ទីក្រុងហាណូយ៖ ប្រមុខដឹកនាំកំពូលរបស់វៀតណាម លោកតូឡឹម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វ៊ីលីពីននាសប្ដាហ៍ក្រោយ។ នេះបើយោងតាមការប្រកាសរបស់ប្រទេសហ្វ៊ីលីពីន។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសម្ព័ន្ធភាពនៅក្នុងតំបន់ និងភាពជាដៃគូនៅក្នុងវិស័យសន្តិសុខ។ ប្រធានាធិបតីហ្វ៊ីលីពីន លោកម៉ាកូស នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកតូឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលជាមុខតំណែងមានអំណាចបំផុតនៅវៀតណាម។

លោកនឹងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនាដោយផ្ដោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យពាណិជ្ជកម្ម សន្តិសុខ និងលំហសមុទ្រ។ នេះបើយោងតាមការប្រកាសរបស់ខុទ្ទកាល័យប្រធានាធិបតីហ្វ៊ីលីពីន។ ក្រោមការដឹកនាំរបស់លោកម៉ាកូស ប្រទេសហ្វ៊ីលីពីនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បានខិតខំប្រឹងប្រែងពង្រឹង និងពង្រីកខ្សែបណ្ដាញនៃភាពជាដៃគូផ្នែកសន្តិសុខដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ប្រទេសចិន។

កាលពីខែមេសា ហ្វ៊ីលីពីនរៀបចំការធ្វើសមយុទ្ធយោធាពហុសាសន៍ដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន។ ថ្វីដ្បិតហ្វ៊ីលីពីន និងវៀតណាមមានចំណុចត្រួតស៊ីគ្នានៅលើកោះមួយចំនួននៅសមុទ្រចិនខាងត្បូង (មានន័យអះអាងថាជារបស់ខ្លួនទាំងសងខាង) ប្រទេសទាំង២កម្រនឹងមានជម្លោះជាមួយគ្នាណាស់។ ជួនកាល កងទ័ពជើងទឹករបស់ប្រទេសទាំង២លេងកីឡាជាមួយគ្នានៅលើប្រជុំកោះស្ព្រែតលីដើម្បីបង្ហាញអំពីទំនាក់ទំនងស្អិតល្មួត។

ប្រទេសទាំង២មានទំនាស់ជាមួយប្រទេសចិនដូចគ្នាពាក់ព័ន្ធនឹងជម្លោះបូរណភាពទឹកដីនៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែនយោបាយ និងយុទ្ធសាស្ត្រក្នុងការទប់ទល់ និងដោះស្រាយផ្សេងគ្នា។ ផ្ទុយពីហ្វ៊ីលីពីនដែលចងសម្ព័ន្ធមិត្តជាមួយអាមេរិកដើម្បីឱ្យអាមេរិកការពារខ្លួន។ វៀតណាមមិនចង់លេងល្បែងឱ្យមហាអំណាចយកខ្លួនធ្វើជាកូនអុកទេ។ វៀតណាមដើរនយោបាយចាក់ខ្សែ។ មិនថាចិន រុស្ស៊ី និងអាមេរិកទេ វៀតណាមរក្សាទំនាក់ទំនងល្អជាមួយគ្នាទាំងអស់ ប៉ុន្តែមិនចូលទៅខាងមហាអំណាចណាផ្ដាច់មុខឡើយ។

មុននឹងទៅហ្វ៊ីលីពីន លោកតូឡឹមឆ្លៀតឆៀងចូលប្រទេសថៃសិននៅរសៀលថ្ងៃពុធដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ។ បន្ទាប់មក លោកនឹងបន្តដំណើរទៅសិង្ហបុរីនៅថ្ងៃសុក្រដើម្បីឡើងថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងកិច្ចប្រជុំសាំងគ្រីឡា (Shangri-La) ស្ដីពីវិស័យសន្តិសុខ។ លោកធ្លាប់ជួបប្រធានាធិបតីចិនកាលពីខែមេសា។ នោះជាដំណើរទស្សនកិច្ចទី១ចាប់តាំងពីលោកត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានរដ្ឋ ហើយធ្វើឱ្យលោកក្លាយជាមេដឹកនាំដ៏មានអំណាចបំផុតនៅវៀតណាមនៅក្នុងរយៈពេលជាច្រើនទសវត្សចុងក្រោយ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ