រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២ និងទី៣ សីហា នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ មានរៀបចំកិច្ចប្រជុំក្រុមឥស្សរជនឆ្នើមអាស៊ាន-ឥណ្ឌាលើកទី១ ដែលដឹកនាំដោយសហប្រធាន គឺលោកបណ្ឌិត កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជនឆ្នើមកម្ពុជាសម្រាប់ក្រុមឥស្សរជនឆ្នើមអាស៊ាន-ឥណ្ឌា ជាមួយលោក Shyam Sarna ដែលជាឥស្សរជនឆ្នើមរបស់ប្រទេសឥណ្ឌា ។
កិច្ចប្រជុំនេះ មានការចូលរួមពីឥស្សរជនឆ្នើមនៃបណ្តាប្រទេសសមាជិកអាស៊ាន និងឥណ្ឌា ហើយនឹងផ្តោលើរបៀបវារៈសំខាន់ៗ រួមមានការណែនាំឱ្យស្គាល់អំពីសមាសភាពឥស្សរជនឆ្នើមនៃបណ្តាប្រទេសសមាជិកអាស៊ាន និងឥណ្ឌា ការផ្លាស់ប្តូរយោបល់លើទិសដៅអនាគតនៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងប្រមូលផ្តុំនូវគំនិតផ្តួចផ្តើមនានាសម្រាប់ពង្រឹង និងពង្រីកដៃគូជាយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាឱ្យកាន់តែរីកចម្រើនរឹងមាំលើវិស័យសន្តិសុខ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលបាននិងកំពុងអនុវត្ត ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌារយៈពេល១៩ឆ្នាំ កន្លងមក និងពិនិត្យមើលពីស្ថានភាពរវាងអាស៊ាន-ឥណ្ឌា ព្រមទាំងផ្តល់អនុសាសន៍លើវិធានការជាក់ស្តែង លើកកម្ពស់ភាពជាដៃគូតាមរយៈការកសាងការទុកចិត្តរវាងគ្នា រួមសុខទុក្ខ និងអះអាងថា ដៃគូចរចាអាស៊ាន-ឥណ្ឌា នៅតែជាសសរស្តម្ភគោលសម្រាប់ឆ្លើយតបនឹងរចនាសម្ព័ន្ធដែលកំពុងវិវត្តតំបន់នាពេលបច្ចុប្បន្ន ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា និងសូមជំរាបជូនផងដែរថា កម្ពុជាជាប្រទេសសម្របសម្រួលអាស៊ាន-ឥណ្ឌាពីឆ្នាំ២០០៩ដល់២០១២ ។
យោងតាមឯកសារគោលរបស់ក្រុមឥស្សរជនឆ្នើមអាស៊ាន-ឥណ្ឌា នឹងជួបប្រជុំយ៉ាងហោចណាស់៤ដង ក្នុងមួយឆ្នាំដែល២ដង នឹងធ្វើនៅប្រទេសសមាជិកអាស៊ាន និង២ដងទៀតធ្វើនៅប្រទេសឥណ្ឌា ។ គួរកត់សម្គាល់ថា ទំនាក់ទំនងដៃគូចរចាអាស៊ាន-ឥណ្ឌា បានចាប់ផ្តើមនៅឆ្នាំ១៩៩២ ហើយឥណ្ឌាបានក្លាយជាដៃគូសន្ធនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំ១៩៩៥ ។ ទំនាក់ទំនងនេះបានបន្តរីកលូតលាស់រហូតដល់កម្រិតកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ-រដ្ឋាភិបាលអាស៊ាន-ឥណ្ឌា កាលពីឆ្នាំ២០០២ ដែលបានធ្វើនៅព្រះរាជាណាចក្រកម្ពុជាកន្លងមក។ ទន្ទឹមនឹងនេះជាលើកដំបូងហើយ ដែលបណ្តាប្រមុខរដ្ឋ-រដ្ឋាភិបាលអាស៊ាន និងឥណ្ឌា បានឯកភាពរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌានៅក្នុងឆ្នាំ២០១២ នៅប្រទេសឥណ្ឌា ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ៕
ចែករំលែកព័តមាននេះ