ខេត្តស្ទឹងត្រែង ៖ សាកសពស្ត្រីម្នាក់ត្រូវគេប្រទះឃើញក្នុងសភាពហើមអណ្តែតទឹកទៅទើរក្បែរច្រាំងចម្ងាយពីស្ពានសេកុងជាង៥០ម៉ែត្រ ។ សពស្ត្រីដែលគេប្រទះឃើញនោះគឺបន្ទាប់ពីបានលិចទូកបាត់កាលពីពីរថ្ងៃមុន។ ពេលលិចទូកនោះមានកូនស្រីម្នាក់ទៀត តែមិនទាន់ប្រទះឃើញសពនៅឡើយទេ ។ ហេតុការណ៍លិចទូកលង់ស្លាប់ម្តាយ និងកូនស្រីនោះត្រូវបានគេប្រាប់ឱ្យដឹងថា ម្តាយនិងកូនជិះទូកជាមួយក្រុមគ្រួសារពីខេត្តស្ទឹងត្រែងទៅផ្ទះរបស់ខ្លួនក៏ជួបប្រទះខ្យល់ព្យុះកណ្តាលទន្លេបណ្តាលឱ្យលិចទូកកាលពីរសៀលថ្ងៃទី៣១ កក្កដា ។
លោកអ៊ុង សុភ័ក្រ នាយប៉ុសិ៍្តសង្កាត់សាមគ្គី ប្រាប់កោះសន្តិភាពថា កាលពីថ្ងៃទី៣១ កក្កដា ឆ្នាំ២០១១ គ្រួសាររងគ្រោះជិះទូកមានគ្នា៤នាក់ចេញពីទីរួមខេត្តស្ទឹងត្រែងទៅផ្ទះរបស់ខ្លួន តែ ដោយលើទូកមានអ័ព្ទក្រាស់ និងមានខ្យល់ព្យុះខណៈមានភ្លៀងធ្លាក់ខ្លាំងមើលអ្វីមិនឃើញនោះក៏សម្រេចត្រឡប់ក្រោយវិញ បណ្តាលឱ្យទូកប៉ះនឹងថ្មលិចតែម្តង ។ ការលិចទូកនោះបាត់ខ្លួនពីរនាក់ម្តាយនិងកូន ឯប្តីនិងអ្នករួមដំណើរម្នាក់ទៀតបានរួចផុតពីការស្លាប់ ។ រហូតដល់ម៉ោង៥ និង៤៥នាទីល្ងាចថ្ងៃទី២ សីហា ទើបគេប្រទះឃើញសាកសពស្ត្រីជាម្តាយអណ្តែត ។
លោកបន្តថា អ្នករងគ្រោះក្នុងហេតុការណ៍នេះមានគ្នា៤នាក់ក្នុងនោះស្លាប់ពីរនាក់ គឺស្ត្រីឈ្មោះប៊ូស ស្រី អាយុ២៣ឆ្នាំ និងកូនស្រីឈ្មោះស្រី លក្ខិណា អាយុ៦ឆ្នាំ ដែលមិនទាន់រកសពឃើញ ។ ចំណែកអ្នករួចរស់ជីវិត គឺបុរសជាប្តីឈ្មោះភឹម រ័ត្ន អាយុ២៨ឆ្នាំ និងឈ្មោះធី ទូច ជាអ្នករួមដំណើរ ។ ជនរងគ្រោះរស់នៅភូមិអ៊ីប៊ុ ឃុំស្តៅ ស្រុកសេសាន បានលិចទូកនៅចំណុចជួរបឹងយ៉ក ក្នុងភូមិសាស្ត្រឃុំស្តៅ ។
ប្រភពព័ត៌មានឱ្យដឹងថា សាកសពស្ត្រីនោះអណ្តែតទៅទើរក្បែរច្រាំងទន្លេ ហើយសមត្ថកិច្ចបានរាយការណ៍ទៅក្រុមគ្រួសារ។ ក្រុមគ្រួសារបានស្នើសុំអាជ្ញាធរបញ្ចុះសពនៅលើមាត់ច្រាំងទន្លេសេកុង តែអាជ្ញាធរមិនយល់ព្រមទេ ដោយឱ្យដឹកតាមទូកយកទៅបញ្ចុះនៅភូមិកំណើត។ ដោយសារតែជួលទូកគេជិះមក ហើយ ម្ចាស់ទូកមិនព្រមឱ្យដាក់សពលើទូក និងស្របពេលមេឃងងឹតទៀតនោះ ទើបក្រុមគ្រួសារសម្រេចចិត្តយកខ្សែពួរចងសពទុកចោលលើទឹករង់ចាំព្រឹកឡើងទើបទៅយកទៅបញ្ចុះ ៕
ចែករំលែកព័តមាននេះ