ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ឡន​ម៉ាស់​ចោទ​ថា​រដ្ឋ​បាល​លោក​ត្រាំ​ប្រើ​សេវា​អ៊ីន​ធឺណិត​របស់​លោក​សម្រាប់​វិស័យ​យោធា​ខុស​កិច្ច​សន្យា

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ លោក​អ៊ីឡន​ម៉ាស់​ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​សេវា​អ៊ីន​ធឺណិត​ស្តា​លីង (Starlink) កាល​ពី​យប់​មិញ​​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ធ្វើ​ខុស​ពី​កិច្ច​សន្យា​រវាង​​​ក្រុម​ហ៊ុន​របស់​លោក​ ជា​មួយ​​​មន្ទីរ​បញ្ច​កោណ។ លោក​ម៉ាស់​​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ធ្វើ​ខុស​ពី​លក្ខ​ខណ្ឌ​នៅ​ក្នុង​កិច្ច​សន្យា​។ លោក​ចោទ​ថា​ក្រសួង​នេះ​ប្រើ​ប្រាស់​សេវា​អ៊ីន​ធឺណិត​ស្តាលីង​នៅ​ពេល​យោធា​អាមេរិក​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ឡើង​ៗ​ទៅ​លើ​ក្រុម​ហ៊ុន​​ និង​ផលិត​ផល​ខាង​ក្រៅ​​។ ជា​ពិសេស​ ផលិត​ផល​របស់​ក្រុម​ហ៊ុន​លោក​។

លោក​ម៉ាស់​អះ​អាង​ថា​​សេវា​អ៊ីនធឺណិត​ស្តាលីង​ដែល​ដាក់​ឱ្យ​ដំណើរ​ការ​សម្រាប់​វិស័យ​ស៊ីវិល​ត្រូវ​ពួក​គេ​ (មន្ទីរ​បញ្ចកោណ) ប្រើ​ប្រាស់​សម្រាប់​វិស័យ​យោធា​។ លោក​ចាត់​ទុក​ថា​នេះ​ជា​ការ​រំលោភ​ដោយ​ផ្ទាល់​ទៅ​លើ​លក្ខ​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​។ ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រដែល​បាន​ទាក់​ទង​ទៅ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​​មិន​បញ្ចេញ​ឈ្មោះ និង​​ដែល​បាន​ឆែក​មើល​ឯក​សារ​សម្ងាត់​ផ្ទៃ​ក្នុង​របស់​មន្ទីរ​បញ្ច​កោណ រដ្ឋាភិបាល​អាមេរិក​ និង​ក្រុម​ហ៊ុន​ស្ពេស​អ៊ិច​ (ដែល​ជា​ម្ចាស់​ស្តាលីង) និយាយ​មិន​ត្រូវ​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​ដំឡើង​ថ្លៃ​សេវា​នោះ​ទេ​។

ក្រុមហ៊ុន​របស់​លោក​ម៉ាស់​យល់​ថាចាំ​បាច់​​ត្រូវ​តែ​ដំឡើង​ថ្លៃ​ព្រោះ​មន្ទីរ​បញ្ចកោណ​បាន​ឯក​ភាព​ទទួល​យក​ការ​ផ្ដល់​សេវា​សម្រាប់​កញ្ចប់​ប្រើ​ប្រាស់​នៅ​ក្នុង​ចំណោម​ជន​ស៊ីវិល​។ ទន្ទឹម​នឹង​​នោះ លោក​ចោទ​ថា​មន្ទីរ​បញ្ច​កោណ​ប្រើ​សេវា​អ៊ីន​ធឺណិត​របស់​លោក​សម្រាប់​ប្រតិ​បត្តិ​ការ​សឹក​នៅ​អ៊ីរ៉ង់​ទៅ​វិញ​។ ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​ម៉ាស់​ដូច​ខាង​លើ​នេះ មន្ទីរ​បញ្ច​កោណ​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​ញូស្វីក​ (Newsweek) ថា​ក្រសួង​ការ​ពារ​ជាតិ​ប្ដេជ្ញា​អនុវត្ត​តាម​ស្ថាន​ភាព​ប្រកួត​ប្រជែង​នៃ​កិច្ច​ទំនាក់​ទំនង​តាម​បណ្ដាញ​ផ្កាយ​រណប​។ ក្នុង​នោះ​រួម​ទាំង​ជម្រើស​បន្ថែម​ដែល​ផ្ដល់​សេវា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ពី​ម្ចាស់​ក្រុម​ហ៊ុន​។

អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ផង​ដែរ​។ លោក​​ថ្កោល​ទោស​អត្ថ​បទ​​ចុះ​ផ្សាយ​របស់​រ៉យ​ទ័រ​។ លោក​ថា​ក្រុម​ហ៊ុន​ស្ពេស​អ៊ិច​នៅ​តែ​ជា​ដៃ​គូ​ដ៏​រឹង​មាំ និង​ដ៏​មាន​តម្លៃ​ (របស់​មន្ទី​បញ្ចកោណ)។ ចំណុច​ដែល​គួរ​ដឹង​អំពី​ការ​ផ្ដល់​សេវា​ស្តាលីង​សម្រាប់​មន្ទីរ​បញ្ចកោណ​គឺ​ថា​ក្រុម​ហ៊ុន​ស្ពេស​អ៊ិច​លក់​កញ្ចប់​សេវា​ពិសេស​សម្រាប់​វិស័យ​យោធា​ដែល​មាន​ឈ្មោះ​ថា​ «ស្តា​ស៊ីល» (Starshield) ដែល​រ៉យ​ទ័រ​ផ្សាយ​ថា​មន្ទីរ​បញ្ចកោណ​បាន​សម្រេច​ជ្រើស​រើស​កញ្ចប់​សេវា​នេះ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០២៣​៕ ប្រភព៖ Newsweek