រាជធានីភ្នំពេញ ៖ ដោយក្តីអាណិតអាសូរ បន្ទាប់ពីឃើញការចុះផ្សាយរបស់សារព័ត៌មានកោះសន្តិភាពក្នុងលេខថ្ងៃសៅរ៍-អាទិត្យក្រោមចំណងជើងថា «ខឹងឪពុកមិនទិញកុំព្យូទ័រឱ្យនាងលេបថ្នាំសរសៃប្រសាទអស់ជាង២០គ្រាប់ប៉ងសម្លាប់ខ្លួន» លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្តល់អំណោយជាកុំព្យូទ័រថ្មីសន្លាងមួយគ្រឿង និងប្រាក់អមចំនួន៥០មឺុនរៀល។ ពិធីប្រគល់អំណោយដ៏ថ្លៃថ្លានោះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាននាព្រឹកថ្ងៃទី៣ សីហា ។
សូមរំលឹកថា យុវសិស្សឈ្មោះទៀង ស្រីរ័ត្ន អាយុ១៩ឆ្នាំ រស់នៅភូមិអូពឺត សង្កាត់ទួលល្វា ខណ្ឌប៉ៃលិន កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៨ កក្កដា បានលេបថ្នាំសរសៃប្រសាទអស់ជាង២០គ្រាប់ប៉ងសម្លាប់ខ្លួនព្រោះតែខឹងឪពុកមិនទិញកុំព្យូទ័រឱ្យ ប៉ុន្តែត្រូវស្ត្រីជាម្តាយដឹងទាន់នាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបានរួចផុតពីការស្លាប់។
ក្នុងពិធីទទួលអំណោយពីលោកខៀវ កាញារីទ្ធ នាងទៀង ស្រីរ័ត្ន ក៏ដូចជាឪពុកម្តាយមានសេចក្តីត្រេកអរជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្ត្រីដែលមានទឹកចិត្តសប្បុរសធម៌ជួយដល់ក្រុមគ្រួសារពួកគាត់ និងបានថ្លែងអំណរគុណផងដែរដល់សារព័ត៌មានកោះសន្តិភាពដែលបានផ្សព្វផ្សាយព័ត៌មាន នាំឱ្យទទួលបានអំណោយនេះ។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ បានណែនាំដល់យុវតីទៀង ស្រីរ័ត្ន កុំឱ្យគិតរឿងផ្តេសផ្តាសទៀត ត្រូវយកចិត្តទុក
ដាក់ខិតខំរៀនសូត្រដើម្បីអនាគតត្រចះត្រចង់។ ត្រូវធ្វើខ្លួនជាសិស្សល្អរៀនឱ្យបានពូកែដើម្បីចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ ព្រោះថា ចាប់ពីពេលនេះតទៅប្រទេសជាតិត្រូវការអ្នកចេះដឹងពិតប្រាកដ នៅពេលយើងចេះដឹងមិនពិបាករកការងារធ្វើទេ ៕
ចែករំលែកព័តមាននេះ