ខេត្តស្វាយរៀង ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងស្រុកកំពង់រោទិ៍ កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះធ្វើរដ្ឋបាលបើកចំហ ស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ០៤ទីតាំង នៅក្រុងបាវិតចំនួន ០២ទីតាំង និងស្រុកកំពង់រោទិ៍ចំនួន ០២ទីតាំង ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ៧៨នាក់ ក្នុងនោះមានស្រី០៧នាក់ (ជនជាតិចិន ៥៩នាក់ ស្រី០១នាក់ និងជនជាតិវៀតណាម ១៩នាក់ ស្រី០៦នាក់) ។
ការចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន០៤ទីតាំងខាងលើនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន ៖ កំព្យូទ័រលើតុ All-In-One, កុំព្យូទ័រយួរដៃ, ម៉ូនីទ័រ, ធុងCPU, រថយន្ត, ទូរសព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសៀល បិទទីតាំងបណ្ដោះអាសន្ន ៕



























ចែករំលែកព័តមាននេះ