រាជធានីភ្នំពេញ ៖ យុវជនម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ឯម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារជិះម៉ូតូ១គ្រឿងឌុបគ្នាជ្រុលទៅបុកបង្កាន់ដៃស្ពាន៧មករាពេញទំហឹង ព្រោះតែការបើកបរលឿនពេក។ ក្រោយពេលកើតហេតុ សាកសពត្រូវក្រុមគ្រួសារជួលរថយន្តពេទ្យដឹកទៅធ្វើបុណ្យនៅឯស្រុកកំណើត ចំណែកអ្នករបួសត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ឧបទ្ទវហេតុនោះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៣ សីហា ២០១១ នៅលើស្ពាន៧មករា កំណាត់ផ្លូវជាតិលេខ៣ ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះសាំង តូ អាយុ២០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋានរស្មីពោធិចិនតុង ម្តុំផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌដង្កោ មានស្រុកកំណើត ភូមិច្រនៀងទេ ឃុំកន្ធោរខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត បោកក្បាលនឹងបង្កាន់ដៃស្ពានថ្ម បែកចេញខួរស្លាប់ភ្លាមៗ។ ចំណែកឯម្នាក់ទៀតឈ្មោះ ភី សំរិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ធ្វើការនៅក្នុងភោជនីយដ្ឋានខាងលើ និងមានទីលំនៅភូមិជាមួយគ្នារងរបួសធ្ងន់ធ្ងរ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1D-5861 ឌុបគ្នាក្នុងល្បឿនលឿនពីទិសខាងជើងឆ្ពោះទៅត្បូង ។ លុះទៅដល់ត្រង់ចំណុចកើតហេតុ ជាកន្លែងផ្លូវរាងកោងបន្តិច ធ្វើឱ្យពួកគេបត់មិនទាន់ ក៏បានជ្រុលទៅខាងឆ្វេងដៃបុកបង្កាន់ដៃស្ពាន បណ្តាលឱ្យដួល ហើយជនរងគ្រោះដែលស្លាប់បានហោះផ្លោងចេញពីម៉ូតូបោកក្បាលនឹងបង្កាន់ដៃស្ពាន បែកក្បាលចេញខួរតែម្តង។ សមត្ថកិច្ចបានឱ្យដឹងថា នេះជាលើកទី៥ ហើយដែលមានអ្នកស្លាប់លើស្ពាននេះ ហើយភាគច្រើន គឺដោយសារតែការបើកបរលឿនពេក និងខ្វះការប្រុងប្រយ័ត្ន ៕
ចែករំលែកព័តមាននេះ