម្ចាស់លំនៅឋានណាដែលបណ្តែតបណ្តោយឱ្យមានដង្កូវទឹក ឬជម្រកមូសខ្លា បន្ទាប់ពីក្រុមការងារចម្រុះបានរកឃើញទីតាំងសង្ស័យជាច្រើន នៅក្នុងយុទ្ធនាការជាតិរយៈពេល ៣ថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៩ ខែមិថុនានេះ។
ត្រឹមថ្ងៃដំបូងនៃប្រតិបត្តិការនេះ មន្ត្រីសុខាភិបាល សហការជាមួយកងកម្លាំងប្រដាប់អាវុធ និងនគរបាល បានចុះត្រួតពិនិត្យ និងបាញ់ថ្នាំមូសនៅតាមទីតាំងផ្សេងៗបានរហូតដល់ទៅជាង ៧០,០០០ កន្លែង នៅក្នុងស្រុកគោលដៅចំនួន ១៤។
យុទ្ធនាការឆ្លើយតបយ៉ាងបន្ទាន់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺគ្រុនឈាមនៅក្នុងប្រទេសស្រីលង្កាបានវាយលុកយ៉ាងខ្លាំង ដោយគិតត្រឹមដើមឆ្នាំ២០២៦ នេះ ចំនួនអ្នកឆ្លងបានហក់ឡើងដល់ ៣៦,១៦៨ ករណី និងបណ្ដាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ២០ នាក់រួចមកហើយ៕
ចែករំលែកព័តមាននេះ