ប្រទេសវៀតណាម៖ យោងតាមសារព័ត៌មាន VNexpress វៀតណាមបាននាំចេញគ្រឿងសមុទ្រទទួលបានប្រាក់ចំណូលរហូតដល់ ៤,៦៧ ពាន់លានដុល្លារអាម៉េរិក នៅក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ នេះ ពោលគឺកើនឡើង ១១% ធៀបនឹងឆ្នាំមុន។
កំណើនដ៏ខ្លាំងក្លានេះ គឺដោយសារតែការបញ្ជាទិញពីទីផ្សារប្រទេសចិន និងហុងកុង បានហក់ឡើងយ៉ាងគំហុករហូតដល់ទៅ ៤០,៥% (ស្មើនឹង ១,២ ពាន់លានដុល្លារ) រួមផ្សំនឹងការកើនឡើងនៃទីផ្សារអាស៊ាន កូរ៉េខាងត្បូង និងជប៉ុនផងដែរ។ ផ្ទុយទៅវិញ ការនាំចេញទៅអាម៉េរិក និងអឺរ៉ុបបានធ្លាក់ចុះ បន្ទាប់ពីរងរបាំងពាណិជ្ជកម្មតឹងរ៉ឹង។
ក្នុងចំណោមទំនិញទាំងអស់ បង្គា និងបង្កងនៅតែជាមុខទំនិញលក់ដាច់ជាងគេបំផុត (រកចំណូលបាន ១,៩ ពាន់លានដុល្លារ) តាមពីក្រោយដោយត្រីប្រា ខណៈត្រីធូណាមានការថយចុះបន្តិច។ ទោះបីជាជួបប្រឈមនឹងការប្រកួតប្រជែងខ្លាំង តម្លៃដឹកជញ្ជូនឡើងថ្លៃ និងការរឹតបន្តឹងស្តង់ដាគុណភាពពីភាគីចិននៅឆមាសទីពីរយ៉ាងណាក្ដី វៀតណាមនៅតែរំពឹងថា ការនាំចេញគ្រឿងសមុទ្ររបស់ខ្លួនអាចនឹងសម្រេចបានតាមគោលដៅ ១២ ពាន់លានដុល្លារនៅឆ្នាំនេះ ប្រសិនបើអាចបត់បែនតាមលក្ខខណ្ឌទីផ្សារបានទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ